អន្តរជាតិ
ពិភពលោក​មានប្រតិកម្ម​ទាក់ទិន​នឹង​រឿង​ដែល​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​បណ្ដាល​ឲ្យ​មនុស្ស ១៧៦ នាក់​ស្លាប់​
13, Jan 2020 , 7:59 pm        
រូបភាព
មនុស្សម្នា​ប្រមូល​ផ្តុំ​ដើម្បី​អុជទៀន​ និង​គោរព​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ​អ៊ុយក្រែន នៅ​សាកលវិទ្យាល័យ Amri Kabir កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ ជន​រងគ្រោះ​មួយ​ចំនួន​ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ Amri Kabir នេះ។
មនុស្សម្នា​ប្រមូល​ផ្តុំ​ដើម្បី​អុជទៀន​ និង​គោរព​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ​អ៊ុយក្រែន នៅ​សាកលវិទ្យាល័យ Amri Kabir កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ ជន​រងគ្រោះ​មួយ​ចំនួន​ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ Amri Kabir នេះ។
ដោយ: VOA
​ដោយសារតែ​ប្រឈម​នឹង​ភស្តុតាង​ជាច្រើន ប្រទេស​អ៊ីរ៉ង់​បានទទួល​ស្គាល់​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ខ្លួន​ជា​អ្នកបាញ់​ទម្លាក់​ដោយ​ចៃដន្យ​នូវ​យន្តហោះ​អ៊ុយ​ក្រែ​ន​មួយគ្រឿង ដែល​ធ្វើ​ឲ្យ​មនុ​ស្សទាំង ១៧៦ នាក់​នៅលើ​យន្តហោះ​នោះ​ស្លាប់​។​

 
​ក្រោយពី​បដិសេធ​អស់​រយៈពេល ៣ ថ្ងៃ​រួចមក អ៊ីរ៉ង់​បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន​ដោយ​អ​ចេតនា​។ ពិភពលោក​ទាំងមូល​បាន​មានប្រតិកម្ម​ភ្លាមៗ​ចំពោះ​រឿងនេះ​។​
 
​នៅ​អ៊ីរ៉ង់ លោក​ឧត្ដមសេនីយ៍ Amir Ali Hajizadeh ដែលជា​មេបញ្ជាការ​កងពល​ដែនអាកាស​របស់​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ថា​កងពល​របស់លោក​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​នេះ​។ ចំណែកឯ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei និង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ក៏បាន​បង្ហាញ​ការសោកស្ដាយ​ចំពោះ​ហេតុការណ៍​នេះ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​ផងដែរ​។​
 
​នៅ​អ៊ុយ​ក្រែ​ន លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​អរគុណ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ប្រទេស​កាណាដា និង​ប្រទេស​ផ្សេងទៀត ទាក់ទិន​នឹង​ព័ត៌មាន​អំពី​ការធ្លាក់​យន្តហោះ​នេះ​។ លោក​បាន​និយាយថា ព័ត៌មាន​ទាំងនេះ «​បាន​ជួយ​យ៉ាង​ជាក់ច្បាស់​» នៅក្នុង​ការជំរុញ​ឲ្យ​អ៊ីរ៉ង់​ទទួលស្គាល់ថា​ខ្លួន​ជា​អ្នកបាញ់​យន្តហោះ​នោះ​ឲ្យ​ធ្លាក់​។​
 
​រីឯ​នៅក្នុង​ប្រទេស​កាណាដា​វិញ លោកនាយក​រដ្ឋមន្ត្រី Justin Trudeau បានទាមទារ​ឲ្យ​អ៊ីរ៉ង់​ផ្ដល់ «​ការបញ្ជាក់​ឲ្យ​បានច្បាស់លាស់​ពេញទំហឹង​» អំពី​ការបាញ់​ទម្លាក់​យន្តហោះ​នេះ ដែល​រដ្ឋាភិបាល​កាណាដា​ថា មាន​ជនជាតិ​កាណាដា ៥៧ នាក់ ជិះ​នៅលើ​នោះ​ផងដែរ​។​
 
​ចំណែកឯ​នៅ​សហរដ្ឋអាមេរិក​វិញ លោក​ប្រធានាធិបតី Donald Trump បានបង្ហាញ​ការគាំទ្រ​ចំពោះ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅពេលដែល​ពួកគេ​ចេញ​តវ៉ា​តាម​ដងផ្លូវ​ទាមទារ​ឲ្យ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ali Khamenei ចុះ​ចេញពី​តំណែង ក្រោយពី​រដ្ឋាភិបាល​ពួកគេ​ទទួលស្គាល់ថា បាន​បាញ់​ទម្លាក់​យន្តហោះ​នេះ​ដោយ​អ​ចេតនា​។​
 
​បន្ថែម​ពីនេះ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​បញ្ជាក់ថា​៖ «​សំឡេង​របស់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​គឺ​បញ្ជាក់​យ៉ាងច្បាស់​ថា ពួកគេ​ឆ្អែត​ចិត្តនឹង​ការ​កុហក​របស់​របប​ដឹកនាំ​អ៊ីរ៉ង់ អំពើពុករលួយ ភាព​ល្ងីល្ងើ និង​ភាពឃោរឃៅ​របស់​ក្រុម​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នៅក្រោម​របប​ពុករលួយ​ផ្ដាច់ការ​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ali Khamenei​។ សហរដ្ឋអាមេរិក​គាំទ្រ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់ ដែល​សម​នឹង​ទទួលបាន​អនាគត​ប្រសើរ​ជាង​នេះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com