ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នក​ប្រក​បរបរ​ក្រៅ​ប្រព័ន្ធ រអ៊ូ​ថា​បាត់​ចំណូល​ច្រើន ខណៈ​សៀម​រាបកាន់តែ​ស្ងាត់​ភ្ញៀវទេសចរ​
12, Jan 2020 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នករត់​រ៉ឺម៉ក​កង់​បី អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ជាច្រើន​នៅ​តំបន់​អង្គរ បាន​រអ៊ូ​ដូចៗ​គ្នា ពី​ការបាត់​ចំណូល​យ៉ាងច្រើន និង​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ផង ដោយសារតែ​ភ្ញៀវទេសចរ​អឺរ៉ុប​នៅ​សៀមរាប ធ្លាក់ចុះ​យ៉ាង​សម្បើម​។ បើទោះបី​រដូវ​នេះ ជា​ពេលវេលា​ដែល​ភ្ញៀវទេសចរ​បរទេស សម្រុក​ដើរលេង​ក៏ដោយ​។

   
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖     

 
 
 
​នៅ​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ ជាង ២​លាន ២​សែន​នាក់ ថយចុះ​ជិត​១៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨​។ ចំនួន​ទេសចរ​ថយចុះ​នេះ បានធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី លក់ដូរ​ម្ហូបអាហារ សម្លៀកបំពាក់ និង​វត្ថុ​អនុស្សាវរីយ៍ និង​អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍​មួយចំនួនទៀត នៅ​ខេត្តសៀមរាប ត្អូញ​ដូចៗ​គ្នា ថា​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់ខ្លួន​។   


 
​ជា​រៀងរាល់ឆ្នាំ ឲ្យ​តែ​រដូវ​សម្បូរ​ភ្ញៀវ ឬ Hight Season ពួកគេ​ម្នាក់ៗ​មិនសូវមាន​ពេលវេលា សប្បាយចិត្ត​រីករាយ​ជាខ្លាំង ដ្បិត​មាន​ភ្ញៀវទេសចរ សម្រុក​មក​ទស្សនា​នៅ​តំបន់​អង្គរ​ខេត្តសៀមរាប ប៉ុន្តែ​នៅ​ឆ្នាំនេះ ម្នាក់ៗ​បែរ​មានទឹក​មុខស្ងួត ព្រោះ​ភ្ញៀវទេសចរ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​ធ្វើ​ឲ្យ​ពួកគេ​មួយចំនួន​រង​ផលប៉ះពាល់​ចំពោះ​ជីវិត​ប្រចាំថ្ងៃ​។ 
​លោក មាក់ វិចិត្រ ជា​អ្នករត់​រ៉ឺម៉ក​កង់​បី​នៅ​តំបន់​អង្គរ​នេះ​៥​ឆ្នាំ​ហើយ​។ កំពុង​អង្គុយ​រង់ចាំ​ដឹក​ភ្ញៀវ​នៅមុខ​ប្រាសាទតាព្រហ្ម បុរស​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ត្អូញ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ឆ្នាំនេះ ភ្ញៀវទេសចរ​បរទេស​មកពី​អឺរ៉ុប​ថមថយ​ខ្លាំង​។ រៀបរាប់​ទាំងមុខ​ស្រពោន​ទៀតថា ចំណូល​ពី​ការរត់​កង់​បី​ធ្លាក់ បាន​ប៉ះពាល់​ដល់​ជីវភាព​របស់ខ្លួន​។ លោក វិចិត្រ ឲ្យ​ដឹង​ទៀតថា ភរិយា​គាត់​ដែល​ធ្លាប់​លក់ដូរ​តូចតាច​នៅ​តំបន់​អង្គ​រដែរ បាន​រត់ទៅរក​ការងារ​រោងចក្រ​ធ្វើ​នៅ​ភ្នំពេញ​វិញ ដើម្បី​រកប្រាក់​សងបំណុល​ធនាគារ​។ «​ឆ្នាំនេះ ធ្លាក់ចុះ​ជាង​ឆ្នាំមុន ពេល​ខែ Hight យើង​ដឹក​ស្ទើរតែ​រាល់ថ្ងៃ តែ​ឆ្នាំនេះ មួយ​សប្តាហ៍​ដឹក​បាន​៣​ថ្ងៃ​។ មួយថ្ងៃ​បាន​២០​ដុល្លារ តែ​វា​មិនបាន​ដឹក​ភ្ញៀវ​រាល់ថ្ងៃ ដែល​ខុសពី​ឆ្នាំមុន​។ ភាគច្រើន ខ្ញុំ​ដឹក​តែ​ភ្ញៀវ​ជនជាតិ​កូរ៉េ ព្រោះ​ខ្ញុំ​ចេះ​និយាយ​ភាសា​កូរ៉េ​ខ្លះ​ដែរ​»​។ 


