ជាតិ
២៥ខេត្ត/រាជធានី
អ្នក​ដាំ​ត្រកួន​និង​កញ្ឆែត​នៅ​បឹង​ជើងឯក បារម្ភ​បាត់បង់​មុខរបរ​ដោយ​ការ​លុប​បឹង​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​
12, Jan 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ កសិករ​ដែល​ប្រកប​របរ​ដាំ​ត្រកួន​និង​កញ្ឆែត​នៅ​ជើងឯក បានផ្តល់​ផល​ឲ្យ​ពួកគាត់​អាច​រស់​នៅបាន​សមរម្យ និង​គ្រួសារ​ខ្លះ​អាច​ផ្គង់​ផ្គង់​ការសិក្សា​របស់​កូន​ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ​ទៀតផង​។ បឹង​ដ៏​ធំ​ប្រប​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​នេះ ជា​តំបន់​ទីក្រុង​រណ​ថ្មី​មួយ​ដែលមាន​គ្រោង​ជាច្រើន​កំពុង​សាងសង់​និង​កំពុង​បូ​បខ្សា​ច់លុប​បឹង​ដើម្បី​បន្ត​ការអភិវឌ្ឍ​។ ប្រសិនបើ បឹង​នេះ​ត្រូវបាន​លុប​ដល់ទី​តាំង​ដែល​កសិករ​កំពុង​ប្រប​មុខរបរ អាច​ប្រឈម​នឹង​ប៉ះពាល់​ជីវភាព​ប្រចាំថ្ងៃ និង​ការសិក្សា​របស់​កូន​ពួកគាត់​ទៀតផង​។​



​សូម​អញ្ជើញ​ទស្សនា​បទ​យកការណ៍​ដែល​ផលិត​ដោយ​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey.com) ដូចតទៅ​៖
 

នៅតាម​បណ្តោយ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ហៅថា ផ្លូវ​៦០​ម៉ែត្រ ជា​តំបន់​ទីក្រុង​រណប​ថ្មី​មួយ​ដែល​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​លឿន ដោយមាន​ទាំង​វិនិយោគ​គិ​ន​ខ្មែរ​និង​បរទេស​។ ទីក្រុង​រណប​នេះ ក៏​ស្ថិតនៅ​តំបន់​បឹងទំពុន​និង​បឹង​ជើងឯក​ផងដែរ ដែល​រួម​គម្រោង​សាងសង់​ផ្សារ​ទំនើប​, លំនៅឋាន វីឡា​ដ៏​ស្កឹមស្កៃ​, ខន​ដូ​ខ្ពស់ៗ និង​សំណង់​អាគារ​ជាច្រើន​ទៀត​។ ស្របពេល​នៃ​ដំណើរការ​អភិវឌ្ឍ​ន៍ទី​ក្រុង​រណប​នេះ មាន​គម្រោង​សាងសង់​មួយចំនួន​កំពុង​ចាក់ដី​ខ្សាច់​លុប​បឹង បានធ្វើ​ឲ្យ​ប្រជាកសិករ​ដែល​ជួល​ដី​បឹង​នៅ​តំបន់​នោះ​សម្រាប់​ដាំ​ត្រកួន​និង​កញ្ឆែត កំពុង​ព្រួយបារម្ភ​ពី​ការបាត់បង់​មុខរបរ​ប្រចាំថ្ងៃ​របស់ខ្លួន​។  
 
