ក្នុង​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក សម្តេច ហេង សំរិន អំពាវនាវ​ឲ្យ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​
ជាតិ
ក្នុង​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក សម្តេច ហេង សំរិន អំពាវនាវ​ឲ្យ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​
13, Jan 2020 , 9:59 pm        
រូបភាព
លោក ហេង សំរិន ក្នុងកិច្ចប្រជុំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ដ្រាលី
លោក ហេង សំរិន ក្នុងកិច្ចប្រជុំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ដ្រាលី
​ភ្នំពេញ​៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា អំពាវនាវ​ដល់​ប្រទេស​នានា ទាំង​ប្រទេស​មហាអំណាច ប្រទេស​មហា​អំ​ណា​កណ្ដាល និង​រដ្ឋ​តូចៗ រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី រួមទាំង​ដាក់ចេញ​វិធានការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។


 
​ការអំពាវនាវ​របស់​សម្ដេច ហេង សំរិន គឺធ្វើឡើង​ក្នុង​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៨  (APPF) នៅ​ទីក្រុង​កង់​បេ​រ៉ា ប្រទេស​អូស្ដ្រាលី នា​ថ្ងៃទី​១៣ មករា ឆ្នាំ​២០២០​។ សម្តេច ថ្លែងថា វេទិកា​នេះ ជា​ឱកាស​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ភា និង​ស្ថាប័ន​ពហុភាគី ដើម្បី​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម និង​រួមគ្នា​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ 
 
​សម្ដេច ហេង សំរិន បាន​លើក​ឡើយ​ថា សណ្ដាប់ធ្នាប់​ថ្មី ត្រូវតែ​រៀបចំ​រួមគ្នា ហើយ​អ្នកតាក់តែង​ច្បាប់​ក៏​អាច​សម្រប​ខ្លួន​ទៅនឹង​បទដ្ឋាន និង​វិធាន​អន្តរជាតិ ជំរុញ​ការដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​។ សម្តេច បន្តថា ការបង្កើត​នេះ គឺ​ពឹងពាក់​គ្នា​ទៅវិញទៅមក និង​ផ្ដល់​អំណាច​ឲ្យ​ប្រជាជន​ចូលរួម​ក្នុង​នយោបាយ​ពិភពលោក​។ 


កិច្ចប្រជុំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ដ្រាលី
 
​សម្តេច​ប្រធានរដ្ឋសភា បន្ថែមថា កម្ពុជា​ប្ដេជ្ញា​លើ​កម្ពស់​កិច្ចសហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​អន្តរជាតិ​ដើម្បី​សម្រេចបាន​ចក្ខុវិស័យ និង​ផលប្រយោជន៍​រួម ក្នុង​ការកសាង​សង្គម​ប្រកបដោយ​សន្តិភាព និង​មាន​ចីរភាព​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។ 
 
​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៨​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ផ្នែក​នីតិបញ្ញត្តិ​នៃ​ប្រទេស​នានា ជា​សមាជិក​។ មាន​ប្រទេស​២៧ ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ជា​សមាជិក​នៃ​វេទិកា​នេះ​។ កិច្ច​ប្រចាំឆ្នាំ​លើក​ទី​២៨​នេះ គឺ​កំពុង​ពិចារណា​លើ​សេចក្ដីសម្រេច​ជាង​៤០ ទាក់ទង​នឹង​បញ្ហានយោបាយ និង​សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​កិច្ចការ​របស់​ស្រី្ត​។ 
 
​សូមបញ្ជាក់ថា ការបង្កើត​វេទិកា​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​អតីត​នាយ​រដ្ឋ​ម​ន្រី្ត​ជប៉ុន​លោក Yasuhiro Nakasone ដែល​លោក​បានទទួល​មរណភាព​កាលពី​ឆ្នាំ​ទៅក្នុង​អាយុ​១០១​ឆ្នាំ​។  គោលបំណង​នៃ​ការបង្កើត APPF គឺ​ដើម្បី​ប្រមូលផ្តុំ​សភា​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ជួបប្រជុំ​ប្រចាំឆ្នាំ រក​ដំណោះស្រាយ​រួម​លើ​បញ្ហា​នានា និង​ជំរុញ​ឲ្យ​មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ទាំង​ក្នុង​តំបន់​និង​សាកលលោក​៕ 
 

Tag:
 APPF
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com