ភ្នំពេញ៖ ជានិស្សិតនៃមហាវិទ្យាល័យតូរ្យតន្ត្រីឯកទេស ជាតិព័ន្ធុតន្ត្រីវិទ្យា នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក ចាន់ រិទ្ធី បានព្យាយាមប្រមូលឯកសារនានា ដែលទាក់ទងនឹងចាប៉ីដងវែង មកទុកក្នុងឯកសារតែមួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការស្រាវជ្រាវទៅថ្ងៃអនាគត។ កិច្ចការស្រាវជ្រាវនេះ ស្ថិតក្នុងសារណាបញ្ចប់ថ្នាក់បរិញ្ញារបស់លោក ចាន់ រិទ្ធី។
ទទួលបាននិទ្ទេសA ការស្រាវជ្រាវពីចាប៉ីដងវែង បានបរិយាយពីប្រវត្តិសិល្បករចាប៉ីដងវែងកាលពីសម័យមុនៗ ពីឧបករណ៍ចាប៉ី ពីបទភ្លេងនិងចម្រៀង និងពីការវិភាគសាច់បទចាប៉ីជាដើម។ លោក ចាន់ រិទ្ធី ថាការស្រាវជ្រាវនេះ មានប្រយោជន៍សម្រាប់អ្នករៀនចាប៉ីដងវែង។
អង្គុយលើកៅអីស៊ីម៉ង់ក្រោមដើមល្វា ក្បែរអគារមហារិទ្យាល័យតូរ្យតន្ត្រី នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក ចាន់ រិទ្ធី និស្សិតខ្សោយគំហើញ ដែលចាប់ឯកទេស ជាតិព័ន្ធុតន្ត្រីវិទ្យា បានពន្យល់ពីគោលបំណងនៃការស្រាវជ្រាវចាប៉ីដងវែងថា៖
លោក ចាន់ រិទ្ធី កំពុងអង្គុយក្នុងបរិវេនសាលារចនា
«ខ្ញុំគ្រាន់តែជានិស្សិតដែលសិក្សាឯកទេសស្រាវជ្រាវប៉ុណ្ណោះ ខ្ញុំមិនហ៊ានថាឯកសារដែលខ្ញុំស្រាវជ្រាវនោះ ល្អគ្រប់ជ្រុងជ្រោយទេ ប៉ុន្តែទោះជាយ៉ាងណាវាអាចជាទុនតិចតួចស្ដួចស្ដើងមួយ ជួយចង្អុលផ្លូវដល់អ្នកសិក្សាស្រាវជ្រាវក្រោយៗទៀត។ ខ្ញុំសង្កេតឃើញថា ឯកសារទាក់ទងនឹងចាប៉ីដងវែង ទាំងសាច់បទចម្រៀង សាច់បទភ្លេង ទាំងប្រវត្តិសិល្បករ និងពីឧបករណ៍ចាប៉ីតែម្ដង នៅរាត់រាយគ្នា ហើយមិនសូវសម្បូរបែបផង ទើបខ្ញុំចង់ស្រាវជ្រាវបន្ថែម ដើម្បីប្រមូលមកទុកក្នុងឯកសារតែមួយ»។
ទទួលបាននិទ្ទេសA ក្នុងការការពារសារណាបញ្ចប់ស្នាដៃថ្នាក់បរិញ្ញារបស់ខ្លួន
លើប្រធានបទ “ចាប៉ីដងវែង” ការស្រាវជ្រាវនេះគឺពិតជារឿងដ៏លំបាកមួយ សម្រាប់និស្សិតខ្សោយគំហើញមួយរូបនេះ។ ជារឿងចាំបាច់បំផុត ក្នុងកិច្ចការស្រាវជ្រាវ គឺត្រូវចុះទៅដល់ទីតាំងផ្ទាល់ សម្ភាសន៍ប្រភពផ្ទាល់ និងអង្កេតផ្ទាល់ ដូច្នោះហើយលោក រិទ្ធី ត្រូវការជំនួយពីមិត្តភ័ក្ដិភ្នែកភ្លឺ ដោយចៀសមិនរួច។
«ស្រាវជ្រាវបានពាក់កណ្ដាល ខ្ញុំចង់បោះបង់ចោលដែរ ព្រោះទំហំការងារលើសពីអ្វីដែលខ្ញុំគ្រោងទុក។ ខ្ញុំធ្វើយូរទៅកាន់តែលំបាកឡើងៗ ព្រោះចាប៉ីដងវែងមានរឿងច្រើនត្រូវនិយាយ។ ការងារភាគច្រើនខ្ញុំត្រូវពឹងមិត្តដែលភ្នែកភ្លឺ ដូចជាការកត់ត្រាមួយចំនួនជាដើម។ ឧបសគ្គខ្លះធ្វើឱ្យខ្ញុំធ្លាក់ទឹកចិត្តដែរ ប៉ុន្តែទោះជាយ៉ាងណាខ្ញុំមានគ្រូ និងមិត្តភ័ក្ដិ ដែលតែងតែលើកទឹកចិត្ត និងជួយជ្រោមជ្រែងខ្ញុំ ទើបខ្ញុំតាំងចិត្តថានឹងធ្វើវាឱ្យបាន»។ ទាំងនេះជាការបញ្ជាក់បន្ថែមរបស់លោក រិទ្ធី។
