ក្រុមហ៊ុន​បច្ចេកវិទ្យា​បង្កើត​ថ្មី​នានា​លើ​ពិភពលោក​ចូលរួម​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក​អ្នកប្រើប្រាស់​នៅ Las Vegas
អន្តរជាតិ
​បច្ចេកវិទ្យា
ក្រុមហ៊ុន​បច្ចេកវិទ្យា​បង្កើត​ថ្មី​នានា​លើ​ពិភពលោក​ចូលរួម​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក​អ្នកប្រើប្រាស់​នៅ Las Vegas
14, Jan 2020 , 1:39 pm        
រូបភាព
ក្រុមហ៊ុន Google បង្ហាញ​នូវ​ឧបករណ៍​ជាច្រើន​ដែល​មាន​ភ្ជាប់​ជាមួយ​ជំនួយការ Google នៅ​ក្នុង​ការ​តាំងពិព័រណ៍​បច្ចេកវិទ្យា​ កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ក្នុង​ក្រុង Las Vegas សហរដ្ឋអាមេរិក។
ក្រុមហ៊ុន Google បង្ហាញ​នូវ​ឧបករណ៍​ជាច្រើន​ដែល​មាន​ភ្ជាប់​ជាមួយ​ជំនួយការ Google នៅ​ក្នុង​ការ​តាំងពិព័រណ៍​បច្ចេកវិទ្យា​ កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ក្នុង​ក្រុង Las Vegas សហរដ្ឋអាមេរិក។
ដោយ: VOA
​ក្រុង LAS VEGAS ៖ ​ពិធី​តាំងពិព័រណ៍​នេះ​បាន​ធ្វើឡើង​ពេញទំហឹង ប៉ុន្តែ​គេ​ក៏​ឃើញ​មាន​អ្នក​បច្ចេកវិទ្យា​ដែល​ទើបនឹង​លេចមុខ​ឡើង​មួយចំនួន​ផងដែរ ដូចជា​នៅក្នុង​ប្រទេស​ថៃ​ជាដើម ដែល​នៅ​ទីនោះ កម្លាំង​ជំរុញ​ឲ្យ​មានការ​បង្កើត​ថ្មី​គឺ​ចាំបាច់​បំផុត​។​

 
​លោក Mahisorn Wongphati នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន HG Robotics នៃ​ប្រទេស​ថៃ និយាយថា​៖ «​មិត្តភក្ដិ​របស់ខ្ញុំ និង​ខ្ញុំ បាន​ជួប​ពិភាក្សាគ្នា ហើយ​ពួកយើង​ចង់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​រូបយន្ត ប៉ុន្តែ​ពួកយើង​មិនឃើញ​មាន​ក្រុមហ៊ុន​ដូចនេះ​នៅក្នុង​ប្រទេស​ថៃ​នោះទេ​។ នៅពេលនោះ ពួកយើង​នៅ​ក្មេង​ពេក ដូច្នេះ​ពួកយើង​ក៏បាន​បង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​»​។​
 
​លោក Mahisorn Wongphati និង​ដៃគូ​របស់លោក​បាន​ផលិត​រូបយន្ត​សន្តិសុខ និង​ឧបករណ៍​ដ្រូ​ន ដែល​អាច​ប្រមូល និង​វិភាគ​ទិន្នន័យ​កសិកម្ម​បាន​។ នេះ​គឺជា​លើកដំបូង​ហើយ​សម្រាប់​ពួកគេ​នៅក្នុង​ការ​មាន​វត្តមាន​ក្នុង​ពិធី​តាំងពិព័រណ៍​នេះ​។​
 
