កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona បញ្ចប់​តំណែង​លោក Valverde ហើយ​តែងតាំង​អតីត​គ្រូ Betis វិញ​
14, Jan 2020 , 10:10 am        
រូបភាព
Barcelona បញ្ច​ប់លោក Ernesto Valverde ពី​តំណែង​អ្នកចាត់ការ​ទូទៅ និង​តែងតាំង​អតីត​គ្រូ Real Betis លោក Quique Setien ជំនួស​វិញ​។​


 
​លោក Valverde អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៥៥​ឆ្នាំ បាន​ជួយ​ឲ្យ​ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ​ឈ្នះ​ជើងឯក La Liga ចំនួន​ពីរលើក​ក្រោម​ការដឹកនាំ​របស់លោក​រយៈពេល​២​រដូវ​កាល និង​នាំ​ក្រុម​បន្ត​ឈរ​កំពូល​តារាង​លី​គ​កំពូល​អេ​ស្ប៉ា​ញ​បណ្តោះអាសន្ន​រដូវ​កាល​នេះ​ទៀតផង​។​
 
​បើ​ទោះ​យ៉ាងនេះ​ក្តី Barcelona នៅតែ​បង្ហាញ​ការមិន​ជឿជាក់​ក្រោម​ការដឹកនាំ​របស់ Valverde ក្នុង​ការនាំ​ក្រុម​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League រដូវ​កាល​នេះ​។ ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​តំបន់​ស្វយ័ត Catalonia មួយ​នេះ ពិតជា​ចង់​ឈ្នះ​ពាន​កំពូល​អឺ​រ៉​រុ​ប​នេះ ក្រោយ​អាក់ខាន​៤​រដូវ​កាល​មកហើយ ពោលគឺ​តាំងពី​ឆ្នាំ​២០១៥​មក​។​
​លោក Valverde ឡើងមក​ដឹកនាំ Barcelona នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧ បន្ទាប់ពី​លោក​ចាក​ចេញពី​ក្រុម Athletic Bilbao តែ​៦​ថ្ងៃ​ប៉ុណ្ណោះ​។​
 
​លោក Setien វ័យ​៦១​ឆ្នាំ ត្រូវ​ឡើងទៅ​ជំនួស​លោក Valverde វិញ​។ បុរស​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដែល​ធ្លាប់​ដឹកនាំ Betis ឈានដល់​ចំណាត់ថ្នាក់​ខ្ពស់បំផុត​មួយ​នេះ បាន​យល់ព្រម​ចុះកិច្ចសន្យា​ស្នាក់នៅ​ទឹកដី Nou Camp រយៈពេល​២​ឆ្នាំកន្លះ​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ថ្ងៃទី​១៤ ខែមករា​នេះ​។​
 
​នៅក្នុង​សេចក្តីប្រកាស​របស់ Barca ឲ្យ​ដឹងថា ពួកគេ​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​លោក Valverde ក្នុងការ​បញ្ចប់​កិច្ចសន្យា​រវាង​ភាគី​ទាំងពីរ​ដោយ​ជោគជ័យ​រួចហើយ​។ ក្លិប Barca ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក Valverde ចំពោះ​ការប្តេជ្ញាចិត្ត ការលះបង់ និង​ការដឹកនាំ​ក្រុម​ទទួលផល​វិជ្ជមាន​សម្រាប់​គ្រួសារ Barca ទាំងអស់​​។​
 
Barca សព្វថ្ងៃ​ឈរ​នៅ​កំពូល​តារាង La Liga ដោយមាន​៤០​ពិន្ទុ ស្មើគ្នា​ជាមួយ​គូប្រជែង Real Madrid ដោយមាន​ប្រៀប​លើ​សំណល់​គ្រាប់​ស៊ុត​បញ្ចូល​ទី និង​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ Champions Leaugue ផង និង​ត្រូវ​តទល់​ជាមួយ​ក្រុម​អ៊ីតាលី Napoli៕

Tag:
 Barcelona
  Ernesto Valverde
  Quique Setien
© រក្សាសិទ្ធិដោយ thmeythmey.com