អន្តរជាតិ
លោក មូ​ន ចេ​អ៊ី​ន​៖ កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​អាមេរិក​-​កូរ៉េខាងជើង​មិនទាន់​ចប់​ទេ​
14, Jan 2020 , 8:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន, រូបភាព៖​ Reuters
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន, រូបភាព៖​ Reuters
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៤ ខែមករា បាន​លើកឡើងថា ច្រក​ចរចា​ជាមួយ​អាមេរិក កូរ៉េខាងជើង​មិនទាន់​បិទ​ត្រឹមនេះ​ទេ ហើយ​មនុស្ស​មួយចំនួន ក៏​មិន​ត្រូវមាន​ទុ​ទិ្ទ​ដ្ឋិ​និយម​ពេក​ដែរ នៅពេល​កិច្ចចរចា​នេះ​ជាប់គាំង​។


 
​បន្ទាប់ពី​កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ត្រូវបាន​ផ្អាក​ចាប់តាំងពី​បរាជ័យ​នៅ​ទីក្រុង​ស្តុក​ខុល ស៊ុយ​អ៊ែត​មក ជាពិសេស​ជាមួយ​ការប្រកាស​សាកល្បង​អាវុធ​យុទ្ធសាស្ត្រ​ថ្មី និង​ការបញ្ចប់​ការប្តេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​មក មនុស្ស​ជាច្រើន​សុទ្ធតែ​គិតថា​កិច្ចចរចា​មួយ​នេះ​ត្រូវ​បញ្ចប់​ហើយ​។ ប៉ុន្តែ​សញ្ញា​មួយ​នេះ ហាក់ដូច​ជាមាន​ពន្លឺ​វិញ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើលិខិត​ជូនពរ​ថ្ងៃកំណើត ដល់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។ ការផ្ញើ​លិខិត​មួយច្បាប់​នេះ គឺជា​សារ​បញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន ចង់​មាន​កិច្ចចរចា​ជាថ្មី​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​។ 
 
​នា​សន្និសីទ​សារព័ត៌មាន​ឆ្នាំ​ថ្មី​នា​វិមាន​ប្រធានាធិបតី Cheong Wa Dae លោក មូ​ន ចេ​អ៊ី​ន បាន​បញ្ជាក់ថា មនុស្ស​មួយចំនួន​សុទ្ធតែ​បារម្ភ​ពី​ការបង្ក​បញ្ហា​ថ្មី​នៅ​ចំ​ថ្ងៃ​ខួប​របស់លោក គីម ប៉ុន្តែ​វា​មិន​ដូច្នោះ​ឡើយ លោក​ត្រាំ បាន​ផ្ញើលិខិត​ជូនពរ​ដល់​លោក​គីម និង​មានបំណង​ចង់​ចរចា​ឡើងវិញ​។ បើតាម​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ ច្រកទ្វា​សម្រាប់​ចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង មិនទាន់​បិទ​នៅឡើយ​ទេ ហើយ​ភាគី​ទាំងពីរ​នឹង​ត្រលប់​ទៅ​ចរចា​វិញ ប្រសិនបើ សំណើ​ត្រូវបាន​ប្រទេស​ទាំងពីរ​ទទួល​យកទៅ​វិញ​ទៅមក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ក្នុងន័យនេះ កិច្ចចរចា​អាមេរិក និង​កូរ៉េខាងជើង ពិតជា​នៅ​ទ្រឹង​មែន ប៉ុន្តែ​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅតែ​បន្ត​ការទុកចិត្ត​គ្នា​ដដែល​។ នា​ថ្ងៃទី​៧ ខែមករា លោក​មូ​ន បាន​ទទូច​ឲ្យ​មាន​វិធានការ​ពិសេស​មួយ ដើម្បី​កែលម្អ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​។ 
 
​ដោយឡែក​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កូរ៉េខាងជើង​អះអាងថា បើទោះបីជា​មេដឹកនាំ គីម ពេញចិត្ត​ទៅលើ​ទំនាក់ទំនង​ជាមួយ​លោក​ត្រាំ ក៏ពិតមែន ប៉ុន្តែ​លោក​ប្រមុខ នឹងមិន​យក​អារម្មណ៍ មក​តាក់តែង​គោលនយោបាយ​កូរ៉េខាងជើង​ឡើង ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​ជាតិ​។ មិន​ត្រឹមតែ​ឆ្លើយតប​អាមេរិក​ទេ សេចក្តីថ្លែងការណ៍​នេះ ថែមទាំង​បាន​បន្តុះបង្អាប់​កូរ៉េខាងត្បូង​ផងដែរ​ថា ព្យាយាម​ជ្រៀត​ជ្រែកចូល​ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង​ថែមទៀត​។ 
 
​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ អាមេរិក បាន​ពិនិត្យ​តាមដាន​កូរ៉េខាងជើង​យ៉ាង​ញឹកញាប់ បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​ប្រកាស​ឲ្យ​កាដូ​អាមេរិក​នៅ​ថ្ងៃបុណ្យ​ណូអែល និង​ថ្ងៃ​ចូលឆ្នាំ​សកល និង​ការប្រកាស​សាកល្បង​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​របស់ខ្លួន​ឲ្យ​ពិភពលោក​មើល​។ តួយ៉ាង​អាមេរិក បាន​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​ទៅ​ហោះ​លើ​ឧបទ្វីប​កូរ៉េ​ជា​បន្តបន្ទាប់ ដើម្បី​ពិនិត្យមើល​សកម្មភាព​កូរ៉េខាងជើង​៕

Tag:
 ​កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com