ម៉ាសបិតមុខផ្សំឡើងពីផ្លែចេកទុំមិនត្រឹមតែជួយរក្សាសំណើមស្បែកមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់សារធាតុចិញ្ចឹមនិងប្រសើរចំពោះស្បែកមុខគ្រប់ប្រភេទតែម្ដងមិនថាខ្លាញ់ ឬស្ងួតឡើយ។
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនចេកទុំមួយផ្លែឱ្យម៉ដ្ឋរួចលាបលើមុខ ឬអាចសាកល្បងតាមរូបមន្តធម្មជាតិដែល នឹងបង្ហាញជូនខាងក្រោម ៖
១. សម្រាប់ស្បែកមុខខ្លាញ់
អ្វីដែលអ្នកត្រូវការ គឺចេកទុំ ១ ផ្លែ ទឹកឃ្មុំ ២ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ។
អ្វីដែលអ្នកត្រូវធ្វើ គឺកិនសាច់ចេកទុំឱ្យម៉ដ្ឋ រួចបន្ថែមទឹកឃ្មុំនិងទឹកក្រូចឆ្មារចូល។ កូរឱ្យសព្វ ឬក៏អាចដាក់គ្រឿងផ្សំទាំងអស់ក្នុងម៉ាស៊ីនក្រឡុក ហើយកិនក្រឡុកឱ្យម៉ដ្ឋល្អ។ លាបល្បាយលើមុខសម្រាប់រយៈពេល ១៥ នាទី សឹមសម្អាតចេញដោយប្រើក្រណាត់សើមត្រជាក់ស្អាត។ ចុងក្រោយកុំភ្លេចប្រើប្រាស់ប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកមុខជាការស្រេច។
២. សម្រាប់ស្បែកមុខស្ងួត
អ្វីដែលអ្នកត្រូវការ គឺចេកទុំនិងផ្លែបឺរទុំ។
អ្វីដែលត្រូវធ្វើ គឺកិនសាច់ផ្លែចេកនិងផ្លែបឺរចូលគ្នាឱ្យសព្វក្លាយជាល្បាយទន់ម៉ដ្ឋ។ លាបល្បាយលើផ្ទៃមុខនិងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។
៣. សម្រាប់ស្បែកឆាប់ប្រតិកម្ម
អ្វីដែលអ្នកត្រូវការ គឺចេកទុំ ១ ផ្លែ យ៉ាអួរសុទ្ធ ៤ ស្លាបព្រាបាយ និងទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ។
អ្វីដែលអ្នកត្រូវធ្វើ គឺកិនគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វ សឹមលាបល្បាយលើផ្ទៃមុខ។ ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
៤. សម្រាប់ស្បែកងាយកើតមុន
អ្វីដែលអ្នកត្រូវការ គឺចេកទុំ ១ ផ្លែ ម្សៅ Baking soda កន្លះស្លាបព្រាកាហ្វេ និងម្សៅរមៀត មួយចុងស្លាបព្រាកាហ្វេ។
អ្វីដែលអ្នកត្រូវធ្វើ គឺកិនលាយគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យម៉ដ្ឋសព្វ។ លាបល្បាយលើផ្ទៃមុខ ហើយលាងសម្អាតចេញរយៈពេល ១០ នាទីក្រោយ។
៥. សម្រាប់ស្បែកមុខគ្រប់ប្រភេទ
អ្វីដែលអ្នកត្រូវការ គឺចេកទុំ ទឹកឃ្មុំ និងទឹកដោះគោស្រស់។
អ្វីដែលអ្នកត្រូវធ្វើ គឺកិនលាយគ្រឿងផ្សំទាងអស់ចូលគ្នាឱ្យសព្វ សឹមលាបលើស្បែកមុខដែលបានលាងសម្អាតស្អាតហើយ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច៕
ត្រួតពិនិត្យដោយ www.health.com.kh