រថយន្ត
អន្តរជាតិ
ស្តេច​ថៃ ចេញ​រាជបញ្ជា​ហាម​ប៉ូលិស​បិទផ្លូវ​ទាំងស្រុង សម្រាប់​ក្បួន​រាជ​ទីនាំង​រថយន្ត​
13, Jan 2020 , 8:39 pm        
រូបភាព
ដោយ:
​មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ បានចេញ​ព្រះរាជ​បញ្ជា​ឲ្យ​ប៉ូលិស​បញ្ឈប់​ការបិទផ្លូវ​ទាំងស្រុង ក្នុង​ទីក្រុង បាងកក សម្រាប់​ក្បួន​រាជ​ទីនាំង​រថយន្ត​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បញ្ជាក់​បែបនេះ នៅ​ថ្ងៃ​១៣ មករា ។

 
​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អ្នកស្រី​អ្នកនាំពាក្យ​ថៃ Narumon Pinyosinwat គូសបញ្ជាក់ថា ការិយាល័យ​ប៉ូលិស​ភូមិន្ទ​ថៃ (RTPO) បានដាក់​ចេញ​វិធានការ​ចាំបាច់​ខ្លះ ដែល​នឹងត្រូវ​អនុវត្ត​ក្នុង​គោលដៅ​សម្រួល​ចរាចរណ៍​កាន់តែ​ប្រសើរ​ក្នុង​ព្រឹត្តិការណ៍​នៃ​ក្បួន​រាជ​ទីនាំង​រថយន្ត​។ អ្នកស្រី Narumon សង្កត់ធ្ងន់ថា មហាក្សត្រ សម្តែង​ព្រះទ័យ​ព្រួយបារម្ភ​ថា ការធ្វើ​ព្រះរាជដំណើរ​របស់​ទ្រង់ ឬ​សែ​រាជវង្ស​ទ្រង់ អាច​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន​ថៃ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ វិធានការ​ទាំងនោះ គឺ​រួមមាន អនុញ្ញាត​ឲ្យ​ចរាចរណ៍​ក្នុង​គន្លង​បញ្ចៀស​ពី​ក្បួន​រាជ​ទីនាំង​រថយន្ត ធ្វើ​សកម្មភាព​ធម្មតា និង​អនុញ្ញាត​ឲ្យ​ប្រជាជន​បន្ត​ប្រើ​ស្ពាន​អាកាស​ពីលើ​ផ្លូវ​ក្បួន​រាជ​ទីនាំង​រថយន្ត ជាដើម​។ នេះ​មានន័យថា ប៉ូលិស​ថៃ នឹង​បិទ​តែ​គន្លង​ដែល​ក្បួន​រាជ​ទីនាំង​រថយន្ត បើកបរ​លើ​ប៉ុណ្ណោះ​។​
 
​បាងកក ដែលជា​រាជធានី​នៃ​ប្រទេស​ថៃ គឺជា​ទីក្រុង​មួយ​ដែលមាន​ការកកស្ទះ​ខ្លាំង​បំផុត​លើ​ពិភពលោក​។ បើតាម​ក្រុមហ៊ុន​វិភាគ​ចរាចរណ៍​មួយ INRIX ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក ទីក្រុង បាងកក ក្នុង​ឆ្នាំ ២០១៧ ជាប់​ចំណាត់ថ្នាក់​លេខ ១១ ។ 
 
​មែនទែនទៅ រាជបញ្ជា​របស់​ស្តេច​រាមា​ទី​១០​អង្គ​នេះ ធ្វើឡើង​ក្រោយ​មានការ​រិះគន់​ដ៏​កម្រ​លើ​ក្បួន​រាជ​ទីនាំង​រថយន្ត ដោយ​ពលរដ្ឋ​ខ្លះ បាន​សម្តែង​មា​តិ​រិះគន់​ពួកគេ​លើ​អន​ឡាញ កាលពី​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ កាលពី​ចុងឆ្នាំ​២០១៩ ឃ្លា​ថា « #royalmotorcade» ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​មួយ​លើ​បណ្ដាញ​សង្គម Twitter ជា​ភាសា​ថៃ​។ 
 
​ឃ្លា​មួយ​ផ្សេងទៀត «#islandsclosure» ក៏បាន​ស្ទុះ​ឡើងលើ​ប​ញ្ចី​ពេញនិយម (trending list) អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​ឆ្លង​ឆ្នាំ​ថ្មី​ផងដែរ ព្រោះតែ​ប្រជុំ​កោះ​ទេសចរណ៍​នៅ​ភាគខាងត្បូង បាន​បិទ​សម្រាប់​ព្រះរាជទស្សនកិច្ច​របស់​ព្រះអនុជ​ពៅ​របស់​មហាក្សត្រ​ថៃ​។ សូមបញ្ជាក់ថា ប្រទេស​ថៃ មានច្បាប់​តឹងតែង​មួយ​ប្រឆាំងនឹង​ការប្រមាថ​ស្តេច ព្រះ​អគ្គមហេសី និង​រាជទាយាទ​។ បុគ្គល​រូប​ណា​ដែល​បំពាន់​ច្បាប់​នេះ ប្រឈម​នឹង​ការជាប់គុក​រហូតដល់ ១៥ ឆ្នាំ​៕

Tag:
 ថៃ​
  មហាក្សត្រ​
  មហា វ​ជិ​រាល​ង្ក​រណ៍​
  ក្បួន​រាជ​ទីនាំង​រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com