 
​នៅមុខ​ប្រាសាទតាព្រហ្ម មាន​តូប​លក់​ខោអាវ ដោយ​នៅខាងមុខ​តូប មាន​សុទ្ធតែ​រ៉ឺ​មក​កង់​បី និង​ម៉ូតូឌុប ហើយ​នៅក្បែរនោះ ក៏មាន​រទេះ​ម៉ូតូ​មួយ ដែលមាន​ម៉ាស៊ីន​កិន​ទឹក​ផ្លែឈើ​មួយ​ដែរ​។ អ្នកស្រី អុន រី ដែល​កំពុង​កិន​ផ្លែ​ទឹក​ឈើ​លក់​ឲ្យ​អតិថិជន​របស់ខ្លួន បាន​អះអាង​មិន​ខុសពី​លោក មាក់ វិចិត្រ ប៉ុន្មាន​ឡើយ​។ ស្ត្រី​កូន​១ និង​សម្បុរ​ស្រអែម​ស្រស់​រូបនេះ បាន​បរិយាយ​ថា ដើមឆ្នាំ​២០២០​នេះ ភ្ញៀវ​បរទេស​មានការ​ថមថយ​ច្រើន ដែល​ធ្វើ​អ្នកស្រី​លក់​មិនសូវ​ដាច់​នោះទេ​។ «​ឆ្នាំទៅ ខ្ញុំ​លក់បាន​មួយថ្ងៃ​១០០​ទៅ​ជាង​១០០​ដុល្លារ  ព្រោះ​យើង​លក់​ជាមួយ​ភ្ញៀវ​បរទេស​។ តែ​ឆ្នាំនេះ បាន​៥០​ឬ​៦០​ដុល្លារ​។ យើង​លក់​ជាមួយ​ភ្ញៀវ​បរទេស លក់បាន​ថ្លៃ តែ​លក់​ឲ្យ​ខ្មែរ មិន​លក់​ថ្លៃ​ទេ​។ សម្រាប់​ជីវភាព មិន​អី​ទេ គ្រាន់តែ​យើង​មិន​រកបាន​តិចៗ បើ​ឲ្យ​ថា​យើង​រកបាន​ដូច​មុនៗ គឺ​អត់​ទេ​»​។ 


 
​មិន​ខុសគ្នា​ឡើយ ស្រី ចាន់ សារុន អាយុ​៤៣​ឆ្នាំ ដែល​កំពុង​លក់​វត្ថុ​អនុស្សាវរីយ៍​តាម​រទេះរុញ​នៅមុខ​ប្រាសាទអង្គរវត្ត បាន​អះអាងថា នៅក្នុង​មួយថ្ងៃ អ្នកស្រី​អាច​លក់ដាច់​ប្រមាណ​១០​ម៉ឺន​រៀល​។ លក់​វត្ថុ​អនុស្សា​រី​យ៍​តាំងពី​ឆ្នាំ​១៩៩៣ អ្នកស្រី សារុន ដែលមាន​កូន​២​នាក់​ក្នុងបន្ទុក និង​ជា​អ្នកមាន​កំណើត​នៅ​តំបន់​អង្គរ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖ «​បរទេស មិនសូវ​លក់ដាច់​ទេ លក់ដាច់​តែ​ខ្មែរ​។ ឆ្នាំនេះ វា​មិនសូវ​ដាច់​ដូច​ឆ្នាំទៅ​មិញ វា​ថយចុះ​តិច​ដែរ​។ ឆ្នាំទៅ​មួយថ្ងៃ​ទាំង​ដើម​ទាំង​ចុង​បាន​២០​ម៉ឺន​ដែរ តែ​ឆ្នាំនេះ​បានតែ​១០​ម៉ឺន​តិចតួច​។ បើ​មាន​ថ្ងៃបុណ្យ​បាន​លក់ដាច់​ច្រើន​។ សម្រាប់​ជីវភាព រក​មួយថ្ងៃ​ហូប​មួយថ្ងៃ​តាំងពីដើម​មកហើយ​»​។ 