​នា​ព្រឹក​ព្រលឹម​កសិករ​ជាច្រើន​នាក់ កំពុង​មមាញឹក​ក្នុងការ​ប្រមូល​ផល​ត្រកួន​និង​កញ្ឆែត ដើម្បី​យកទៅ​បោះ​ឲ្យ​ម៉ូយ​នៅ​ទីផ្សារ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងចំណោម​កសិករ​ទាំង​នោះ​អ្នកស្រី អាន សុ​ឃីម ដែល​កំពុង​រៀប​កញ្ឆែត​ដាក់​លើ​រ៉ឺម៉ក ដើម្បី​យក​លក់​នៅ​ផ្សារ​នាគ​មាស បានបង្ហាញ​ការបារម្ភ​ពី​ការបាត់បង់​របរ​រប​ស់​ខ្លួន ខណៈ​អ្នកស្រី​មើលឃើញថា តំបន់​ជុំវិញ​បឹង​ជើងឯក​នេះ​កំពុង​ត្រូវបាន​គេ​ចាក់ដី​ខ្សាច់​លុប​ជា​បណ្ដើរៗ​ហើយ​។ «​ព្រួយ​បារ​ម្ម​ថា ពីមុន​យើង​ធ្លាប់​រក​ធ្លាប់​ដាំ​(​ត្រកួន​និង​កញ្ឆែត​)​នៅ​កន្លែង​ហ្នឹង យើង​ហត់​ក៏ពិតមែន​ប ប៉ុន្តែ វា​បាន​ផល​បាន​លុយ​ចាយ​ភ្លាម អត់​ដូច​យើង​ធ្វើការ​រោងចក្រ ធ្វើការ​សំណង់​ដល់​អាទិត្យ​ដល់​ខែ​អី​បាន​គេ​បើក​លុយ​។ ចំណែក​បឹង​យើង​នេះ យើង​រក​ភ្លាម​គឺ​បាន​លុយ​ភ្លាមៗ គឺ​វា​ស្រួល​ជាង​។  កសិករ​វ័យ​៣៣​ឆ្នាំ សុ​ឃីម​ដែល​ជួល​ដី​បឹង​គេ​ដាំ​ត្រកួន​និង​កញ្ឆែត​នៅ​បឹង​ជើងឯក បារម្ភ​ពី​ការបាត់បង់​ចំណូល​ប្រចាំថ្ងៃ​យ៉ាង​ដូច្នេះ ខណៈដែល​អ្នកស្រី​អាច​រកចំណូលបាន​ចន្លោះ​ពី​៨​ទៅ​១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ មិនយូរ​មិនឆាប់​គ្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​នេះ នឹង​បូម​ខ្សាច់​ចាក់​ដល់​កន្លែង​ដែល​កសិករ អាន សុខ​ឃីម កំពុង​ដាំ​ត្រកួន​និង​កញ្ឆែត​ចិញ្ចឹម​ជីវភាព​ប្រចាំថ្ងៃ​។ បើ​ទោះ​ប្រឈម​នឹង​បាត់បង់​មុខរបរ​ដោយសារ​ការ​លុប​បឹង​ក៏ពិតមែន តែ​អ្នកស្រី​មិនទាន់​ដឹងថា​ខ្លួន​ត្រូវ​ប្តូរ​មុខរបរ​ឬ​យ៉ាងណា​នៅឡើយ​ទេ​។ «​ភ័យ​ចេះតែ​ភ័យ​ហើយ តែ​មិនដឹង​ធ្វើ​មិច​ប្រទេស​អភិវឌ្ឍន៍ គេ​ត្រូវការ​លុប​បឹង​ដើម្បី​អភិវឌ្ឍន៍ តាម​ហ្នឹង​ទៅ​»​។​
 