​លោក Wongphati និយាយថា​៖ «​តាមពិត ខ្ញុំ​ជា​មនុស្ស​វក់​នឹងធ្វើ​អ្វីដែល​ទាក់ទង​នឹង​វិស្វកម្ម ហើយ​នៅពេលដែល​យើង​ក្លាយជា​នាយក​ប្រតិបត្តិ យើង​ត្រូវតែ​និយាយ​អំពី​អាជីវកម្ម ហើយ​នេះ​គឺជា​អ្វីមួយ​ដែល​មានការ​ប្រឈម​ខ្លាំង​សម្រាប់​វិស្វករ​នៅក្នុង​ការធ្វើ​ដូច្នេះ​។ ពិព័រណ៍​អេឡិចត្រូនិក​អ្នកប្រើប្រាស់​នេះ​នឹង​ក្លាយជា​វេទិកា​ដ៏​ល្អ​មួយ​សម្រាប់​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ការលក់​ផលិតផល​នានា​»​។​
 
​វា​ក៏​ជា​ឱកាស​មួយ​ផងដែរ​នៅក្នុង​ការបង្ហាញ​ទេពកោសល្យ​បច្ចេកវិទ្យា​របស់​ប្រទេស​ថៃ ដែល​នេះ​គឺជា​អ្វីដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​លោក Pachara Kangchirdsri ដែល​បាន​ត្រឡប់​ទៅកាន់​ប្រទេស​ថៃ ដែលជា​មាតុភូមិ​របស់លោក​វិញ បន្ទាប់ពី​បាន​ចំណាយពេល​មួយចំនួន​នៅក្នុង​ទីក្រុង New York និង​ទីក្រុង Chicago មក​។​
 
​លោក Pachara Kangchirdsri នៃ​ក្រុមហ៊ុន HG Robotics ថា​៖ «​ខ្ញុំ​ជឿថា ប្រទេស​ថៃ​មាន​អ្នកមាន​ទេពកោសល្យ​ជាច្រើន​ដូចជា​វិស្វករ អ្នក​រចនា​ប្លង់​ជាដើម ប៉ុន្តែ​ពួកយើង​មិនមាន​ការគាំទ្រ​គ្រប់គ្រាន់​ផ្នែក​ហិរញ្ញវត្ថុ​»​។​
 
​លោក Mouhamadou Lamine Kebe បានធ្វើ​ដំណើរ​មកពី​ប្រទេស​សេ​ណេ​ហ្គា​ល់​ដើម្បី​ស្វែងរក​ថវិកា​សម្រាប់​ឧបករណ៍ Tolbi ដែលជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ sensor ត​ភ្ជាប់​គ្នា​ជាច្រើន ដែល​អាចជួយ​កសិករ​តាមដាន​ការប្រើប្រាស់​ទឹកបាន​។​
 
​លោក Lamine Kebe ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Tolbi និយាយថា​៖ «​ពូ​របស់ខ្ញុំ​គឺជា​កសិករ​អាហ្វ្រិក​ម្នាក់​។ គាត់​ខ្ជះខ្ជាយ​ទឹក​ធារាសាស្ត្រ​របស់គាត់​ពី ៥០ ទៅ ៨០ ភាគរយ ដោយសារ​ខ្វះ​ចំណេះដឹង និង​ការគ្រប់គ្រង​លើ​តម្រូវការ​ទឹក ដែល​ករណីនេះ​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​»​។​
 
​លោក Lamine Kebe បាន​ចូលរួម​នៅក្នុង​ពិព័រណ៍​អេឡិចត្រូនិក​អ្នកប្រើប្រាស់​នេះ ដើម្បី​ស្វែងរក​ដៃគូ​ដែល​អាចជួយ​អភិវឌ្ឍ sensor របស់​ឧបករណ៍ Tolbi នេះ​បន្ថែមទៀត​។​
 
​អ្នកស្រី Dicko Sy ជនជាតិ​សេ​ណេ​ហ្គា​ល់ ដែលជា​ស្ថាបនិក​ក្រុមហ៊ុន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Dictaf Corporation បាន​និយាយថា ការតាំងពិព័រណ៍​នេះ​គឺជា​កន្លែង​ដែល​យើង​អាចទាក់ទង​វិនិយោគិន​បាន​។​
 
​អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា​៖ «​វា​គឺជា​ការតាំងពិព័រណ៍​អំពី​ការច្នៃប្រឌិត​ថ្មី និង​បច្ចេកវិទ្យា​ដ៏​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដែល​យើង​មានឱកាស​ជួប​ជាមួយនឹង​ក្រុមហ៊ុន​ធំ​បំផុត​នានា​ផ្នែក​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ថ្មី​»​។​
 
​នៅឯ​ស្តង់​តាំងពិព័រណ៍​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ឯណោះ​វិញ អ្នកស្រី Anastasiia Romanova កំពុង​បង្ហាញ​ប្រព័ន្ធ​ចាប់​សត្វ​មូស​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដ៏​ឆ្លាត​វៃ​។​
 
​អ្នកស្រី Romanova ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Mosquito Control និយាយ​ដូច្នេះ​ថា​៖ «​ឱកាស​ទាំងនេះ​គឺ​ពិតជា​សំខាន់​សម្រាប់​អ្នក​បច្ចេកវិទ្យា​អ៊ុយ​ក្រែ​ន​បង្ហាញ​ស្នាដៃ​របស់ខ្លួន​»​។​
 
​ចំណែកឯ​លោក Alex Sharko ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Bicovery វិញ បាន​និយាយថា​៖ «​ឥឡូវនេះ យើង​ឃើញ​មានការ​ខ្វះខាត​ការគាំទ្រ​ជា​ប្រព័ន្ធ ឧទាហរណ៍​ដូចជា​ការខ្វះខាត​នូវ​ផែនការ​ដែល​ជួយ​ឲ្យ​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ទទួលជោគជ័យ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ជាដើម​»​។​
 
​ហេតុ​ដូច្នេះហើយ​បានជា​បទពិសោធន៍​ផ្ទាល់​ផ្នែក​ឧស្សាហកម្ម​នេះ​គឺ​សំខាន់​សម្រាប់​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ទាំងនេះ​។​
 
​លោក Andrii Konovalenko ដែលជា​ស្ថាបនិក ក្រុមហ៊ុន CamTouch និយាយថា អ្នក​ដែល​មក​ទស្សនា​ការតាំង​ពិព័រណ៍​នេះ​បានផ្ដល់​មតិយោបល់​ដ៏​មានតម្លៃ​សម្រាប់​ឧបករណ៍ CamTouch ដែលជា​ឧបករណ៍​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​សរសេរ ឬក៏​គូស​នៅលើ​ផ្ទៃ​នៃ​វត្ថុ​ណាមួយ​បាន​។​
 
​លោក Konovalenko និយាយថា​៖ «​ពួកគេ​បានផ្ដល់​គំនិត​ថ្មី​ដល់​ពួកយើង​អំពី​វិធី​ដែល​យើង​អាច​ប្រើ​បច្ចេកវិទ្យា​ដែល​យើង​បាន​បង្កើតឡើង ដើម្បី​បង្កើត​ផលិតផល​ថ្មី និង​រក​ទីផ្សារ​ថ្មី​»​។​
 
​អ្នកស្រី Anastasiia Liubiashcheva ដែលជា​សហ​ស្ថាបនិក​ក្រុមហ៊ុន CamTouch នេះ និយាយថា​៖ «​យើង​ពិតជា​សប្បាយចិត្ត និង​អរគុណ​ខ្លាំងណាស់​ដែល​អាចមាន​វ​ត្ត​មាននៅ​ទីនេះ​នៅថ្ងៃនេះ​តំណាង​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​។ វា​ជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ពួកយើង និង​ជាការ​ទទួលខុសត្រូវ​ដ៏​ធំ​មួយ​ផងដែរ ហើយ​ពួកយើង​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​រឿងនេះ​»​។​
 
​វា​ដូចជា​ឈ្មោះ​របស់​វា​បានបង្ហាញ​ដូច្នេះ​ដែរ ឱកាស​សម្រាប់​ការរក​ឃើញ​ថ្មី​នានា​នៅ Eureka Park នេះ គឺមាន​ច្រើន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com