ក្រសួង គ្រោង​បង្កើត​តំបន់​ជនជាតិដើម​ឡាំ​មេះ នៅ​មណ្ឌលគិរី ធ្វើជា​តំបន់​អភិរក្ស​បេតិកភណ្ឌ​
ជាតិ
សង្គមជាតិ
ក្រសួង គ្រោង​បង្កើត​តំបន់​ជនជាតិដើម​ឡាំ​មេះ នៅ​មណ្ឌលគិរី ធ្វើជា​តំបន់​អភិរក្ស​បេតិកភណ្ឌ​
13, Jan 2020 , 10:39 pm        
រូបភាព
ដើមឈើដែល​ដុះ​ព័ន្ធ​ជុំវិញថ្មនៅ​តាម ចង្កេះភ្នំណាម​លៀរ ខេត្ត​មណ្ឌលគិរី
ដើមឈើដែល​ដុះ​ព័ន្ធ​ជុំវិញថ្មនៅ​តាម ចង្កេះភ្នំណាម​លៀរ ខេត្ត​មណ្ឌលគិរី
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន គ្រោង​បង្កើត​តំបន់​ឡាំ​មេះ ដែលជា​តំបន់​ជនជាតិដើម​ភាគតិច​រស់នៅ ធ្វើជា​តំបន់​អភិរក្ស​បេតិកភណ្ឌ នៅ​ភ្នំ​ណា​ម​លៀរ ខេត្តមណ្ឌលគិរី​។ ក្រសួងបរិស្ថាន បាន​សិក្សា​ស្រាវជ្រាវ និង​កំណត់ថា តំបន់​នោះ ជា​តំបន់​ដែលមាន​អាយុកាល​ដ៏​យូរលង់​មកហើយ និង​ជា​តំបន់​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​នៅក្នុង​ខេត្តមណ្ឌលគិរី​។​


 
​លោក លឿង កេស​រោ ប្រធាន​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ​នៃ​ក្រសួងបរិស្ថាន បាន​អះអាងថា គោលបំណង​នៃ​ការបង្កើត​តំបន់​ឡាំ​មេះ​នេះ គឺ​ដើម្បី​ថែរក្សា​ស​ម្ប​តិ្ត​ធម្មជាតិ ដោយ​អនុម័ត​ចុះ​ប​ញ្ចី​តំបន់​នោះ ជា​ដី​សាធារណៈ​របស់​រដ្ឋ និង​បោះ​បង្គា​ល​កំណត់ព្រំដែន​ឲ្យ​បានច្បាស់លាស់​។ សម្តី​របស់លោក ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០​។ 
 
​ចំណែក លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ បាន​បញ្ជាក់ថា តំបន់​អភិរក្ស​បេតិកភណ្ឌ​នេះ​ជា​កន្លែង​ដែល​ជនជាតិដើម​ភាគតិច​ព្នង​ជាច្រើន​ជំនាន់ ចាត់ទុកជា​កន្លែង​សក្ការបូជា​ដ៏​ស័ក្ដិ​សិទ្ធ​។ នេះ​បើតាម​ប្រភពពី​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​ដដែល​។​
 
​លោក លើកឡើងថា នៅក្នុង​តំបន់​នោះ សម្បូរ​ទៅដោយ​ផ្ទាំង​ថ្ម​ធំៗ​ជាច្រើន​ដុះ​បន្តុប​គ្នា មើលទៅ​មាន​រាងដូចជា​ប្រាសាទបុរាណ ដែល​ផ្ទាំង​ថ្ម​នីមួយៗ មាន​ប្រវែង​២​ម៉ែត្រ​។ លោក បន្តថា នៅ​ចន្លោះ​ផ្ទាំង​ថ្ម​ខ្លះ​មាន​ដើមឈើ​ដុះ​ព័ន្ធ​ជុំវិញ និង​មាន​ប្រភេទ​ដើមឈើ​មួយចំនួនទៀត ដូចជា ដើម​រកា ដើម​ជ្រៃ​លាភ នាងនួន ធ្ន​ង ស្រឡៅ ឈើទាល និង​ឫស្សី ជាដើម​។ 
 
​លោក បន្ថែមថា ក្រោយពី​ក្រុមការងារ​ផ្នែក​បរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង អាជ្ញាធរ​មូលដ្ឋាន បាន​សិក្សា​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​តំបន់​នេះ​រូ​ចមក ក្រុមមន្ត្រី​ពាក់ព័ន្ធ បាន​សង្កេតឃើញថា តំបន់​នោះ មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​ដែល​រស់នៅ​ប្រមូល​ផ្តុំគ្នា ដូចជា ក្តាន់​ញ៉ែង ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មា​របា និង សត្វ​កេងកង ជាដើម ព្រមទាំង​មាន ទឹកជ្រោះ​ធ្លាក់​ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​បាន​ផងដែរ​៕

ផ្ទាំងថ្មធំៗ​ដែលដុះ​នៅ​តាមចង្កេះ​ភ្នំណាមលៀរ ខេត្តមណ្ឌលគិរី រូបភាពពីក្រសួងបរិស្ថាន​


Tag:
 ក្រសួងបរិស្ថាន​
 ​តំបន់​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com