«​របរ​ដាំ​ត្រកួន​និង​កញ្ឆែត​នេះ ខ្ញុំ​ប្រកប​តាំងពីដើម​មកហើយ អី​ចី​ង​ខ្ញុំ​អត់​អាច​ទៅ​ចាប់​អាជីព​ផ្សេង​បានទេ  ខ្ញុំ​មាន​បទពិសោធ​ជាមួយ​របរ​ដាំ​ត្រកួន​កញ្ឆែត​យូរហើយ​»​។  នេះ​គឺជា​ក្តីបារម្ភ​របស់​កសិករ​ដែល​ដាំ​ក្រ​កួន​និង​កញ្ឆែត​នៅ​បឹង​ជើងឯក​ម្នាក់ទៀត គឺ​លោក អ៊ុំ ណា​រី ។ លោក ណា​រី បារម្ភ​ពី​ការបាត់បង់​មុខរបរ​របស់ខ្លួន ក្រោយ​ពេលដែល​គេ​លុប​បឹង​ដល់​កន្លែង​ដាំ​ត្រកួន​និង​កញ្ឆែត​របស់លោក ខណៈដែល​របរ​នេះ អនុញ្ញាត​ឲ្យ​កសិករ​វ័យ​៤៧​ឆ្នាំ​ដែលមាន​កូន​៤​នាក់ រូបនេះ អាច​ឲ្យ​កូនស្រី​ច្បង​រៀន​រហូត​បញ្ចប់​ថ្នាក់​បរិ​ញ្ញា​ផ្នែក​ធនាគារ​។ កសិករ អ៊ុំ ណា​រី កាន់តែ​បារម្ភ​ដោយ​មិនមាន​លទ្ធភាព​ឲ្យ​កូនប្រុស​ស្រី​៣​នាក់​ទៀត​អាច​រៀន​ចប់​បាន ព្រោះ​លោក​មិនដឹង​ទៅ​ចាប់យក​របរ​អ្វី​ផ្សែង​ឡើយ ប្រសិនបើ គេ​លុប​បឹង​ដែលជា​ប្រភព​ចំណូល​នេះ​ទៅ​។ លោក ណា​រី បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖«​ប្រសិនជា បាត់បង់​របរ​ដាំ​ត្រកួន​កញ្ឆែត​ទៅ គឺ​បញ្ហា​ប្រឈម​ច្រើន គឺ​ខ្ញុំ​អត់​ដឹង​ចាប់​មុខរបរ​អី​ទៀត ហើយ​ជាពិសេស​កូន​ខ្ញុំ​កំពុង​ជិត​ប្រលង​បាក់​ឌុប​ម្នាក់ ទៀត អីចឹង​ខ្ញុំ​ត្រូវការ​ប្រាក់​ច្រើន​»​។​
 
​កំពុង​អង្គុយ​ជួសជុល​ទូក​នៅ​មាត់បឹង​ជើងឯក​លោក ហោ សៀង ជា​អ្នក​ដាំ​ត្រកួន​និង​កញ្ឆែត​រយៈពេល​៦​ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ចុងឆ្នាំ​២០១៩ ថា កន្លងមក​លោក​បានរ​ក​មើល​កន្លែង​ផ្សែង ដើម្បី​ដាំ​ត្រកួន​និង​កញ្ឆែត​ដែរ ប៉ុន្តែ នៅ​តប​ន់​ជិតៗ​ភ្នំពេញ​នេះ មិនមាន​បឹង​ណា​អាច​ដាំ​ត្រកួន​និង​កញ្ឆែត​ដូច​បឹង​ជើងឯក​នេះ​ទេ ព្រោះ​បឹង​នេះ​មានទឹក​ហូរ​ចេញចូល​។ «​បើ​គេ​លុប​បឹង អត់​ដឹង​ទៅរក​ណា​ដែរ ព្រោះ​អត់​មាន​បឹង​អី​ណា​ទៀតផង​។ ឥលូវ​អត់​ទាន់​គិតថា ធ្វើ​អ្វី​ទេ ពីព្រោះ​ធ្លាប់​ដាំ​ត្រកួន​និង​កញ្ឆែត​តាំងពីដើម​មកហើយ មិន​ចង់​ឲ្យ​គេ​លុប​បឹង​នេះ​ទេ យើង​រស់​នៅមាន​ត្រី មាន​បន្លែ​នៅ​ជុំវិញ​បឹង​ស្រួល​រស់នៅ​»​។​
 
