អន្តរជាតិ
ហ្វីលីពីន​កំពុង​ព្រួយបារម្ភ​ករណី​ភ្នំភ្លើង Taal ដែល​អាច​ផ្ទុះ និង​បង្ក​ឲ្យមានរលក​ស៊ូណាមិ​
13, Jan 2020 , 10:25 am        
រូបភាព
ផ្សែងភ្នំភ្លើងTaal លាយឡំជាមួយផ្លេកបន្ទោរ។Twitter, Michael Sagaran
ផ្សែងភ្នំភ្លើងTaal លាយឡំជាមួយផ្លេកបន្ទោរ។Twitter, Michael Sagaran
​នា​ថ្ងៃទី​១២ ខែមករា​ផ្សែង​ដ៏​សន្ធោសន្ធៅ​បាន​ហោះ​ទៅលើ​អាកាស ពេលខ្លះ​លាយឡំ​ជាមួយ​ផ្លេកបន្ទោរ​គួរ​ឲ្យ​ខ្លាច បានកើត​ចេញពី​កូនភ្នំ​ភ្លើង​មួយ នៅ​ភាគខាងត្បូង​រដ្ឋធានី​ម៉ានីល​។ គ្រោះមហន្តរាយ​នេះ ត្រូវបាន​អាជ្ញាធរ​ហ្វីលីពីន​ប្រកាសអាសន្ន​ថា អាចមាន​ករណី​ផ្ទុះ​ភ្នំភ្លើង និង​រលកស៊ូណាមិ ខណៈពេល​ប្រជាជន​ជាច្រើន​ពាន់​នាក់​ត្រូវ​ជម្លៀស ជើងហោះហើរ​ត្រូវ​ផ្អាក​បណ្តោះអាសន្ន និង​ការិយាល័យ​មន្ត្រីរាជការ​ត្រូវ​ឈប់សម្រាក​ផងដែរ​។

 
​កូនភ្នំ​ភ្លើង Taal ដែល​ស្ថិតនៅ​ភាគខាងត្បូង រដ្ឋធានី​ម៉ានីល​ចម្ងាយ ៧០​គីឡូម៉ែត្រ កំពុងស្ថិត​ក្នុង​ភាព​ប្រកាសអាសន្ន ថា​នឹង​អាច​ផ្ទុះ និង​បង្ក​ទៅជា​រលក​ស៊ូណាមិ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ផ្សែង​យ៉ាង​សន្ធោសន្ធៅ បាន​ហោះ​ឡើង​ទៅលើ​អាកាស​កម្ពស់ ១៥​គីឡូម៉ែត្រ និង​ពេលខ្លះ​មាន​លាយឡំ​ជាមួយ​ផ្លេកបន្ទោរ​។ ហេតុការណ៍​នេះ ត្រូវបាន​ប្រធាន​វិទ្យាស្ថាន​សិក្សា​ភ្នំភ្លើង និង​រញ្ជួយ​ដី លោក  Renato Solidum ប្រកាសអាសន្ន​ថា លទ្ធភាព ដែល​អាច​ផ្ទុះ​ភ្នំភ្លើង​មាន​រហូត​ទៅដល់​៤​លើ​៥​ឯណោះ​។ 
 
​ដោយ​បារម្ភ​ពី​លទ្ធភាព​ភ្នំភ្លើង​ផ្ទុះ អាជ្ញាធរ​ហ្វីលីពីន បានធ្វើការ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ជម្លៀស​ប្រជាជន ៨​ពាន់​នាក់ ដែល​រស់នៅក្នុង​តំបន់​នោះ​។ មកទល់ពេលនេះ មនុស្ស ៦​ពាន់​នាក់ បាន​ស្ថិតនៅក្នុង​តំបន់​សុវត្ថិភាព​ហើយ​។ ក្រៅពី​ជម្លៀស​ប្រជាជន ក្រុមហ៊ុន​អាកាសចរ​ហ្វីលីពីន បាន​លុបចោល​ជើងហោះហើរ​ចំនួន ១៧២ នា​ថ្ងៃទី​១២ ខែមករា ដោយសារតែ​ផ្សែង ដែល​កើតចេញពី​កូនភ្នំ​ភ្លើង Taal មាន​កម្រិត​ក្រាស់​ពេក​។ 
 
​ចំណែក​រដ្ឋាភិបាល​ហ្វីលីពីន​វិញ បានចេញ​បទបញ្ជា​ឲ្យ មន្ត្រីរាជការ​ផ្អាក​ការធ្វើការ​បណ្តោះអាសន្ន សាលារៀន​ត្រូវ​បិទ និង​កន្លែង​ផ្សេងទៀត​ត្រូវ​ផ្អាក​ការងារ​ដូចគ្នា ដើម្បី​សុវត្ថិភាព​សុខភាព​របស់​ប្រជាជន​ពី​ផ្សែង ដែល​កើតចេញពី​ភ្នំភ្លើង​។ 
 
​សូមបញ្ជាក់ថា ហ្វីលីពីន គឺជា​ប្រទេស ដែល​ស្ថិតនៅលើ​តំបន់​មួយ ដែល​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា «Ring of Fire»​។ «Ring of Fire» នេះ គឺជា​តំបន់ ដែល​អាចមាន​លទ្ធភាព​ផ្ទុះ​ភ្នំភ្លើង​យ៉ាង​ញឹកញាប់​នៅតាម​សមុទ្រ​ប៉ាស៊ីហ្វិក​។ ក្នុង​រយៈពេល ៥​សតវត្សរ៍​កន្លងមក​នេះ ភ្នំភ្លើង​Taal គឺមាន​ប​ន្ទុះ​ភ្នំភ្លើង​រហូតដល់ ៣០​លើក ហើយ​ការផ្ទុះ​ចុងក្រោយ​គឺ​នៅ​ឆ្នាំ ១៩៧៧ ៕

Tag:
 ហ្វីលីពីន​
© រក្សាសិទ្ធិដោយ thmeythmey.com