ជាតិ
បទសម្ភាសន៍
ក្រសួងវប្បធម៌ត្អូញពីផលលំបាក ក្នុងការគ្រប់គ្រងសកម្មភាពសិល្បៈដែលមិនបានសុំច្បាប់ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូបភាពពីហ្វេសប៊ុករបស់លោក)
× ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្អូញត្អែរពីបញ្ហាប្រឈមរបស់ខ្លួន ទាក់ទងនឹងការគ្រប់គ្រងសកម្មភាពសិល្បៈមួយចំនួន ដែលមិនបានសុំច្បាប់អនុញ្ញាត រួមទាំងអ្នកសិល្បៈដែលស្ថិតនៅក្រៅប្រព័ន្ធគ្រប់គ្រងរបស់ក្រសួង។ ទោះជាយ៉ាងណាក៏ដោយ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកទឹកចិត្តឲ្យមហាជនផ្ដល់ព័ត៌មានទាក់ទងនឹងសកម្មភាពសិល្បៈ ដែលខុសឆ្គងមកកាន់ក្រសួង។
តទៅនេះ សូមស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មាននៃសាព័ត៌មានថ្មីៗ និងលោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ ថាក្រសួងវប្បធម៌ ពិតជាលំបាក ក្នុងការគ្រប់គ្រងក្រុមមនុស្សមួយចំនួន ដែលបានថតសកម្មភាពពាក់ព័ន្ធនឹងសិល្បៈ ធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីវប្បធម៌ល្អៗរបស់ជាតិ។
លោក ឡុង ប៉ុណ្ណារិរីវត្ថ លើកឧទាហរណ៍យ៉ាងដូច្នេះ៖«អ្នកខ្លះគាត់ថត MV បទចម្រៀងមួយ គាត់នាំគ្នាគាត់សម្ដែង ហើយគាត់ថាខ្លួនគាត់ជាអ្នកសិល្បៈដែរ។ ប៉ុន្តែពួកគាត់ មិនបានមកចុះឈ្មោះ នៅក្នុងក្រសួងនោះទេ។ អ្នកខ្លះទៀត គាត់មានទូរសព្ទទំនើបមួយ ហើយគាត់ថតសកម្មភាពអ្វីមិនល្អ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ហើយគាត់ក៏ទៅបាត់។ តើឱ្យក្រសួងយើងខ្ញុំ ទៅរកនៅឯណាទៅ? ប៉ុន្តែយើងនៅតែប្រឹងប្រែង ស្វែងរកពួកគាត់។ គេមិនអាចថាក្រសួងធ្វើការតាមក្រោយមហាជនរិះគន់ឡើយ មានរឿងខ្លះចេញហើយ យើងឃើញថាខុសឆ្គង ទើបយើងអប់រំណែនាំ ព្រោះវាពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន។ ប៉ុន្តែរឿងខ្លះទៀត យើងត្រូវពិនិត្យឱ្យច្បាស់ថាត្រឹមត្រូវហើយ ទើបយើងឱ្យផ្សាយដើម្បីជាប្រយោជន៍សាធារណជន»។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះ លើកទឹកចិត្តដល់មហាជនឲ្យសហការជាមួយក្រសួងក្នុងការផ្ដល់ព័ត៌មាន ឬប្រភព ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសិល្បៈវប្បធម៌ជាតិ៕
Tag:
ក្រសួងវប្បធម៌
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com