អន្តរជាតិ
ស៊ី ជិន​ភីង​៖ ការជ្រើសរើស​យក​ចិន គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត​របស់​គី​រី​បាទី​
12, Jan 2020 , 2:42 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង បាន​គោរព និង​សាទរ​ជាថ្មី​ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​គី​រី​បាទី​ក្នុង​ការបន្ត​ការទូត​ជាមួយនឹង​ចិន​។ លោក​ប្រធានាធិបតី​ស៊ី បាន​មើលឃើញ​ពី​តម្រូវ​ការចាំបាច់​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការបង្កើន​ទំនុកចិត្ត​នយោបាយ​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ឲ្យ​ចំណង​ទ្វេភាគី​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

 
​នា​ជំនួប​ក្នុង​រដ្ឋធានី​ប៉េកាំង​នៅ​ដើម​សប្តាហ៍​នេះ លោក​ប្រ​ធានា​ធីប​តី ស៊ី ជិន​ភីង បាន​អះអាង​ចំពោះមុខ​ប្រធានាធិបតី​គី​រី​បាទី លោក Taneti Maamau ថា ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ចិន និង​គី​រី​បាទី​ចាប់ពី​ខែកញ្ញា ឆ្នាំមុន​មក គឺជា​ការបើក​ទំព័រ​ថ្មី​នៃ​ការអភិវឌ្ឍ​ចំណង​ទ្វេភាគី ហើយ​ការសម្រេច​នេះ ក៏​ជាការ​ជ្រើសរើស​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​។ 
 
​តាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងការបរទេស​ចិន លោក​ប្រធានាធិបតី ស៊ី បាន​មើលឃើញ​ពី​ផ្លែផ្កា​បណ្តើរៗ​ហើយ គិត​ចាប់តាំងពី​ប្រទេស​ទាំងពីរ​ប្រកាស​បន្ត​ទំនាក់​ទង​ការទូត​នឹង​គ្នា ហើយ​ចិន ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផងដែរ​។​
 
​ដើម្បី​ធ្វើ​ឲ្យ​គី​រី​បាទី​កាន់តែ​កក់ក្តៅ​ជាមួយ​ខ្លួន​នោះ លោក​ប្រធានាធិបតី បាន​សង្កត់ធ្ងន់ថា ចិន តែងតែ​គោរព​គី​រី​បាទី ហើយក៏​ប្រកាន់ខ្ជាប់​គោលជំហរ​មួយ​គឺ «​មិន​ថា​ប្រទេស​ធំ ឬ​តូច​ប៉ុណ្ណា​នោះទេ គ្រប់​ប្រទេស​ទាំងអស់ ត្រូវ​ស្មើមុខស្មើមាត់​គ្នា និង​គោរព​អធិបតេយ្យ និង​បូរណភាព​ទឹកដី​គ្នា​ទៅវិញទៅមក​»​។ លោក បន្ថែមថា ចិន ក៏​មិនដែល​គិត​ចង់​គ្រប់គ្រង និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ណា​ឡើយ​។​
 
​ជាមួយនឹង​ការប្រកាស​ជំហរ​របស់ខ្លួន លោក ស៊ី បាន​លើកទឹកចិត្ត​ឲ្យ​គី​រី​បាទី​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​គោលនយោបាយ​អភិវឌ្ឍ​ជាតិ​គី​រី​បាទី​ផង​។ លោក ក៏បាន​បញ្ជាក់​ពី​ឆន្ទៈ​ក្នុង​ការពង្រីក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គី​រី​បាទី​តាមរយៈ​ក្របខណ្ឌ​វេទិកា​កោះ​ប៉ាស៊ីហ្វិក​របស់​អង្គការសហប្រជាជាតិ និង​ក្របខណ្ឌ​ត្បូង​-​ត្បូង ដើម្បី​ជួយ​គី​រី​បាទី​ទប់ស្កាត់​ជាមួយនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ 
 
​ឆ្លើយតប​នឹង​សារ​ស្វាគមន៍​របស់​មេដឹកនាំ​កំពូល​ចិន លោក​ប្រធានាធិបតី​គី​រី​បាទី បានបញ្ជាក់​ជាថ្មី​ថា ការណ៍​ដែល​គី​រី​បាទី​ជ្រើស​យក​ចិន ក៏ដោយ​សារ​គី​រី​បាទី​ទុកចិត្ត និង​មាន​ទំនុកចិត្ត​លើ​ចិន​។ លោក ថា ទោះបីជា​គី​រី​បាទី និង​ចិន​ទើប​មាន​ទំនាក់ទំនង​ការទូត​បាន​ប៉ុន្មាន​ខែ​មែន តែ​ភាគី​ទាំងពីរ សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ច្រើន​គួរកត់សម្គាល់​។ លោក ប្តេជ្ញា​ប្រកាន់ខ្ជាប់​គោលនយោបាយ​ចិន​តែមួយ និង​គោលនយោបាយ​ប្រទេសមួយ ប្រព័ន្ធ​ពីរ​របស់​ចិន​ផងដែរ​៕ 
 

Tag:
 ចិន​
  គី​រី​បាទី​
© រក្សាសិទ្ធិដោយ thmeythmey.com