លោក អា​បេ​៖ ការផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ស្ថិរភាព​ពិភពលោក​
អន្តរជាតិ
លោក អា​បេ​៖ ការផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ស្ថិរភាព​ពិភពលោក​
13, Jan 2020 , 5:01 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ (ខាងឆ្វេង) ជាមួយនឹងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman, រូបភាព៖ AP
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ (ខាងឆ្វេង) ជាមួយនឹងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman, រូបភាព៖ AP
​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​នៅ​តំបន់​មជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បាន​ទទូច​ឲ្យ​ប្រទេស​ទាំងអស់ ដែល​កំពុងមាន​ជម្លោះ​ជាមួយ​អ៊ីរ៉ង់ កាត់បន្ថយ​ភាព​តានតឹង ដើម្បី​ស្ថិរភាព និង​សន្តិភាព​របស់​ពិភពលោក​។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន លោក​Masato Ohtaka នៅ​ថ្ងៃទី​១៣ ខែមករា​។


 
​ស្របពេល​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​អាមេរិក កំពុងតែ​ក្តៅគគុក នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បានធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត អូ​ម៉​ង់ និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដើម្បី​ជជែក​ពី​បញ្ហា​តំបន់ សុវត្ថិភាព​ថាមពល (Energy Security) និង​ការបញ្ជូន​នាវាចម្បាំង​ជប៉ុន​ទៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ជាដើម​។ ដោយ​ចាក​ចេញពី​ជប៉ុន​នៅ​ថ្ងៃទី​១១ ខែមករា នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ិន​ហ្សូ អា​បេ បាន​ជួប​ជាមួយ​ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman នៅ​ថ្ងៃទី​១២ ខែមករា​។ 
 
​តាមរយៈ​ជំនួប​ប្រមាណ​ជាង​១​ម៉ោង ជាមួយ​ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត លោក​អា​បេ បាន​បញ្ជាក់ថា ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប្រទេស​ណាមួយ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​អ៊ីរ៉ង់ វា​មិន​ត្រឹមតែ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​នៅក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​ឲ្យ​មាន​អស្ថិរភាព និង​បញ្ហា​សន្តិសុខ​ដល់​ពិភពលោក​ថែម​ទៀតផង​។ បើតាម​នាយករដ្ឋមន្ត្រី​ជប៉ុន វិធី​តែមួយគត់ ដើម្បី​បញ្ចៀស​វិបត្តិ​ទាំងនេះ​បាន ល្គិ​កណា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ដោះស្រាយ​បញ្ហា​តាមផ្លូវ​ការទូត​។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន លោក Ohtaka​។ 
 
​ក្រៅពី​បញ្ហា​អ៊ីរ៉ង់ មេដឹកនាំ​ទាំងពីរ ក៏បាន​យល់ព្រម​សហការ​ជាមួយគ្នា ដើម្បី​ពង្រឹង​សន្តិសុខ​តាមផ្លូវ​សមុទ្រ​ផងដែរ ក្នុងនោះ​រួមមាន ការបញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ស៊ើបការណ៍​P-3C ទៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ផងដែរ​។ កន្លងមក អាមេរិក​ក៏​ធ្លាប់​បបួល​ជប៉ុន​ឲ្យ​សហការ​ជាមួយគ្នា​ដែរ លើ​បញ្ហា​បញ្ជូន​នាវាចម្បាំង​ទៅ​មជ្ឈិមបូព៌ា ប៉ុន្តែ​ត្រូវបាន​ជប៉ុន​បដិសេធ ព្រោះ​មិន​ចង់​ប្រឈមមុខ​ផ្ទាល់ និង​ចៀសវាង​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​។  
 
​សូមបញ្ជាក់ថា តំបន់​មជ្ឈិមបូព៌ា កំពុងស្ថិត​ក្នុង​ភាព​តានតឹង បន្ទាប់ពី​យន្តហោះ​ដ្រូ​ន​អាមេរិក បានធ្វើ​ឃាត​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ Qasem Soleimani​។ ជាការ​សង​សឹង អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​កជាង​១០​គ្រាប់ ដើម្បី​វាយប្រហារ​ទៅលើ​បន្ទាយ​ឈរជើង​របស់​អាមេរិក នៅ​អ៊ីរ៉ាក់​វិញ​។ បើទោះបីជា​អាមេរិក មិនមាន​វិធានការ​តប​មែន ប៉ុន្តែ​អាមេរិក បានសម្រេច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​ជំនួស​៕ 

Tag:
 ជប៉ុន​
  មជ្ឈិមបូព៌ា​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com