អន្តរជាតិ
ព្រះអង្គ Haitham bin Tariq ឡើង​គ្រងរាជ្យ​ជា​ស្តេច​ថ្មី​របស់​អូ​ម៉​ង់
11, Jan 2020 , 4:19 pm        
រូបភាព
ព្រះមហាក្សត្រអូម៉ង់ថ្មីHaitham bin Tariq។ រូបភាព៖ AP
ព្រះមហាក្សត្រអូម៉ង់ថ្មីHaitham bin Tariq។ រូបភាព៖ AP
​អតីតរដ្ឋមន្ត្រី​វប្បធម៌​អូ​ម៉​ង់ Haitham bin Tariq បានធ្វើ​សច្ចាប្រណិធាន​នា​ព្រឹក​ថ្ងៃទី​១១ ខែមករា ដើម្បី​ឡើង​គ្រងរាជ្យ​ជា​ស្តេច​អូ​ម៉​ង់​ថ្មី បន្ទាប់ពី​ស្តេច​ស៊ុ​លត​ង់​កា​ប៊ូ​ស ប៊ី​ន សា​អ៊ី​ដ (Qaboos bin Said) បាន​សោយ​ទិវង្គត នៅ​ថ្ងៃទី​១០ ខែមករា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អូ​ម៉​ង់​ចំនួន​ពីរ គឺ al-Watan និង al-Roya​។



Haitham bin Tariq អតីតរដ្ឋមន្ត្រី​វប្បធម៌​អូ​ម៉​ង់​មាន​វ័យ​៦៥​ឆ្នាំ បាន​ស្បថ​ចូលកាន់​តំណែង​ជា មហាក្សត្រ​អូ​ម៉​ង់​ថ្មី​នៅ​ថ្ងៃទី ១១ ខែមករា​។ បើតាម Twitter រដ្ឋាភិបាល​អូ​ម៉​ង់ Haitham bin Tariq ត្រូវ​ឡើង​គ្រងរាជ្យ​ជា​ព្រះមហាក្សត្រ​ថ្មី បន្ទាប់ពី​ជំនួប​របស់​ក្រុមគ្រួសារ​រាជវង្ស​។
 
​ជាការ​ពិត រដ្ឋធម្មនុញ្ញ​អូ​ម៉​ង់ បាន​ចែងថា អ្នក​ស្នង​តំណែង​ជា​ព្រះមហាក្សត្រ​ថ្មី​របស់​អូ​ម៉​ង់ ត្រូវតែ​តែងតាំង​ដោយ​គ្រួសារ​រាជ្យ​វង្ស​ក្នុង​រយៈពេល ៣​ថ្ងៃ ដែល​ព្រះរាជ​បល្ល័ង្ក​នៅ​ទំនេរ​។ ជាពិសេស ស្តេច​ស៊ុ​ល​តង់​ថ្មី ត្រូវតែ​ជា​ក្រុមគ្រួសារ​រាជវង្ស ដែល​ប្រតិបត្តិ​សាសនា​ឥស្លាម ចាស់ទុំ ចេះ​គិតពិចារណា និង​មាន​ព្រះ​មាតាបិតា​ជា​ជនជាតិ​អូ​ម៉​ង់​ស្របច្បាប់​។ 
 
​សូមបញ្ជាក់ថា មហាក្សត្រ​អូ​ម៉​ង់ ស៊ុ​លត​ង់​កា​ប៊ូ​ស ប៊ី​ន សា​អ៊ី​ដ (Qaboos bin Said) បាន​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម​៧៩​វស្សា នៅ​ថ្ងៃទី​១០ ខែមករា​។ ស៊ុ​លត​ង់​កា​ប៊ូ​ស បាន​គ្រងរាជ្យសម្បត្តិ​តាំងពី​១៩៧០​មក ពេលដែល​ទ្រង់​បានធ្វើ​រដ្ឋប្រហារ​មិន​បង្ហូរឈាម​មួយ ដើម្បី​ទម្លាក់​បិតា​របស់​ទ្រង់​ចេញពី​បល្ល័ង្ក​។ រយៈពេល​ចុងក្រោយ ព្រះ​សុខភាព​របស់​ទ្រង់ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​តែង​ធ្វើដំណើរ​ទៅកាន់​បែលហ្ស៊ិក​ដើម្បី​ព្យាបាល​ព្រះរោគ​មហារីក​៕
 

Tag:
 អូ​ម៉​ង់
© រក្សាសិទ្ធិដោយ thmeythmey.com