 
​នៅ​តំបន់​អង្គរ មាន​អ្នកលក់ដូរ​ជាច្រើន គ្រាន់តែ​ខ្លះ មាន​តូប​លក់​ត្រឹមត្រូវ ខ្លះទៀត​ក៏​លក់​តាម​រទេះ ឬ​តាម​កង់​ម៉ូតូ​ជា​ច​ដើម​។ អ្នកស្រី ចូ​ន សុខុន វ័យ​៤៩​ឆ្នាំ ដែល​កំពុង​លក់​ដំបែ បាយដំណើប ពោត​ទឹក​កំបោរ​នៅលើ​កង់​កញ្ចាស់​មួយ​កៀន​ទីធ្លា​ប្រាសាទអង្គរវត្ត បាន​អះអាងថា ភ្ញៀវទេសចរ បាន​ថយចុះ​ជាង​ឆ្នាំមុន តែ​សម្រាប់​អ្នកស្រី​មិន​ប៉ះពាល់​ខ្លាំង​នោះទេ ព្រោះ​អតិថិជន​អ្នកស្រី​សុទ្ធសឹងតែ​ជា​ជនជាតិខ្មែរ​។ 


 
​បើតាម​អ្នកស្រី ចូ​ន សុខុន ក្នុង​មួយថ្ងៃ​អ្នកស្រី​លក់បាន​ពី​៣​ទៅ​៤​ម៉ឺន​រៀល​។ ហើយ​ចំណូល​ប៉ុន​នេះ ដ្បិត​តិច​តូច​មែន តែ​សម្រាប់​អ្នកស្រី ចូ​ន សុខុន ដែលជា​ស្ត្រី​មេម៉ាយ និង​គ្មាន​កូនចៅ​នោះ គឺអាច​ចិញ្ចឹម​ខ្លួនរ​ស់នឹង​គេ​ដែរ​។​
 
​ផ្ទុយ​ពី​ការលើកឡើង​របស់​អ្នក​ប្រក​បរបរ​ក្រៅ​ប្រព័ន្ធ ដែលថា​ភ្ញៀវទេសចរ​ធ្លាក់ចុះ​នោះ ក្រសួងទេសចរណ៍ បានបង្ហាញ​តួលេខ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប​។ បើតាម​ក្រសួងទេសចរណ៍ នៅ​រយៈពេល​១០​ខែ ក្នុង​ឆ្នាំ​២០១៩​ភ្ញៀវទេសចរ​អន្តរជាតិ បាន​ចូល​កម្ពុជា​ចំនួន​ជាង​៥​លាន​២០​ម៉ឺន​នាក់​(៥,២៩៦,០៨៨​នាក់​) កើនឡើង​៩.៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ យ៉ាងណា​សម្រាប់​ប្រធាន​សមាគម​មគ្គុទេសក៍​អង្គរ​ខេត្តសៀមរាប លោក ខៀវ ធី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ឆ្នាំ​២០១៩​កន្លងទៅ ភ្ញៀវទេសចរ​ណ​មកលេង​ខេត្តសៀមរាប មានការ​ធ្លាក់ចុះ​ខ្លាំង​។ 


