អន្តរជាតិ
គូស្វាមីភរិយាហ្វីលីពីន១គូ រៀបមង្គលការក្រោមផ្សែងខ្មួលខ្មាញ់ពីភ្នំភ្លើង
× ការគំរាមកំហែងនៃបំផ្ទុះភ្នំភ្លើង ពុំបានបញ្ឈប់គូស្វាមីភរិយាដ៏ស្មោះស្ម័គ្រ១គូពីការរៀបអាពាហ៍ពិពាហ៍ពួកគេ នៅក្បែរកោះ Taal ឡើយ ។
អ្នកថតរូបជនជាតិហ្វីលីពីនម្នាក់ ឈ្មោះថា Radolf Evan បានប្រាប់ទូរទស្សន៍សិង្ហបុរី Channel News Asia នៅថ្ងៃអាទិត្យ ១២ មករា ថាលោកបានថតរូបភាពនៃការរៀបចំពិធីមង្គលការ នៅម៉ោងប្រហែល ២ រសៀល ។ ពេលនោះ មនុស្សនៅពិធីនេះ បានចាប់ផ្តើមកត់សម្គាល់សកម្មភាពមិនប្រក្រតីពីភ្នំភ្លើង Taal ។
បើតាមប្រភពដដែល ភ្នំភ្លើងនេះ មានចម្ងាយ២០គីឡូម៉ែត្រពីកសិដ្ឋាន Sovanna ក្នុងទីក្រុង Alfonso ក្នុងខេត្ត Cavite ។ ទីកន្លែងនេះហើយដែលគូស្វាមីភរិយាហ្វីលីពីនមួយគូនេះ គឺលោក Chino Vaflor និង Kat Palomar បានរៀបចំមង្គលការពួកគេ។
លោក Evan ដែលជាអ្នកថតរូបមង្គលការអាជីពរយៈពេល៨ឆ្នាំ និយាយថា៖«យើងគិតថា ភ្នំភ្លើងនេះ ប្រហែលជាមិនរីករាលធំឡើង ក៏ប៉ុន្តែយើង តាមដានស្ថានការណ៍នេះជានិច្ចតាមបណ្ដាញសង្គម»។ លោក សង្កត់ធ្ងន់ថា ក្រុមលោក ក៏បានគិតគូរពីអ្វីដែលពួកគេត្រូវធ្វើ នៅពេលជួបប្រទះនឹងសេណារីយ៉ូអាក្រក់បំផុតនោះ។ យ៉ាងណាមិញ ពិធីមង្គលការនេះ បានប្រារព្ធទៅមុខដូចការគ្រោងទុក។
បើតាមលោក Evan អ្នកទាំងពីរបានរួមរស់ជាមួយគ្នាអស់ពេល ៨ឆ្នាំ ហើយបច្ចុប្បន្នពួកគេ មានកូន២នាក់។ ដូច្នេះ លោក យល់ថា ថ្ងៃនេះគឺពិសេសបែបនេះណាសម្រាប់ពួកគេ ហើយនេះជាពិធីមង្គលការដ៏គួរឲ្យចងចាំបំផុតមួយ។
សូមបញ្ជាក់ថា កោះភ្នំភ្លើង Taal មានទីតាំងនៅចំកណ្ដាលនៃបឹងមួយចម្ងាយ៧០គីឡូម៉ែត្រពីទីក្រុងម៉ានីល។ ដោយមានសម្រស់ធម្មជាតិស្អាត និងស្ងប់ស្ងាត់ល្អ ជាគឺជាទីតាំងដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរ។ ក៏ប៉ុន្តែកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ភ្នំភ្លើងនេះ បានបាញ់ផ្សែងចេញទៅលើមេឃយ៉ាងខ្មួលខ្មាញ់ ហើយបានហុយផេះទាំងនោះចូលទៅក្នុងទីក្រុងក្បែរខាង ហើយសូម្បីតែរដ្ឋធានីរបស់ហ្វីលីពីន។ មនុស្សរាប់ពាន់ត្រូវបានបង្ខំឲ្យជម្លៀសខ្លួនពីផ្ទះសម្បែងពួកគេ ខណៈក្រុមអ្នកជំនាញ ព្រមានថា ការផ្ទុះភ្នំភ្លើងនេះ អាចកើតឡើងគ្រប់ពេល ហើយអាចបង្កជារលកស៊ូណាមិទៀតផង៕
Tag:
ហ្វីលីពីន
ភ្នំភ្លើង Taal
រៀបអាពាហ៍ពិពាហ៍
© រក្សាសិទ្ធិដោយ thmeythmey.com