អន្តរជាតិ
UN៖ ការមិន​អើពើ មិន​អាចជួយ​ទប់ស្កាត់​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​បានទេ តែ​អាច​នាំ​ឲ្យ​មាន​មហន្តរាយ​
14, Jan 2020 , 8:29 am        
រូបភាព
រូបភាពពីមជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ
រូបភាពពីមជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ
ដោយ:
​ប្រធាន​មហា​សន្និត​បាត​អង្គការសហប្រជាជាតិ លោក Tijani Muhammad-Bande បាន​សម្តែង​អារម្មណ៍​ខកចិត្ត​ចំពោះ​ការមិន​ត្រូវ​រូ​វ​គ្នា​របស់​មេដឹកនាំ​ពិភពលោក ក្នុងការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ជាពិសេស​ការបន្ត​កើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​តែម្តង​។ លោក Tijani មើលឃើញថា​ការ​អសកម្ម​បែបនេះ មិនអាច​ដោះស្រាយ​បញ្ហា​បានឡើយ​។

 
​នៅ​ចំពោះមុខ​ប្រតិភូ និង​មន្ត្រីជាន់ខ្ពស់​របស់​ពិភពលោក​ប្រមាណ​ជាង​មួយ​ពាន់​នាក់ លោក Tijani Muhammad-Bande នៅ​ថ្ងៃទី​១០ ខែមករា បាន​ព្រមាន​ថា ការមិន​អើពើ​នឹង​រុញច្រាន​ឲ្យ​គ្រប់​ជីវិត​ទាំងអស់​ប្រឈម​នឹង​ហានិភ័យ ហើយ​ជា​លទ្ធផល វា នឹង​បង្ក​ឲ្យ​មាន​មហន្តរាយ​ធ្ងន់ធ្ងរ រាប់បញ្ចូល​ការ​ការ​សឹក​រិច​រិល​ផែនដី ការបាត់បង់​ជីវៈចម្រុះ ការបំពុល​អាស៊ីត កង្វះ​ស្បៀង គ្រោះរាំងស្ងួត និង​ទឹកជំនន់​ជាដើម​។ 
 
​តាម​ការចុះផ្សាយ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ លោក Tijani Muhammad-Bande គូសបញ្ជាក់ថា ទោះបីជា​យើង​ជួប​រឿង​ខកចិត្ត​ចំពោះ​ភាព​អសកម្ម​របស់់​សហគម​ន៍​អន្តរជាតិ​ក្នុងការ​ឈានដល់​ការព្រមព្រៀង​ឯកច្ឆន្ទ​លើ​បញ្ហា​បម្រែបម្រួល​ក៏ដោយ យើង នៅតែ​បន្ត​ទៅមុខ​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​ប្រមុខ​មហាសន្និបាត​អង្គការសហប្រជាជាតិ​រូបនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កម្រិត​ជាន់ខ្ពស់​មួយ​ស្តីពី​អង្គការ​អន្តរជាតិ​ដើម្បី​ថាមពល​កើតឡើង​វិញ​។ កិច្ចប្រជុំ​នេះ មាន​គោលដៅ​រក​ដំណោះស្រាយ​លើ​ការគំរាមកំហែង​ដែល​ប្រឈម​ដោយ​ប្រទេស​កោះ​កំពុងអភិវឌ្ឍន៍ ដែល​កំពុង​រង​ការគំរាមកំហែង​ពី​ការលិចលង់​ទៅ​ក្រោម​ផ្ទៃសមុទ្រ​។​
 
​តាមរយៈ​វេទិកា​ដដែល​នោះ លោក បាន​សង្កត់ធ្ងន់ថា បម្រែបម្រួល​អាកាស គឺជា​ការគំរាមកំហែង​សន្តិសុខ និង​ការអភិវឌ្ឍ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កោះ​កំពុងអភិវឌ្ឍន៍​។ លោក កត់សម្គាល់ថា ការកើនឡើង​នៃ​កម្រិត​ទឹកសមុទ្រ កំពុង​គំរាមកំហែង​យ៉ាងខ្លាំង​លើ​ប្រទេស​ទំនាប និង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងមូល​របស់​ប្រទេស​ទាំងនោះ ហើយ​មិនយូរ​ឬ​ឆាប់​នោះទេ ប្រទេស​ទាំងនោះ ក៏​អាច​ត្រូវ​លិចលង់​ក្រោម​ផ្ទៃសមុទ្រ​តែម្តង​៕ 

Tag:
 បម្រែបម្រួល​អាកាស​អាកាសធាតុ​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com