 
​លោក​ពន្យល់​ពី​មូលហេតុ​នៃ​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រទេស​ថៃ និង​វៀតណាម ដែល​គេ​ស្រូប​ភ្ញៀវ​បាន​ច្រើន ដោយសារ​គេ​មាន​គោលនយោបាយ​បញ្ចុះតម្លៃ​វី​សា​រលើ​ប្រទេស​ធំៗ​។ គេ​អត់​យក​វី​សារ​មួយចំនួនធំ ដើម្បី​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​ប្រទេស​គេ តែ​អាជ្ញាធរ​ប្រទេស​កម្ពុជា​យើង គាត់​អត់​បាន​បញ្ចុះតម្លៃ​វី​សារ​ទេ គាត់​នៅតែ​យក​វី​សា​រលើ​ប្រទេស​ធំៗ ដូចជា​អាមេរិក និង​អឺរ៉ុប ដែលជា​ប្រទេស​ធំ និង​ចាយលុយ​ច្រើន​»​។ 


 
​ក្រៅពី​ការមិន​បញ្ចុះតម្លៃ​វី​សារ នៅមាន​បញ្ហា​មួយចំនួនទៀត ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ធ្លាក់ចុះ​ខ្លាំង ដូចជា សោភ័ណភាព​ទីក្រុង​សៀមរាប និង​សណ្តាប់ធ្នាប់​អនាម័យ បញ្ហា​ទំនាស់​នយោបាយ ព្រមទាំង​ការដំឡើងថ្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ជិត​គុណ​នឹង​២​ជាដើម​។  លោក​ពន្យល់​បន្ថែមថា​៖ «​យើង​មាន​ប្រាសាទបុរាណ​ដ៏​ល្អ​វិចិត្រ​ហើយ តែ​ភ្ញៀវ​គេ​វិភាគ​តម្លៃ​ទៅ គឺ​នៅ​ស្រុក​យើង​ថ្លៃ​ជាង​ស្រុក​គេ​។ បើ​ធៀប​រឿង Street Food ស្រុក​យើង​ថ្លៃ​ជាង​បាងកក​។ មួយទៀត បន្ទាប់ពី​យើង​ដំឡើង​តម្លៃ​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​៣៧​ដុល្លារ​មក គឺ​ភ្ញៀវ​មានការ​ធ្លាក់ចុះ​។ វា​មិន​ថ្លៃ​ទេ បើ​ធៀប​នឹង​តំបន់​បេតិកភណ្ឌ គ្រាន់តែ​យើង​ធ្លាប់​មានតម្លៃ​២០​ដុល្លារ ដល់​ឡើងដល់​៣៧ វា Surprise គេ​ខ្លាំងពេក​។ ថៃ​គេ​មាន Thai Airway ដ៏​ល្បីល្បាញ​ទាក់ទាញ​ទេសចរណ៍​ចូល​ស្រុក​គេ​។ វៀតណាម គេ​មាន Vietnam Airline ដ៏​ល្បីល្បាញ គេ​មាន​សេវាកម្ម​ហោះហើរ​ពេញ​ទ្វីបអឺរ៉ុប និង​អាមេរិក​។ យើង​មាន National Airline មួយ​ដែរ តែ​មិនមាន​ភាពទូលំទូលាយ គឺ​Cambodia Angkor Air ដែល​ចូល​ហ៊ុន​ជាមួយ​វៀតណាម​។ ដូច្នេះ យើង​នៅមាន​បញ្ហា​នៅក្នុង​ការប្រកួតប្រជែង​»​។ 
 
​ទាំង​លោក ខៀវ ធី និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ខាងលើ បាន​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ ជួយ​បង្កើន​សកម្មភាព​រៀបចំ​សណ្តាប់ធ្នាប់ និង​បង្កើត​គោលនយោបាយ ឬ​ព្រឹត្តិការណ៍​នានា ដែល​អាច​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឲ្យ​មក​កម្ពុជា​កាន់តែច្រើន ដើម្បី​ស្តារ​មុខមាត់​វិស័យ​ទេសចរណ៍​ឡើងវិញ និង​ជាការ​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ពលរដ្ឋ និង​បង្កើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ​៕   
 

Tag:
 ទេសចរណ៍​
 ​អង្គរ​
 ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com