អន្តរជាតិ
ជប៉ុន សន្យា​ផ្តល់​នាវា​ល្បាត និង​ជួយ​អភិវឌ្ឍ​ប្រជុំ​កោះ​ណា​ទុ​ណា ខណៈ​ឥណ្ឌូណេស៊ី​កំពុង​ប្រ​ឈ​មុខ​ជាមួយ​ចិន
12, Jan 2020 , 7:29 pm        
រូបភាព
នាយករដ្ឋមន្ត្រជប៉ុន ស៊ីនហ្សូ អាបេ  និងប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនឆ្នាំ ២០១៥ (រូបភាព៖ AP)
នាយករដ្ឋមន្ត្រជប៉ុន ស៊ីនហ្សូ អាបេ និងប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនឆ្នាំ ២០១៥ (រូបភាព៖ AP)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា និង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​ឯកភាពគ្នា​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការវិនិយោគ និង​វិស័យ​ពាក់ព័ន្ធ​ដែនសមុទ្រ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។ ភាគី​ទាំងពីរ ក៏បាន​ព្រមព្រៀងគ្នា​បង្កើន​ការវិនិយោគ​បន្ថែម​នៅក្នុង​តំបន់​ប្រជុំ​កោះ​ណា​ទុ​ណា (Natuna Islands) ដែលជា​តំបន់​ឥណ្ឌូណេស៊ី កំពុង​មានរឿង​ប្រទាំង​ប្រទើស​ជាមួយនឹង​ចិន​ផង​នោះ​។​

 
​តាមរយៈ​ជំនួប​ជាមួយ​សម​ភាគី​ជប៉ុន លោក Toshimitsu Motegi នៅ​រដ្ឋធានី​ហ្សា​ការ​តា​នៅ​ថ្ងៃ​១០ មករា រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ការវិនិយោគ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយនឹង​រដ្ឋាភិបាល​ជ​ប៉ុន​នៅលើ​តំបន់​កោះ​ណា​ទុ​ណា និង​បណ្តា​កោះ​ផ្សេងទៀត​របស់​ឥណ្ឌូណេស៊ី​។ 
 
​តាម​ចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Globe លោកស្រី​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ភាគី​ទាំងពីរ បាន​ព្រមព្រៀង​សហការគ្នា​ដើម្បី​អភិវឌ្ឍ​តំបន់​ប្រជុំ​កោះ​ណា​ទុ​ណា តាមរយៈ​ការពង្រីក​មជ្ឈមណ្ឌល​នេសាទ និង​ជីវចម្រុះ ក៏ដូចជា​ការកសាង​កំពង់ផែ និង​ផ្សារ​ត្រី​ឲ្យ​កាន់តែច្រើន​នៅ​ទីនោះ​។ កិច្ចសហប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោម​គោលនយោបាយ​ការបង្ហាញ​វត្តមាន​កាន់តែ​សកម្ម​របស់​ជប៉ុន​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​
 
​តាម​អះអាង​របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ក្នុងជំនួប​ដដែល​នោះ ជប៉ុន នឹង​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍ​ផលិតផល​សមុទ្រ​នេះ នៅ​ខែកុម្ភៈ​ខាងមុខ​ដ៏​ខ្លី​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រមុខ​ការទូត​រូបនេះ ក៏បាន​បង្ហើប​ឲ្យ​ដឹងថា ជប៉ុន ក៏​នឹង​ផ្តល់​នាវា​ល្បាត​ដែនសមុទ្រ និង​ជួយ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រជុំ​កោះ​ណា​ទុ​ណា​ទៀតផង​។​
 
​គួរ​ជម្រាប​ថា រដ្ឋាភិបាល​ជប៉ុន បានចាប់ផ្តើម​ងាក​មក​បង្កើន​ការវិនិយោគ​លើ​វិស័យ​ពាក់ព័ន្ធ​ដែនសមុទ្រ​នៅ​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០១៨​។ វត្តមាន​វិនិយោគ និង​សហប្រតិបត្តិការ​របស់​ជប៉ុន​នៅ​រដ្ឋ​ធំជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ ដោយ​មើលឃើញថា ឥណ្ឌូណេស៊ី ជា​ប្រទេស​មាន​សក្តានុពល​។ មុនពេល​ផ្លាស់​ទិសដៅ​ទៅ​ឥណ្ឌូណេស៊ី ថៃ គឺជា​ដៃគូ​វិនិយោគ​ធំ​របស់​ជប៉ុន​លើ​ការវិនិយោគ​ដែនសមុទ្រ​។​
 
​ណា​ទុ​ណា ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង និង​ត្រូវបាន​ឥណ្ឌូណេស៊ី​ប្រើ​សិទ្ធិ​គ្រប់គ្រង​ដោយ​ចាត់ទុកថា​ជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន គឺជា​តំបន់​ប្រជុំ​ដោយ​ធនធានធម្មជាតិ​សមុទ្រ​។ ដោយសារតែ​សក្តានុពល​នេះ កន្លងមក មាន​ទូក​នេសាទ​បរទេស​ច្រើន បាន​ចូលទៅ​នេសាទ​ដោយ​ខុសច្បាប់ តែ​ក៏​ត្រូវបាន​ឥណ្ឌូណេស៊ី ចាត់វិធានការ​តឹងរឹង ដោយ​រាប់បញ្ចូល​ទាំង​ការដុត​កម្ទេច​ទូក​នេសាទ​ទាំងនោះ​ទៀតផង​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការបង្ហាញ​វត្តមាន​កាន់តែ​សកម្ម​នៅ​ឥណ្ឌូណេស៊ី ជាពិសេស​នៅ​ប្រជុំ​ណា​ទុ​ណា​របស់​ជប៉ុន ស្របពេល​ឥណ្ឌូណេស៊ី កំពុងមាន​ការប្រឈមមុខ​គ្នា​ជាមួយនឹង​ចិន​នៅ​តំបន់​នោះ​ស្រាប់​។ ឥណ្ឌូណេស៊ី ថ្មីៗ​នេះ ទើបតែ​បានដាក់​បញ្ជា​ឲ្យ​កងទ័ព​របស់ខ្លួន​ត្រៀម​ខ្លួន​សម្រាប់​ការប៉ះទង្គិច​នានា បន្ទាប់ពី​មាន​នាវា​ល្បាត​របស់​ចិន ចូលទៅ​កាន់​តំបន់​នោះ ដោយ​គ្មាន​ការជូនដំណឹង និង​អនុញ្ញាត​៕ 
 
 

Tag:
 ជប៉ុន​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com