ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន ផ្តល់ថវិកា២ម៉ឺនដុល្លារ សម្រាប់អភិរក្សសត្វដំរី មន្តី្រក្រសួងបរិស្ថានបានប្រគល់ថវិកាចំនួន២ម៉ឺនដុល្លារដល់សមាគមអភិរក្សដំរី នៅខេត្តមណ្ឌលគិរី រូបភាពពីក្រសួងបរិស្ថាន
× ភ្នំពេញ៖ ក្រសួងបរិស្ថាន ផ្តល់ថវិកា២ម៉ឺនដុល្លារ ដល់សមាគមអភិរក្សដំរីអៃរាវត្តា សម្រាប់ការពារ និងអភិរក្សសត្វដំរី នៅខេត្តរតនគិរី។ បើតាមការផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថាន ថវិកាទាំងនេះ នឹងអាចជួយដល់ការងារអភិរក្សជីវៈចម្រុះ និងការបង្កាត់ពូជសត្វដំរីបន្ថែមទៀត។
ក្រសួងបរិស្ថាន បានស្រង់សម្តីលោក ស៊ី រ៉ាមុនី អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានថា ការផ្តល់ថវិកា ដល់សមាគមអភិរក្សដំរីអៃរាវត្តា គឺស្របតាមគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងទិសដៅការងារ សំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ដើម្បីភាពសុខដុមរមនារបស់ប្រជាជន កម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់។
លោក ស៊ី រ៉ាមុនី លើកឡើងថា ក្រសួងបរិស្ថាន មានចក្ខុវិស័យ និងបេសកកម្ម ក្នុងការពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រង និងអភិរក្ស ធនធានធម្មជាតិ និងការងារបរិស្ថានបន្ថែមទៀត។ បច្ចុប្បន្នសមាគមអភិរក្សដំរីអៃរាវត្តា មានសត្វដំរី៤ក្បាល ក្នុងនោះឈ្មោល៣ក្បាល និងញី១ក្បាល។
លោកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវតា្ត ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ថវិកា២ម៉ឺនដុល្លារនេះ ជាចំណែកមួយ ក្នុងការផ្សព្វផ្សាយសកម្មភាព និងសេវាកម្មអេកូទេសចរណ៍ សម្រាប់ឲ្យភ្ញៀវទេសចរទៅទស្សនាដំរី។ លោកស្រី បន្តថា ជាពិសេស ពលរដ្ឋដែលប្រកបមុខរបរនៅទីនោះ ក៏ទទួលផលពីវិស័យទេសចរណ៍ផងដែរ។
លោកស្រី បញ្ជាក់ដូច្នេះថា៖«នេះគឺជាការលើកទឹកចិត្តដ៏វិសេសពីក្រសួងបរិស្ថាន។ សមាគមនឹងប្តេជ្ញាធ្វើការឲ្យបានសកម្ម និងប្រើថវិកាឲ្យមានប្រសិទ្ធភាព»។ លោកស្រី មានប្រសាសន៍ថា សមាគមអៃរាវតា្ត ជាសមាគមតូចមួយ ដែលមានតួនាទីសំខាន់ ក្នុងការការពារ អភិរក្សសត្វដំរី បង្កាត់ពូជសត្វដំរីស្រុក ការពារបរិស្ថាន និងជាគំរូដល់សមាគមផ្សេងទៀត ព្រមទាំងបង្ហាញដល់ពលរដ្ឋខ្មែរឲ្យដឹងពីសារៈសំខាន់នៃការអភិរក្សដំរី ការពារវប្បធម៌ និងបរិស្ថាន៕
Tag:
ដំរី
ក្រសួងបរិស្ថាន
ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com