​មិន​ត្រឹមតែ​អ្នក​ដាំ​ត្រកួន​និង​កញ្ឆែត​ដែល​កំពុង​បារម្ភ​ពី​ការបាត់បង់​របរ​រប​ស់​ខ្លួន​នោះទេ តែ​អ្នកស្រី ច​ន សួន ជា​អ្នកស៊ីឈ្នួល​កាត់​កញ្ឆែត ក៏​បារម្ភ​ពី​ការបាត់បង់​របរ​រប​ស់​អ្នកស្រី​ផងដែរ​។ អ្នកស្រី​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​មួយថ្ងៃ​អ្នកស្រី​និង​ស្វាមី អាច​រកចំណូលបាន​៦​ម៉ឺន​រៀល ដែល​ចំណូល​នេះ​អាច​សមល្មម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ប្រសិនបើ គេ​លុប​បឹង​នេះ​អ្នកស្រី​បារម្ភ​ខ្លាច​របរ​ផ្សេង​មិនអាច​រកចំណូលបាន​ដូច​របរ​នេះ​។ កសិករ​វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ប្រសិន​គេ​លុប​បឹង​ទៅ ខ្ញុំ​មានតែ​ចូល​រោច​ចក្រ តែ​ចំណូល​រក​អត់​ដូច​ពេល​យើង​បេះ​កញ្ឆែត ព្រោះ​បេះ​កញ្ឆែត​ដឹង​តែ​ចំណូល​ចូល​រាល់ថ្ងៃ ហើយ​ពេល​ថ្ងៃ យើង​មាន​ពេល​មើល​កូន ឬ​មាន​ការងារ​អ្វី​ផ្សេង យើង​អាច​ធ្វើបាន​។ តែបើ​ចូល​រោងចក្រ គេ​គិតដល់​ខែ​បាន​បើក​លុយ អីចឹង​ចាយ​អត់​គ្រប់គ្រាន់​ទេ​»​។​
 
​សូមបញ្ជាក់ថា នៅ​តំបន់​បឹងទំពុន​និង​បឹង​ជើងឯក​នេះ ជាទី​តាំង​អំណោយផល​បំផុត និង​ជា​បឹង​ធំជាងគេ​ដែល​កសិករ​នាំគ្នា​ជួល​ដី​បឹង​ពី​ឯកជន ដើម្បី​ដាំ​ត្រកួន​និង​កញ្ឆែត​បោះ​ឲ្យ​ម៉ូយ​ដុំ​នៅ​ផ្សារ​ដើម​គរ​និង​ផ្សារ​នាគ​មាស​។ គ្រួសារ​កសិករ​មួយចំនួន​បាន​ប្រកបមុខរបរ​ដាំ​បន្លែ​និង​កញ្ឆែត​នៅលើ​បឹង​នេះ​រហូតដល់​ទៅ​១០- ២០​ឆ្នាំ​មកហើយ​។ មុខរបរ​នេះ​បាន​អនុ​ញ្ញា​ឲ្យ​ពួកគាត់​រស់នៅ​បាន​សម​រម្យ និង​ខ្លះទៀត​បាន​ផ្គត់ផ្គង់​ការសិក្សា​របស់​កូន​ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផងដែរ​។ បច្ចុប្បន្ន ផ្នែក​មួយចំនួន​នៃ​បឹងទំពុន​និង​បឹង​ជើងឯក ត្រូវបាន​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​ទៅជា​ទីក្រុង​រណប ដែល​គម្រោង​សាងសង់​ផ្សារ​ទំនើប​, លំនៅឋាន វីឡា​ដ៏​ស្កឹមស្កៃ​, ខន​ដូ​ខ្ពស់ៗ និង​សំណង់​អាគារ​ជាច្រើន​ទៀត​៕
 

Tag:
 របរ​
  ត្រកួន​
  កញ្ឆែត​
  បឹង​ជើងឯក​
 
© រក្សាសិទ្ធិដោយ thmeythmey.com