កីឡាជាតិ
ជាតិ
រដ្ឋ​ចំណាយ​ថវិកា ជាង​៣៨៣​លាន​រៀល លើកទឹកចិត្ត​ម្ចាស់​មេដាយ​អាស៊ី និង​អាស៊ាន​
13, Jan 2020 , 8:29 am        
រូបភាព
 លោក ស សុខា ប្រគល់ថវិកាលើកទឹកចិត្តដល់ម្ចាស់ជ័យលាភិនិងគ្រូបង្វឹក, រូបភាពពីអគ្គនាយកដ្ឋានកីឡា
លោក ស សុខា ប្រគល់ថវិកាលើកទឹកចិត្តដល់ម្ចាស់ជ័យលាភិនិងគ្រូបង្វឹក, រូបភាពពីអគ្គនាយកដ្ឋានកីឡា
ដោយ:
​រដ្ឋ​បាន​ចំណាយ​ថវិកា​ជាង​៣៨៣​លាន​រៀល ដើម្បី​លើក​ទឺ​ក​ចិត្ត​កីឡាករ​គុន​ដាវ និង​កា​រ៉ា​តេ ដែល​ដណ្តើមបាន​មេដាយប្រាក់​៥ និង​សំរឹទ្ធ​១២​ពី​ការប្រកួត​ជើងឯក​កម្រិត​អាស៊ី និង​អាស៊ាន​ក្នុង​ព្រឹត្តិការណ៍​៤​ផ្សេងៗ​គ្នា​។ ក្នុងនោះ​មេដាយប្រាក់​កម្រិត​អាស៊ី​ទទួលបាន​១៣​លាន​រៀល និង​សំរឹទ្ធ​១១​លាន​រៀល ចំណែក​មេដាយប្រាក់​កម្រិត​អាស៊ាន​ទទួលបាន​៨​លាន​រៀល និង​សំរឹទ្ធ​៧​លាន​រៀល​។ គ្រូបង្វឹក​ទទួលបាន​ថវិកា​ស្មើ​កីឡាករ​ដែល​ដណ្តើមបាន​មេដាយ​ខ្ពស់​ជាងគេ ខណៈ​គ្រូ​ជំនួយ​បាន​៧០​ភាគរយ​។

 
​ថវិកា​ចំនួន​២០៨​លាន​រៀល ត្រូវបាន​ចំណាយ​លើ​ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួត​កីឡា​គុន​ដាវ​ជ្រើសរើស​ជើងឯក​សាកលវិទ្យាល័យ​អាស៊ី​នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៨ បន្ទាប់ពី​ពួកគេ​ដណ្តើមបាន​មេដាយប្រាក់​២ និង​សំរឹទ្ធ​៤​។ ឯ​ថវិកា​ចំនួន​២២​លាន​រៀល​ចំណាយ​លើ​ម្ចាស់​ជ័យលាភី​មេដាយ​សំរឹទ្ធ​៥​ក្នុងការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ី​នៅ​ម៉ាឡេស៊ី​កាលពី​ខែមេសា​ឆ្នាំ​២០១៩​។ 


 ថ្នាកដឹកនាំ គ្រូបង្វឹក និងកីឡាករកីឡាការិនីថតរូបជុំគ្នាក្រោយប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត, រូបភាពពីអគ្គនាយកដ្ឋានកីឡា

​ចំណែក​ថវិកា​ចំនួន​៩៣​លាន​រៀល​បាន​ចំណាយ​លើ​ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួត​កីឡា​គុន​ដាវ​ជ្រើសរើស​ជើងឯក​សាកលវិទ្យាល័យ​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៩ នៅ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ដណ្តើមបាន​មេដាយប្រាក់​៣ និង​សំរឹទ្ធ​២ ខណៈ​ថវិកា​ចំនួន​៦០,៩​លាន​រៀល​ចំណាយ​លើ​ម្ចាស់​ជ័យលាភី​មេដាយ​សំរឹទ្ធ​៥​ក្នុងការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​ថៃ​កាលពី​ខែមេសា​ឆ្នាំ​២០១៩​។ 
 
​សរុប​ជារួម​រដ្ឋ​ចំណាយ​ថវិកា​អស់​ចំនួន​៣៨៣,៩០០,០០០​រៀល​។ ថវិកា​លើកទឹកចិត្ត​ទាំងនេះ ត្រូវបាន​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រគល់​ជួន​ម្ចាស់​ជ័យលាភី​នៅ​ព្រឹក​ថ្ងៃទី​១០ មករា ឆ្នាំ​២០១៩ នា​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​៕
 

Tag:
 ស សុខា​
  ក្រសួង​អប់រំ​យុវ​ជ​និង​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com