ONE Championship
កីឡាអន្តរជាតិ
​ខុន ស៊ី​ចាន់ ប៉ះ​ម្ចាស់ផ្ទះ Eko Roni នៅ​សង្វៀន ONE ក្រុង​ហ្សា​ការ​តា​
12, Jan 2020 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​កីឡាករ​គុន​ចម្រុះ  ខុន ស៊ី​ចាន់ បើកឆាក​ឆ្នាំ​ថ្មី​២០២០ ដោយ​ត្រូវ​តទល់​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី Eko Roni Saputra នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ក្នុង​កម្មវិធី ONE: WARRIOR’S CODE ដែល​រៀបចំ​នៅ​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។ នេះ​ជាការ​បើក​ទំព័រ​ដើមឆ្នាំ​របស់ ស៊ី​ចាន់ បន្ទាប់ពី​រង​បរាជ័យ​ត្រឹម​ទឹក​ទី​១ ពីរលើក​ជាប់​គ្នា​កាល​ឆ្នាំ ២០១៩​។


 
​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge  ឆ្នាំ ២០១៣ ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian ត្រឹម​ទឹក​ទី​១ កាល​ខែ កុម្ភៈ ក្នុង​កម្មវិធី ONE : CALL TO GREATNESS និង បន្ត​ចាញ់​សន្លប់​ដោយ​ក្បាច់​ឃ្លេ ក្រោម​ថ្វីដៃ​កីឡាករ​ឥណ្ឌា Roshan Mainam ត្រឹម​ទឹក​ទី​១ ដូចគ្នា​កាល​ដើមខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ​។ 


 
​បែបណា​ក្ដី​មុន​ជួប Eko Roni Saputra ដែលជា​កីឡាករ​ជម្រើសជាតិ​ផ្នែក​ចំបាប់​របស់​ឥណ្ឌូណេស៊ី កីឡាករ​ជើងចាស់ ខុន ស៊ី​ចាន់ បាន​បញ្ចេញ​ទស្សនៈ​បែបនេះ​៖«​ខ្ញុំ​បាន​មើល​វីដេអូ​របស់ Eko Roni ខ្ញុំ​បានដឹង​ចំណុចខ្សោយ​ច្រើន​ដែរ ព្រោះ​ការ​ឈរ​វ៉ៃ​រាង​ស្ទើរ ក្បាច់​ឃ្លេ​គេ​នៅ​ស្ទើរ​ដែរ ប៉ុន្តែ អ្វីដែល​ល្អ​សម្រាប់​គេ គឺ​កម្លាំង​គេ​ខ្លាំង ការចាប់​បោក​ល្អ និង​ការបោក​ហើយ​ឡើង​ជិះ​ពីលើ​ក៏​ល្អ​ដែរ​»​។  


 
Eko Roni Saputra គឺជា​ម្ចាស់​ជើងឯក​ច្រើន​សម័យ​ក្នុងការ​ប្រកួត​ជើងឯក​ចំបាប់​ថ្នាក់ជាតិ ឬ ហៅថា Indonesian National Wrestling Champion​។ កីឡាករ​រូបនេះ​ចូល​ហ្វឹកហាត់​ប្រដាល់​តាំងពី​អាយុ ៥ ឆ្នាំ មុនពេល​ប្ដូរ​មក​ហត់​ក្បាច់​ចំបាប់​តាម​ការបង្ហាញ​ផ្លូវ​រប​ស់​ឪពុកម្ដាយ​។ ហើយ​រូបគេ​ក៏​ធ្លាប់​ឈ្នះ​មេដាយប្រាក់ និង សំរឹទ្ធ ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ផងដែរ មុនពេល​ចុះកិច្ចសន្យា​ប្រកួត​ឲ្យ ONE Championship​។ ក្នុងការ​ប្រកួត​ពីរដង​កន្លងមក​នៅ​សង្វៀន ONE កីឡាករ​មកពី​ក្លិប Evolve MMA ឈ្នះ ១ ដង និង ចាញ់ ១​ដង​។ Eko Roni ចាញ់ Nico Soe កាល​ខែ មេសា ឆ្នាំ ២០១៩ ក្នុង​កម្មវិធី ONE: ROOTS OF HONOR មុនពេល​ឈ្នះ កីឡាករ​ហ្វីលីពីន Kaji Ebin ក្នុង​កម្មវិធី ONE: DOWN OF VALOR កាល​ខែតុលា ឆ្នាំ ២០១៩​។ 
 
​ទោះជា​បែបណាក៏ដោយ កីឡាករ​វ័យ​ចំណាស់​កម្ពុជា​ដែល​សម្បូរ​បទពិសោធន៍ នឹង​តស៊ូ​ដើម្បី​ស្តារ​កិត្តិយស​មកវិញ​ក្រោយ​រង​បរាជ័យ​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ​មួយ​នេះ​។ កូនសិស្សលោក Alan Mccune គូសបញ្ជាក់ថា​៖«​ខ្ញុំ​សង្ឃឹម​ឈ្នះ​ព្រោះ គាត់​មិនសូវមាន​បទពិសោធន៍​ដូច​គូប្រកួត​មុនៗ​ទេ ហើយ​ក្បាច់​ឃ្លេ​របស់គាត់ ក៏​មិនល្អ​ដូច​កីឡាករ​ដែល​ខ្ញុំ​ធ្លាប់​ជួប​ពីមុន​ដែរ​»​។ 
​កីឡាករ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​រៀនសូត្រ​ច្រើន​នៅ​ឆ្នាំ​ចាស់ និង​មិន​ចង់​ឲ្យ​រឿងរ៉ាវ​អាក្រក់​នេះ​ធ្លាក់​មកជា​ថ្មី​ឡើយ​។  ទោះបី​នៅ​ជាមួយ​គ្រួសារ​ឯ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ ស៊ី​ចាន់ ប្រឹង​ហ្វឹកហាត់​ជាប្រចាំ​ដែរ​ដើម្បី​រង់ចាំ​ការប្រកួត​នៅ​ឆ្នាំ​ថ្មី​។ 
 
​ស៊ី​ចាន់ នឹង​ឡើងមក​ហ្វឹកហាត់​នៅ​ភ្នំពេញ ដើម្បី​ត្រៀម​ប្រកួត​នា​ថ្ងៃទី​១០ មករា​។ គេ​នឹង​ហ្វឹក​ហាត់គុន​ចម្រុះ ចំបាប់ និង ជឺ​ជិត​ស៊ូ ជាមួយ​គ្រូបង្វឹក Fernando Salvador កម្រិត​ខ្សែក្រវាត់​ខ្មៅ​ជឺ​ជិត​ស៊ី ៣ ដាន់ និង គ្រូបង្វឹក​ជឺ​ជិត​ស៊ូ​មកពី​អាមេរិក Chris kennedy»​។ ក្នុងនោះ​រូបគេ​ហ្វឹកហាត់​ប្រដាល់​នៅ​ក្លិប ពុទ្ធ​សេរី​វង្ស ម្ដុំ​ចម្ការ​ដូង​។ មុន​ហាត់​ត្រៀម​ទៅ​ប្រកួត​នៅ ONE Championship ស៊ី​ចាន់ ត្រូវ​ប្រកួត​ទល់នឹង លឺ​ម នួន មក​ក្លិប​ឆត្រយោង​៩១១ នៅ​ស្ថានីយទូរទស្សន៍​ថោ​ន​នា​ថ្ងៃទី ១២ មករា ដែលជា​ការប្រកួត​កម្ដៅ​សាច់ដុំ​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com