ជាតិ
លោក ពន្លឺចិត្តករុណា បង្កើតសិប្បកម្ម «ម្នាស់ទឹកឃ្មុំ» ខណៈទីផ្សារម្នាស់មិនសូវទៀងទាត់
× ភ្នំពេញ៖ អស់រយៈពេលមួយឆ្នាំមកហើយ ដែលលោក សាយ ពន្លឺចិត្តករុណា បានចម្រាញ់ម្នាស់យកទឹកដោយមានការវេចខ្ចប់ល្អត្រឹមត្រូវដាក់លក់នៅលើទីផ្សារ។ ម្នាស់ដែល លោក ពន្លឺចិត្តករុណា ចម្រាញ់យកទឹកនោះ គឺជាប្រភេទម្នាស់ទឹកឃ្មុំ ដែល ដាំដុះដោយខ្លួនឯង តាមបច្ចេកទេសនិងស្តង់ដារត្រឹមត្រូវ ដោយធានាបាននូវសុវត្ថិភាព និងរសជាតិឈ្ងុញឆ្ងាញ់ ដល់អ្នកទទួលទាន។
បើតាមលោក សាយ ពន្លឺចិត្តករុណា សិប្បកម្មកែច្នៃម្នាស់គ្រៀបយកទឹកលក់«ទឹកម្នាស់ទឹកឃ្មុំ»នេះ បង្កើតឡើងក្នុងគោលបំណង កែប្រែពីការដាំដុះបែបគ្រួសារទៅជាកសិដ្ឋានឬសិប្បកម្មដើម្បីលើកកម្ពស់ជីវភាពកសិករ ពិសេសអ្នកដាំម្នាស់នៅក្នុងតំបន់តែម្តង។ ហើយកត្តាដែលជំរុញទឹកចិត្ត លោក ពន្លឺចិត្តករុណា ខ្លាំងក្នុងការបង្កើតសិប្បកម្មកែច្នៃម្នាស់នេះឡើងទាំងមិនមានដើមទុនគ្រប់គ្រាន់ រហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារតែ តម្លៃម្នាស់ស្រស់នៅលើទីផ្សារមិនទៀងទាត់ និងមានការប្រកួតប្រជែងខ្លាំងជាមួយម្នាស់នាំចូលពីបរទេស ពិសេសម្នាស់នាំចូលពីវៀតណាម។
អតីតនិស្សិតកសិកម្មលើជំនាញកែច្នៃផលិតផលកសិកម្មរូបនេះ បាននិយាយប្រាប់សារព័ត៌មានThmeyThmey25 ថា៖ «ម្នាស់ដែលកសិករយើងដាំ ថ្វីដ្បិតថាមិនមានរូបរាងធំល្អ ដូចម្នាស់នាំចូលដោយឡើយ ប៉ុន្តែរសជាតិ និងគុណភាព គឺយើងល្អជាងគេ និងឆ្ងាញ់ជាងគេ។ យើងមិនគួរចោលរបស់ល្អ ទៅយករបស់មិនល្អនោះទេ ព្រោះតម្លៃដំណាំយើងក៏មិនថ្លៃជាងគ្នាប៉ុន្មានដែរ»។ អស់ពេល១១ឆ្នាំមកហើយ ដែល លោក ពន្លឺចិត្តករុណា ដាំម្នាស់ទឹកឃ្មុំ នៅលើផ្ទៃដីជាង១០ហិកតា ក្នុងឃុំអូរឫស្សី ស្រុកសៀមបូ ខេត្តស្ទឹងត្រែង ទៅតាមបច្ចេកទេស និងស្តង់ដារត្រឹមត្រូវ ដោយធានាបាននូវសុវត្ថិភាព ព្រមទាំងមានរសជាតិឆ្ងាញ់ជាងម្នាស់នាំចូលពីប្រទេសជិតខាងទៀតផង។ នេះជាការអះអាងរបស់លោក សាយ ពន្លឺចិត្តករុណា។
បច្ចុប្បន្ន លោក ពន្លឺចិត្តករុណា លែងព្រួយបារម្ភចំពោះការគ្មានអ្នកទិញម្នាស់ដូចឆ្នាំមុនៗឡើយ ប៉ុន្តែលោកបារម្ភពីការផ្គត់ផ្គង់ទឹកម្នាស់ឱ្យអតិថិជនមិនទាន់ទៅវិញ ព្រោះលទ្ធភាពនៃការកែច្នៃទឹកម្នាស់នេះ មានកម្រិតនៅឡើយ។ ទឹកម្នាស់ទឹកឃ្មុំដែលលោកផលិតបាន ក្រៅពីផ្គត់ផ្គង់តម្រូវក្នុងខេត្តស្ទឹងត្រែងផ្ទាល់ ទីផ្សារធំនៃការផ្គត់ផ្គង់ គឺ រាជធានីភ្នំពេញ សៀមរាប និងកំពត ជាដើម។
បើតាមកសិករវ័យ៣៦ឆ្នាំរូបនេះ រយៈពេលមួយឆ្នាំនៃការបង្កើតសិប្បកម្មកែច្នៃទឹកម្នាស់នេះឡើងនៅដើមឆ្នាំ២០១៩ រហូតដល់ខែមករា ឆ្នាំ២០២០ លោកលក់ទឹកម្នាស់បាន៥ម៉ឺនដប ដោយមួយដបមានតម្លៃ៤០០០រៀល ដែលមានចំណុះ២៧០មីលីលីត្រ។ ទឹកម្នាស់មួយដប បានចំណាយម្នាស់់ស្រស់ជិតមួយគីឡូក្រាម។ នេះជាការបញ្ជាក់របស់លោក សាយ ពន្លឺចិត្តករុណា ដែលបានបន្ថែមថា ម្នាស់ទឹកឃ្មុំមួយផ្លែ មានតម្លៃពី៤០០០រៀល ដល់១៥,០០០រៀល អាស្រ័យទៅទំហំធំតូចនៃផ្លែនីមួយៗ។ ប៉ុន្តែជាទូទៅម្នាស់នេះ មានតម្លៃពី៤០០០ទៅ៦០០០រៀលក្នុងមួយគីឡូក្រាម។
សកម្មភាពកម្មករ ជ្រលក់ទឹកដើមម្នាស់ទឹកឃ្មុំ ទុកសម្រាប់ដាំ។ រូបថត៖ លោក សាយ ពន្លឺចិត្តករុណា។
សព្វថ្ងៃ លោក សាយ ពន្លឺចិត្តករុណា កំពុងស្វែងរកដៃគូវិនិយោគនៃការផលិតកម្មកែច្នៃម្នាស់ និងបង្កើតសហគមអ្នកដាំម្នាស់នេះ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅបរទេសផងដែរ៕
Tag:
ម្នាស់
ទីផ្សារ
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com