ជាតិ
ឆ្នាំ២០១៩ សំណង់នៅកម្ពុជាមានជិត៥០០០គម្រោង កើនជិត១០០ភាគរយ ការដ្ឋានសាងសង់សំណង់មួយកន្លែង នៅខេត្តព្រះសីហនុ។
× ភ្នំពេញ៖ កម្ពុជាមានសំណង់នៅទូទាំងប្រទេសចំនួន ៤,៨៨៨គម្រោងក្នុងឆ្នាំ២០១៩ ដែលមានផ្ទៃក្រឡា ជាង២៣លានម៉ែត្រការ៉េ។ បើតាមរបាយការណ៍ការងារប្រចាំឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង គម្រោងសំណង់ទាំងនេះ ដែលមានតម្លៃវិនិយោគជាង១១,៤ពាន់លានដុល្លារ កើនឡើង៩៨,៧៣ភាគរយ បើធៀបនឹងឆ្នាំ២០១៨ មានតម្លៃប្រមាណ៥,៧ពាន់ដុល្លារ។
ក្នុងចំណោមសំណង់ទាំងជិត៥០០០ខាងលើ មាន៥០០គម្រោង ដែលមានផ្ទៃក្រឡាជាង២០លានម៉ែត្រការ៉េ និងទំហំវិនិយោគជាង១០,៤៣៣លានដុលា្លរ គឺស្ថិតនៅក្រោមសមត្ថកិច្ច ក្រសួងដែនដីផ្ទាល់។ រីឯសំណង់៤,៣៨៨គម្រោងទៀត ស្ថិតនៅក្រោមសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត ដែលមានផ្ទៃក្រឡាជិត៣លានម៉ែត្រការ៉េ ជាមួយនឹងតម្លៃវិនិយោគជិត៥០០លានដុល្លារ។
របាយការណ៍ដដែលនេះបានបញ្ជាក់ថា ឆ្នាំ២០១៩ សំណង់ខ្ពស់ៗ(ចាប់ពី៥ជាន់ឡើង)មាន៤៩៧គម្រោង ស្មើនឹង៥១៣អគារ។ ក្នុងនោះខេត្តព្រះសីហនុមាន ២៤៩អគារ។ សំណង់លំនៅឋានមាន ៤,០៧២គម្រោង, សំណង់បុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈបុរី ចំនួន៥៤គម្រោង, សំណង់អគារស្នាក់នៅរួមមាន១៧៣គម្រោង, សំណង់សណ្ឋាគារមាន៧៣គម្រោង, សំណង់អគារពាណិជ្ជកម្មមាន៣៥៧គម្រោង, សំណង់រោងចក្រមាន១៣៧គម្រោង និងសំណង់អគារពហុមុខងារ មាន១១៩គ្រោង។ ដោយឡែក សំណង់អគារផ្ទះល្វែង និងភូមិគ្រឹះ មានជិត៣ម៉ឺនល្វែងឬខ្នង។
ចាប់ពីឆ្នាំ២០០០ដល់២០១៩ ក្រសួងដែនដី បានអនុញ្ញាតការសាងសង់ទាំងប្រទេស ចំនួន៤៨,៤៤៦គម្រោង ដែលមានតម្លៃវិនិយោគប៉ាន់ស្មានជាង៥៣ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com