ជាតិ
អគ្គនាយក​កសិកម្ម ធានា​បន្លែ​ដាំ​នៅ​កម្ពុជា គ្មាន​សំណល់​ថ្នាំពុល​កសិកម្ម​ឡើយ​
11, Jan 2020 , 5:29 pm        
រូបភាព
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាអធិបតីភាព នៃសិក្ខាសាលាវិភាគសំណល់ថ្នាំពុលកសិកម្ម ។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាអធិបតីភាព នៃសិក្ខាសាលាវិភាគសំណល់ថ្នាំពុលកសិកម្ម ។
​ភ្នំពេញ​៖ បន្លែ​ដែល​ដាំ​ដុះ​នៅក្នុង​ដី​កម្ពុជា គឺជា​បន្លែ​សុវត្ថិភាព និង​គ្មាន​សំណល់ ថ្នាំពុល​កសិកម្ម​ណាមួយ ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ឡើយ​។ នេះ​ជាការ​អះអាង​របស់លោក ងិន ឆាយ អគ្គនាយក​នៃ​នាយកដ្ឋាន​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ការអះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា យក​សំណាក​បន្លែ ចំនួន​៥០​ទៅ​វិភាគ​រក​សំណល់​ថ្នាំ​កសិកម្ម នៅ​មន្ទីរពិសោធន៍​ដែល​ទទួលស្គាល់​អន្តរជាតិ​នៅ​ប្រទេស​នូ​វែ​ល សេ​ឡង់ ដោយ​បង្ហាញថា គ្មាន​សំណាក​ណាមួយ មាន​សំណល់​ថ្នាំពុល​កសិកម្ម លើស​កម្រិត​។​

 
​បើតាម លោក ងិន ឆាយ សំណាក​បន្លែ​ទាំង​៥០​នោះ  គឺ​បានជ្រើសរើស​ពី​ទីតាំង​ដាំ​ដុះ​ផ្សេងៗ​គ្នា ដែល​បាន​អនុវត្ត​គោល​ការ​កសិកម្ម​ល្អ​។ បន្លែ​ទាំងនោះ​មាន ពពួក​បន្លែ​ស្លឹក​(​ស្ពៃ​តឿ​, ស្ពៃក្តោប​, ខាត់ណា​ដើម​...)  ពពួក​បន្លែ​ផ្លែ​(​ប៉េងប៉ោះ​, សណ្តែក​គួរ​, ត្រសក់​...) ជាដើម​។ 
 
​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រូបនេះ បាន​បញ្ជាក់ថា សំណាក​បន្លែ​ទាំង​៥០ ដែល​នាយកដ្ឋាន​កសិកម្ម​យកទៅ​វិភាគ​រក​សំណល់​ថ្នាំ​កសិកម្ម នៅ​កន្លែង​ពិសោធន៍​(​ឡា​បូ​)​អន្តរជាតិ​នោះ គឺ​ទទួលបាន​លទ្ធផល​ល្អ​ទាំងអស់ ដោយ​មិនមាន​សារធាតុ​សកម្មភាព​នៃ​ថ្នាំពុល​កសិកម្ម​រហូតដល់​៦០​ប្រភេទ ក្នុង​បន្លែ​របស់​កម្ពុជា​ឡើយ​។​
 
​ការទទួលបាន​លទ្ធផល​ពី​ការវិភាគ​រក​សំណល់​ពុល​កសិកម្ម​នៅ​ឡា​បូ ក្នុង​កម្រិតស្តង់ដារ​អន្តរជាតិ​បែបនេះ អគ្គនាយក​កសិកម្ម​រូបនេះ បាន​សន្ម​ត់​យ៉ាង​ដូច្នេះ​៖«​បន្លែ​ដាំ​នៅ​កម្ពុជា មាន​សុវត្ថិភាព​១០០​ភាគរយ​។ ប្រជាជន​ហូប​បន្លែ ដែល​ដាំ​ដុះ​ដោយ​ស្តង់ដារ​សុវត្ថិភាព គឺ​មិន​ប៉ះពាល់​ដល់​សុខភាព​អ្វី​ទាំងអស់​។ តែ​ផ្ទុយទៅវិញ វា​បានផ្តល់​ផលប្រយោជន៍​ច្រើន​ទៅដល់​សរីរាង្គ ឬ​បង្កើន​អាហារូបត្ថម្ភ​ទ្រទ្រង់​សារពាង្គកាយ​មនុស្ស​យើង​»​។ លោក​បាន​បន្ថែមថា បន្លែ​កម្ពុជា​មិន​ត្រឹម​អាច​លក់ដូរ​ក្នុងស្រុក​បាន​នោះទេ គឺ​ថែមទាំង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស បាន​ផងដែរ​។ បន្លែ​កម្ពុជា គឺមាន​សុវត្ថិភាព​ច្រើន ជាង​បន្លែ​នាំចូល​។​
 