តាមរយៈការស្រាវជ្រាវពីឯកសារចាស់ៗ ពីគំនូរនៅតាមវត្តអារាមនានា និងពីព្រឹទ្ធាចារ្យដែលជាសិល្បករចាប៉ីមួយចំនួនផង និស្សិតខ្សោយគំហើញ ចាន់ រិទ្ធី ទទួលបានព័ត៌មានទាក់ទងនឹងប្រវត្តិឧបករណ៍ចាប៉ីដងវែង ឈ្មោះសិល្បករចាប៉ីល្បីៗ ដែលទទួលបានគោរមងារពីព្រះរាជា នាសម័យព្រះបាទអង្គឌួង។
ទឹកសម្ដីរាងប្រយ័ត្នប្រយែង បុរសកូនច្បងក្នុងគ្រួសារដែលមានបងប្អូន៣នាក់រូបនេះ បន្ថែមថា លោកបានស្រាវជ្រាវឃើញ សាច់បទភ្លេងចាប៉ីដងវែង ដែលស្ទើរនឹងបាត់បង់បានមួយចំនួន។ ហើយបច្ចេកទេសធ្វើចាប៉ីដងវែង វត្ថុធាតុដើមសម្រាប់ធ្វើចាប៉ី រូបរាងនិងខ្នាតចាប៉ី ព្រមទាំងសំនៀងរបស់ចាប៉ីជាដើម ក៏លោក ចាន់ រិទ្ធី បានប្រមូលទុកក្នុងឯកសារស្រាវជ្រាវរបស់ខ្លួនដែរ។
ក្នុងសម្លៀកបំពាក់អាវពណ៌សដៃខ្លីលោក រិទ្ធី ដែលមានសក់ខ្មៅវែងចងទៅក្រោយដោយកៅស៊ូដូចមនុស្សស្រីនោះ បានសាកល្បងវិភាគសាច់បទភ្លេង បែបបទនៃការច្រៀង ព្រមទាំងការលេងចាប៉ីដងវែងផងដែរ។ បុរសដែលមានឪពុកជាមន្ត្រីរាជការ ហើយក៏ជាកសិករផងនោះ មិនបានខកខានក្នុងការស្រាវជ្រាវពីការវិវឌ្ឍនៃប្រភេទចាប៉ី ពីណោតភ្លេង និងពីការសម្ដែងចាប៉ីដងវែង ពីមួយសម័យកាលទៅមួយសម័យកាលទៀតនោះទេ។
អាចលេងទាំងឧបករណ៍ភ្លេងបុរាណនិងសម័យ លោក រិទ្ធី ថាបទភ្លេងចាប៉ីសំខាន់ៗមាន៧បទ ហើយលោករៀបរាប់ដូច្នេះ៖«បើតាមប្រសាសន៍របស់លោកតាភិរម្យ ប្រាជ្ញ ឈួន ចាប៉ីដងវែងមានបទភ្លេងសំខាន់ៗចំនួន៧បទ។ ទី១ បទផាត់ជាយធំ៖ ប្រើនៅពេលចាប់ផ្ដើមសាច់បទ។ ២ ផាត់ជាយក្លាយ៖ ប្រើសម្រាប់ពិពណ៌នាសាច់រឿង។ ៣ សារោមេ៖ ប្រើសម្រាប់ពិពណ៌នាសាច់រឿង (កម្សត់ស្ទើរ)។ ៤ សារោមេជើងព្រៃ៖ ប្រើសម្រាប់ពិពណ៌នាសាច់រឿង (កម្សត់ស្ទើរ)។ ៥ នគររាជជើងព្រៃ៖ ប្រើសម្រាប់ពិពណ៌នាសាច់រឿង (កម្សត់)។
៦ នគររាជកំពង់សៀម៖ ប្រើសម្រាប់ពេលកម្សត់ខ្លាំង (បើនិយាយនៅក្នុងសាច់រឿងអ្វីមួយ បទនេះគេប្រើត្រង់ឈុតដែលមានតួអង្គណាម្នាក់ស្លាប់)។ ៧ លោម៖ ប្រើសម្រាប់ពិពណ៌នាសាច់រឿង ដែលមានបរិយាកាសបែបសប្បាយ (ឧ. ពេលព្រះរាជាយាងប្រពាតព្រៃ មានសេនា ឬភីលៀងច្រៀងរៀបរាប់ទេសភាព)»។
លោក ចាន់ រិទ្ធី ពន្យល់បន្ថែម៖«ក្រៅពីបទខាងលើ នៅមានបទផ្សេងទៀត ដែលគេយកមកធ្វើជាល្បោយ នៅក្នុងការច្រៀងចាប៉ី ដោយភាគច្រើនដកស្រង់ចេញពីបទភ្លេងការ ដើម្បីបន្ថែមបរិយាកាស។ ឧ. ដូចជាបទ “បំពេ”(ពោលពាក្យថ្នាក់ថ្នមលួងលោម) បទ “លលកស” (កំប្លុកកំប្លែង) និងបទ “ដំរីយោលដៃ” (សប្បាយរិករាយ)»។
សម្រាប់គម្រោងទៅថ្ងៃអនាគត លោក ចាន់ រិទ្ធី ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ គ្រោងចងក្រងឯកសារដែលបានស្រាវជ្រាវទាំងអស់ជាសៀវភៅ ក្រោយពីការកែសម្រួលខ្លឹមសារនិងចំណុចខ្វះខាតមួយចំនួនរួច។ សម្រាប់លោក រិទ្ធី ការចងក្រងសៀវភៅនេះមានន័យស្មើនឹងការរួមចំណែកផ្សព្វផ្សាយពីសិល្បៈចាប៉ីដងវែងឱ្យកាន់តែមានវិសាលភាព៕