ជាតិ
រថយន្ត
កម្ពុ​ជាមាន​ច្រក​ដឹកជញ្ជូន​ជាមួយ​វៀតណាម​ ​៩កន្លែង ថៃ និង​ឡាវ​១​កន្លែង​
14, Jan 2020 , 8:59 am        
រូបភាព
រថយន្តកុងតឺន័រ ដឹកទំនិញ ពីថៃមកខ្មែរតាម ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ។ រូបថត៖ អ៊ីសា រ៉ូហានី
រថយន្តកុងតឺន័រ ដឹកទំនិញ ពីថៃមកខ្មែរតាម ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ។ រូបថត៖ អ៊ីសា រ៉ូហានី
​ភ្នំពេញ​៖ ការងារ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ ទៅវិញទៅមក រវាង​កម្ពុជា ជាមួយ​បណ្តា​ប្រទេសជិតខាង ដែលមាន វៀតណាម ថៃ និង​ឡាវ សរុប​ប្រមាណ​១០​កន្លែង ក្នុងនោះ កម្ពុជា​-​វៀតណាម មាន​ច្រកទ្វារ រួមគ្នា កើន​ដល់​៩​កន្លែង ខណៈដែល​ថៃ និង​ឡាវ មាន​ច្រកទ្វារ ជាមួយ​កម្ពុជា ត្រឹម​មួយៗ​កន្លែង ប៉ុណ្ណោះ​។ នេះ​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

 
​របាយការណ៍​ខាងលើ​បានបញ្ជាក់ ថា ក្នុង​ដំណើរការ​នៃ​ការងារ​ដឹកជញ្ជូន​រវាង​កម្ពុជា​-​វៀតណាម  ដោយមាន​យានយន្ត បាន​ចុះបញ្ជី​លើ​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី​ជិត​១០០០​គ្រឿង ក្នុងនោះ ភាគី​វៀតណាម មាន​យានយន្ត​ដឹក​អ្នកដំណើរ​២៦៨​គ្រឿង និង​ដឹកទំនិញ​២៣២​គ្រឿង​។ កម្ពុជា​វិញ មាន​យានយន្ត​ដឹក​អ្នកដំណើរ​៣៨៤​គ្រឿង និង​ដឹកទំនិញ​ត្រឹម ១១៥​គ្រឿង​។​
 
​ដោយឡែក ច្រកទ្វារ​អន្តរជាតិ រវាង​កម្ពុជា​-​ថៃ ដែលមាន​តែមួយគត់​នោះ គឺ​ប៉ោយប៉ែត​-​អរញ្ញ​ប្រាថេត ដោយមាន​រថយន្ត​ភាគី​ថៃ​បាន​ចុះបញ្ជី​ក្នុងការ​ដឹកជញ្ជូន ចំនួន​៨៩​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ដឹកទំនិញ​៨០​គ្រឿង​។ រីឯ​កម្ពុជា មាន​យានយន្ត​៤៧​គ្រឿង​បាន​ចុះបញ្ជី ប៉ុន្តែ​សុទ្ធ​ជា​រថយន្ត​ដឹក​អ្នកដំណើរ​ទាំងអស់​។ 
 
​រីឯ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល​-​ណង​ណុ​ក​ខៀន ជា​ច្រក​តែមួយ​របស់​កម្ពុជា​-​ឡាវ ដែរនោះ កម្ពុជា​មានតែ​យានយន្ត​ដឹក​អ្នកដំណើរ​៤​គ្រឿង​ចុះបញ្ជី​ក្នុងការ​ដឹកជញ្ជូន ផ្ទុយ​ពី​ប្រទេស​ឡាវ មាន​យានយន្ត​១៤​គ្រឿង បាន​ចុះបញ្ជី ហើយ​គឺជា​យានយន្ត​ដឹកទំនិញ​ទាំងអស់​។​
 
​ចំពោះ​កិច្ចព្រមព្រៀង​ត្រីភាគី​កម្ពុជា វៀតណាម ឡាវ លើ​ការងារ​ដឹកជញ្ជូន ប្រទេស​នីមួយៗ​អាច​ចេញ​កូតា​បាន​១៥០​គ្រឿង​នៃ​យានយន្ត​ដឹក​អ្នកដំណើរ និង​ដឹកទំនិញ  នៅតាម​ច្រកព្រំដែន​អន្តរជាតិ ចំនួន​៧ ជាមួយ​វៀតណាម និង​១​ច្រក ជាមួយ​ប្រទេស​ឡាវ​។ ក្នុងចំណោម​យានយន្ត​ទាំង​១៥០​ដែល​បាន​ចុះបញ្ជី​របស់​កម្ពុជា គឺមាន​រហូតដល់​១០០​គ្រឿង ជា​យានយន្ត​ដឹក​អ្នកដំណើរ និង​៥០​គ្រឿង​ទៀត ជា​យានយន្ត​ដឹកទំនិញ​។  ផ្ទុយស្រឡះ​ពី​វៀតណាម​ដែលមាន​យានយន្ត​ទំនិញ​ចំនួន​៩៩​គ្រឿង  និង​រថយន្ត​ដឹកទំនិញ ត្រឹម​៥១​គ្រឿង ប៉ុណ្ណោះ ខណៈដែល​ប្រទេស​ឡាវ មិនទាន់​យានយន្ត​ចុះបញ្ជី​លើ​ការដឹកជញ្ជូន​ទៅមក​នៅឡើយ​។ 
 
​កាលពី​ថ្ងៃទី​២៦​កុម្ភៈ ឆ្នាំ​២០១៩  កម្ពុជា និង វៀតណាម  បាន​ចុះហត្ថលេខា​លើ​ការកែសម្រួល​ពិធីសារ​ដឹកជញ្ជូន​ឆ្នាំ​២០០៥ នឹង​បង្កើន​ច្រកទ្វារ​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ ឱ្យបាន​៩​កន្លែង និង​ត្រៀម​ច្រកទ្វារ​អន្តរជាតិ​១០​កន្លែង​បន្ថែមទៀត  សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់ និង​ចេញ​-​ចូល​បាន​(​លើកលែង​សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ​។ នេះ​បើ​យោងតាម​រាប​យ​ការណ៍​ដដែល​ខាងលើនេះ​៕ 

Tag:
 ព្រំដែន​
  រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com