ជាតិ
បន្ទាយស្រី​នឹងមាន​សហគមន៍​ទេសចរណ៍​ជិះទូក​កម្សាន្ត​តាម​ស្ទឹង​
12, Jan 2020 , 10:29 pm        
រូបភាព
​សៀមរាប​៖ គោលដៅ​ទេសចរណ៍​ថ្មី​មួយ​បន្ថែមទៀត នឹង​លេចចេញ​ជា​រូបរាង​នៅ​ភូមិសាស្ដ្រ​ស្រុក​បន្ទាយស្រី ។ នោះ​គឺជា​ការកម្សាន្ដ​ដោយ​ការ​ជិះទូក​តាម​ដងស្ទឹង​បន្ទាយស្រី​។ រដ្ឋបាល​ស្រុក​នឹង​ជំរុញ​ឱ្យ​សហគមន៍​រៀបចំ​តំបន់​ទេសចរណ៍​នេះ ដើម្បី​និរន្តរភាព​ក៏ដូចជា​បង្កើត​ចំណូល​ជូន​សហគមន៍​។​

 
​អភិបាលស្រុក​ស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ បាន​និយាយថា រដ្ឋបាល​ស្រុក​នឹង​ជួយ​ជំ​រុញឱ្យ​សហគមន៍​រៀបចំ​កន្លែង​អេកូ​ទេសចរណ៍ធម្មជាតិ​បន្ថែម ដើម្បី​បង្កើត​គោលដៅ​ទេសចរណ៍​ថ្មីៗ​ក្នុងស្រុក​បន្ទាយស្រី​។ តាម​ផែនការ​ស្រុក​គឺ​គ្រោង​រៀបចំ​ការកម្សាន្ត​ដោយ​ការ​ជិះ​ទូត​តាម​បណ្ដោយ​ស្ទឹង​បន្ទាយស្រី ដែល​កន្លងមក​ត្រូវបាន​ទុកចោល​និង​មិនមាន​ការកែច្នៃ​។ 


 
​ទីតាំង​សម្រាប់​ការកម្សាន្ត​នេះ គឺ​នៅ​ម្ដុំ​ស្ពាន​ផ្លូវ​ជិត​ប្រាសាទបន្ទាយស្រី​តែម្ដង​។ តាម​ការពន្យល់​របស់​លោក ឃឹម ហ្វី​ណង់ ទីតាំង​នេះ​មាន​ភាព​អំណោយផល​តែ​រដូវប្រាំង​ប៉ុណ្ណោះ ដ្បិតថា​រដូវវស្សា​ទឹក​ឡើង​ខ្ពស់​។ លោក ឃឹម ហ្វី​ណង់ រំពឹងថា សេវាកម្ម​នេះ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​បន្ថែមទៀត​សម្រាប់​ស្រុក​របស់លោក​។​
 
​បន្ថែម​ពីនេះ​លោក​អភិបាលស្រុក​ប្រាប់ថា គម្រោង​នេះ​ស្រុក​មិន​ចង់ឱ្យមាន​ការវិនិយោគ​ពី​វិ​យ​ឯកជន​ទេ គឺ​ចង់ឱ្យ​សហគមន៍​អ្នក​រៀបរាប់​ផ្ទាល់ ព្រោះថា​មិនអាច​យក​ធនធាន​សាធារណ​ប្រគល់ឱ្យ​ឯកជន​រកស៊ី​ទេ ប៉ុន្តែ​សហគមន៍​អាច​ចាប់​ដៃគូ​ជាមួយ​ឯកជន​ដើម្បី​វិនិយោគ និង​ចែក​ផលប្រយោជន៍​មួយផ្នែកធំ​ដល់​សហគម​ន៍​។ សម្រាប់​ការរៀបចំ​ដំបូង​នេះ រដ្ឋបាល​ស្រុក​គ្រោង​ឱ្យ​សហគមន៍​បឹង​ឈូក​ជា​អ្នករៀបចំ ដ្បិត​សហគមន៍​នេះ​មាន​ធនធាន ការគ្រប់គ្រង និង​មិនមាន​ភាពស្មុគស្មាញ​ក្នុងការ​រៀបចំ​។​
 
«​យើង​ចង់ឱ្យ​ជា​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ ហើយ​បែប​ផ្សងព្រេង​បន្ដិច​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឃឹម ហ្វី​ណង់ មុននឹង​បន្តថា ទីតាំង​ខាងលើ​មាន​ភាព​បន់​បែន​ច្រើន ដោយ​ត្រូវ​ចំណាយពេល​ច្រើន​ម៉ោង​ក្នុងការ​ជិះទូក​កម្សាន្ត តែ​យ៉ាងណា​លោក​ថា ក្រោយពេល​រៀបចំ​រួច ភ្ញៀវទេសចរ​អាច​ជ្រើសរើស​កញ្ចប់​ទស្សនា​និង​ពេលវេលា​បាន​តាម​តម្រូវការ​។ ជា​គោលដៅ​ធំ​សម្រាប់​អភិបាលស្រុក​ថ្មី លោក ឃឹម ហ្វី​ណង់ ដែល​ទើប​ឡើងកាន់តំណែង​ក្នុងអំឡុង​ខែ តុលា ឆ្នាំ​២០១៩ គឺ​លោក​មាន​មហិច្ឆតា​ចង់ឱ្យ​ឃុំ​ទាំង​៦​ក្នុងស្រុក​នេះ មាន​គោលដៅ​ទេសចរណ៍​ធំ​របស់ខ្លួន និង​ចង់ឱ្យ​ភូមិ​ទាំង​៣៦​របស់​ស្រុក​នេះ មាន​កន្លែង​ទេសចរណ៍​មួយ​សម្រាប់​ភូមិ​។​
 
​ក្រៅពីនេះ លោក ឃឹម ហ្វី​ណង់ ក៏​បង្ហើប​ពី​គោលដៅ​មួយទៀត​ដែល​ស្ថិតនៅ​ឃុំ​រំចេក​ផងដែរ​។ ទីតាំង​នេះ គឺ​នឹង​រៀបចំ​ឱ្យមាន​ជិះទូក​កម្សាន្ត​នា​រដូវវស្សា ដែលមាន​ភាព​អំណោយផល​មួយបែប​ពី​ទីតាំង​ខាងលើ ព្រោះ​ទីនេះ​អាច​ជិះទូក​កម្សាន្ត​រហូតដល់​ភ្នំ​បូក អមដោយ​ទេសភាព​ស្រស់ស្អាត​នា​រដូវវស្សា​។ ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នេះដែរ លោក​អភិបាល​បញ្ជាក់ថា រដ្ឋបាល​ស្រុក​កំពុង​សិក្សា​រៀបចំ និង​គ្រោង​ប្រកាស​ឱ្យ​សាធារណជន​ដឹង​ពី​សេវាកម្ម​ទេសចរណ៍​នានា​ដែលមាន​ក្នុងស្រុក​បន្ទាយស្រី​៕
 
 
 
 
 
 

Tag:
 បន្ទាយស្រី​
  សហគមន៍​ទេសចរណ៍​
  ជិះទូក​
  ស្ទឹង​បន្ទាយស្រី​
  ឃឹម ហ្វី​ណង់​
© រក្សាសិទ្ធិដោយ thmeythmey.com