ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទ្រង់​ធម្មិកោ លោក ប៉ុល ហំ​ម លោក សុន ឆ័យ លោក យ៉ែម បុញ្ញឫទ្ធិ​...​មិនត្រូវ​ឲ្យ​ចូល​សវនាការ​លោក កឹម សុខា​
14, Jan 2020 , 11:51 am        
រូបភាព
ដោយ: ថ្មីៗ
ថ្នាក់ដឹកនាំ​ជាន់ខ្ពស់អតីត​គណបក្សប្រឆាំង​៤​រូប បាន​សុំ​ចុះឈ្មោះ​ចូលរួម​សវនាការ​អង្គសេចក្តី​លើ​សំណុំរឿង​របស់លោក កឹម សុខា នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ តែ​ត្រូវបដិសេដ​។ នេះ​បើតាម​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ទ្រង់មាន​ព្រះបន្ទូល​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា​។


 
​ព្រះអង្គ​​ម្ចាស់ ធម្មិកោ លើកឡើងថា ​ថ្នាក់ដឹកនាំ​អតីតគណបក្សប្រឆាំង​ទាំង៤​រូប​ ដែល​ត្រូវបដិសេធ​មិន​ឲ្យ​ចូលរួម​សវនាការ​ដែរនោះ គឺ ព្រះអង្គម្ចាស់ខ្លួនឯង លោក ប៉ុល ហំ​ម លោក សុន ឆ័យ និង លោក យ៉ែម បុញ្ញឫទ្ធិ ដោយ​រួមទាំង​លោក មុត ចន្ថា ជំនួយការ​របស់លោក កឹម សុខា ផងដែរ​។ 
 
​បើតាម​ព្រះអង្គម្ចាស់ ធម្ម​កោ មន្ត្រីរដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ លើក​ហេតុផល​ថា ការសុំ​ចុះឈ្មោះ​ចូលរួម​សវនាការ​របស់លោក កឹម សុខា គឺ​ពេញ​អស់ហើយ​។ ទ្រង់ មាន​ព្រះបន្ទូល​ដូច្នេះ​៖«​គេ ថា​បន្ទប់​តូចចង្អៀត​។ យ៉ាងណា គួរតែ​ឲ្យ​គ្នា​ខ្ញុំ​ម្នាក់​-​ពីរ​នាក់​ចូល​ដែរ តែ​នេះ បដិសេធ​ទាំងអស់​តែម្តង​។ ខ្ញុំ សោកស្តាយ​មែនទែន​»​។ 
 
​ព្រះអង្គម្ចាស់ បន្តថា ព្រះអង្គម្ចាស់ និង​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង មិនបាន​ទៅ​ចុះឈ្មោះ​ខ្លួនឯង​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះទេ ដោយបាន​បញ្ជូន​បញ្ជី​ឈ្មោះ​តាមរយៈ​មេធាវី​របស់លោក កឹម សុខា ដើម្បី​សុំ​ចុះឈ្មោះ​ឲ្យ​។ ទោះជា​ត្រូវបដិសេធ តែ​ទ្រង់ ប្រាប់ថា ទ្រង់ នឹង​យាង​ទៅមុខ​សាលាដំបូង​រា​ជធានី​ភ្នំពេញ ដើម្បី​តាមដាន​មើល​ការបើក​សវនាការ​នេះ​។  

ចំណែក លោក ប៉ុល ហំម ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ដូច្នេះថា៖«ខ្ញុំ អត់បានទៅចូលរួមសវនាការទេ ខ្ញុំ នៅផ្ទះ»។ 
 
​លោក មុត ចន្ថា ជំនួយការ​លោក កឹម សុខា ដែល​មិនបាន​ចូលរួម​សវនាការ​ដែរនោះ បញ្ជាក់​ជាថ្មីៗ​ថា លោក កឹម សុខា និង​មេធាវី​ទាំង​៤​រូប ត្រៀមខ្លួន​រួចហើយ ដើម្បី​ចូលរួម​សវ​នាការ​។ ព័ត៌មាន​ផ្សេងទៀត ដែលថា​អ្នកណាខ្លះ បាន​ចូលរួម​សវនាការ​នោះ លោក មុត ចន្ថា មិនបាន​ដឹង​ឡើយ​។ 
 
​លោក អ៊ូ ច័ន្ទ​រ័ត្ន ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​ម្នាក់ ក៏ត្រូវ​បាន​បដិសេធ ពេល​លោក ឲ្យ​ជំនួយការ​ទៅសុំ​ចុះឈ្មោះ​ចូលរួម​សវនាការ​របស់លោក កឹម សុខា​។ លោក ទទួលបាន​ហេតុផល​ដូចគ្នា​ថា ការចុះឈ្មោះ​គឺ​ពេញ​អស់ហើយ​។ លោក សន្និដ្ឋានថា អ្នកចូលរួម​ក្នុង​សវនាការ​នេះ ប្រហែល​ជាមាន​ទូត​បរទេស​នានា​ផងដែរ​។ 
 
​តុលាការ កំណត់​ឲ្យ​មនុស្ស​ជាង​៣០​នាក់​ប៉ុណ្ណោះ ចូលរួម​សវនាការ​របស់លោក កឹម សុខា​។ សវនាការ​នេះ គឺ​ដើម្បី​សម្រេច​ថា លោក កឹម សុខា ពិតជា​មានទោស​ដូច​ការចោទប្រកាន់​មែន ឬក៏​គ្មាន​។ លោក រង​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ដែល​សំដៅថា​លោក លួច​ពឹងពាក់​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​៕ 

Tag:
 ធម្មិកោ​
  កឹម សុខា​
  សវនាការ​
© រក្សាសិទ្ធិដោយ thmeythmey.com