កីឡាជាតិ
ជាតិ
ក្លិប​សៀមរាប​រៀបចំ​ពាន​អន្តរជាតិ Super Asia Cup ដើម្បី​តេស្ត​កីឡដ្ឋាន​ត្រៀម​រដូវ​កាល ២០២០
14, Jan 2020 , 7:59 am        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​ពាក់កណ្តាល​អាជីព​សៀមរាប​យូ​ណាយ​ធី​ត នឹង​រៀបចំ​ពានរង្វាន់​អន្តរជាតិ Siem Reap Super Cup ចាប់ពី​ថ្ងៃទី​២៣-២៦ ខែមករា ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន SRU ក្នុង​ខេត្តសៀមរាប ដែលមាន​ក្រុម​ខ្លាំងៗ​ចំនួន​៤​ចូលរួម​។ គណៈកម្មការ​រៀបចំ​រំពឹងថា នឹងមាន​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​មក​ទស្សនា​ការប្រកួត ដែល​សង្ឃឹមថា មាន​ភាពស្វិតស្វាញ​និង​ទាក់ទាញ​មួយ​នេះ​។   

 
​លោក ប៊ួ​យ ដា​រី អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​ពាក់កណ្តាល​អាជីព​សៀមរាប​យូ​ណាយ​ធី​ត​បានលើកឡើង​ពី​គោលបំណង​នៃ​ការរៀបចំ​ពានរង្វាន់ Siem Reap Super Asian Cup នេះ​ថា គឺ​ដើម្បី​តេស្ត​គុណភាព​កីឡដ្ឋាន SRU ដែល​ទើប​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ចុងឆ្នាំ​២០១៩​។ ការធ្វើ​តេស្ត​នេះ ធ្វើឡើង​ក្រោយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ និង​សូល​ទី​ឡូ​អង្គរ ប្រើប្រាស់​កីឡដ្ឋាន​នេះ​ធ្វើជា​ទឹកដី ពេល​ពួកគេ​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០២០​។  
 
«​យើង​រៀ​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដោយសារតែ​កីឡដ្ឋាន​យើង​ទើបតែ​ចាប់​ផ្ដើមធ្វើ ដែល​នេះ​ជា​ឱកាស​មួយ ហើយក៏​ដោយសារតែ​កីឡដ្ឋាន​របស់​យើង​នឹង​ទទួល​ក្រុម​ពីរ​នៅ​លី​គ​កំពូល​កម្ពុជា គឺ​អង្គ​រថា​យ​ហ្គឺ​រ និង​សូល​ទី​ឡូ​អង្គរ​។ ដូច្នេះ​យើង​ចង់​តេស្ដ​ទីលាន និង​ការរៀបចំ​របស់​យើង​។ យើង​ពិត​ជាមាន​មោទកភាព​មែនទែន ដែល​អាច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​ឡើង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៊ួ​យ ដា​រី ដែល​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​បានល្អ ដោយ​រំពឹង​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​មក​ចូលរួម​ទស្សនា​ការប្រកួត​អន្តរជាតិ​លើកដំបូង​នេះ​។ 


 
​ក្រុម​ទាំង​៤​ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​នេះ​រួម​មាម​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​, វិសាខា​, Bhayangkara FC របស់​ឥណ្ឌូណេស៊ី និង​ក្រុម Petaling Jaya City FC របស់​ម៉ាឡេស៊ី​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣-២៦ ខែមករា ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន SRU ក្នុង​ខេត្តសៀមរាប​។ 
 
​បើតាម​លទ្ធផល​ចាប់ឆ្នោត​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម Petaling Jaya City នៅ​ថ្ងៃទី​២៣ ខែមករា ខណៈ​វិសាខា​ប៉ះ​ក្រុម Bhayangkara FC នៅ​ថ្ងៃទី​២៤ ខែមករា​។ ការប្រកួត​ធ្វើឡើង​តែមួយ​ជើង​ប៉ុណ្ណោះ ពោលគឺ​ក្រុម​ឈ្នះ​ក្នុង​ការប្រកួត​ទាំងពីរ​នឹង​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​នៅ​ថ្ងៃទី​២៦ ខែមករា ក្រោយ​ក្រុម​ចាញ់​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០​។ ក្នុងករណី​បញ្ចប់​លទ្ធផល​ស្មើ​ក្នុងការ​ប្រកួត​៩០​នាទី ក្រុម​ទាំងអស់​ត្រូវ​ទាត់​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​តែម្តង គឺ​ពុំមាន​ការបន្ថែម​១៥​នាទី​ពីរដង​នោះទេ​។ 
 
​សំបុត្រ​ចូលរួម​ទស្សនាការ​ប្រកួត​ពានរ​ង្វាន់​អន្តរជាតិ​នេះ​មាន​ពីរ​ប្រភេទ គឺ​តម្លៃ​៤​ពាន់​រៀល​(​កន្លែង​គ្មាន​ដំបូង​)​និង​១​ម៉ឺន​រៀល​(​មាន​ដំបូង​)​។ តែ​ទស្សនិកជន​ចំណាយ​តែ​១,២០០០​រៀល​ប៉ុណ្ណោះ​សម្រាប់​សំបុត្រ​តម្លៃ​៤​ពាន់​រៀល បើ​ទិញ​សរុប​ទាំង​៤​ប្រកួត និង​ចំណាយ​៣​ម៉ឺន​រៀល​សម្រាប់​សំបុត្រ​តម្លៃ​១​ម៉ឺន​រៀល​៕  





Tag:
 បាល់ទាត់​
  Siem Reap Super Cup
© រក្សាសិទ្ធិដោយ thmeythmey.com