«​ហូប​បន្លែ​កម្ពុជា​ទាំងអស់គ្នា គឺ​អត់​មាន​កម្រិតជាតិពុល​លើស​ទេ​»​។ នេះ​ជា​អះអាង​របស់​អះអាង​របស់​អគ្គនាយក​កសិកម្ម ដែល​ជំរុញ លើកទឹកចិត្ត និង​បន្ត​ការផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ទូទាំងប្រទេស ឱ្យប្រើ​ប្រាស់​បន្លែ​កម្ពុជា ដើម្បី​ជៀសវាង​ការ​សល់​បន្លែ​ស្ទើរ​គ្រប់​តំបន់ ដែល​ធ្វើឱ្យ​បន្លែ​ក្នុងស្រុក​មានតម្លៃ​ថោក​។ 


លោក ងិន ឆាយ អគ្គនាយកនៃនាយកដ្ឋានកសិកម្ម កំពុងថ្លែងក្នុងសិក្ខាសាលាស្តីពីវិធីសាស្ត្រក្នុងការវិភាគថ្នាំពុលកសិកម្ម នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី១០មករា ឆ្នាំ២០២០។

​បច្ចុប្បន្ន អគ្គនាយកដ្ឋាន​កសិក​ម្ម មាន​ឧបករណ៍​ពិសោធន៍​ដើម្បី​រក​វិភាគ​សំណល់​កសិកម្ម​ក្នុង​ផលិតផល​កសិកម្ម និង​ចំណីអាហារ​មួយចំនួន​ផងដែរ​។ ដូចជា​ឧបករណ៍​LCMS និង​PHLC  សម្រាប់​រកសារ​ធាតុ​ស​កម្ម​នៃ​សំណល់​ថ្នាំ​កសិកម្ម​ជាដើម​។ នេះ​បើតាម លោក ងិន ឆាយ ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​វិធីសាស្ត្រ​វិភាគ​សំណល់​ថ្នាំពុល​កសិកម្ម ដោយ​ម៉ាស៊ីន​GC-MS ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន អិ​កស៍​-​ឡេ​ប (X-LAB CO.,LTD)  និង​ក្រុមហ៊ុន​ជប៉ុន​SHIMADZU Corporation កាលពី​ថ្ងៃទី​១០​មករា​។​



GC-MS គឺជា​ម៉ាស៊ីន​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​ជប៉ុន  ក្នុងការ​កំណត់​រក​សំណល់​ថ្នាំពុល​កសិកម្ម ក៏ដូចជា​ចូលរួម​លើកកម្ពស់​វិស័យ​ត្រួតពិនិត្យ​គុណភាព​ក្នុង​ផលិតផល​កសិកម្ម និង​ចំណីអាហារ នៅ​កម្ពុជា​អោយ​កាន់​តែមាន​ភាពប្រសើ​ឡើង និង​ដើម្បី​ជួយ​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​។ តាមរយៈ​វត្តមាន​ម៉ាស៊ីន GC-MS ក្នុង​សិក្ខាសាលា​នេះ ក៏បានផ្តល់​ឱកាស​ដល់​អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ចែករំលែក​នូវ​បទពិសោធន៍ និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​រវាង​គ្នា ផងដែរ​៕
 

Tag:
 ថ្នាំពុល​
  បន្លែ​
  ងិន ឆាយ​
© រក្សាសិទ្ធិដោយ thmeythmey.com