លោក Pablo Kang ជា​បុរស​ដំបូង​ក្នុង​តំណែង​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បើ​គិត​តាំងពី​ឆ្នាំ​២០០០​មក​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក Pablo Kang ជា​បុរស​ដំបូង​ក្នុង​តំណែង​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បើ​គិត​តាំងពី​ឆ្នាំ​២០០០​មក​
14, Jan 2020 , 2:59 pm        
រូបភាព
លោក Pablo Kang ថ្វាយសារតាំងពីព្រះករុណា ព្រះមហាក្សត្រនៅព្រះបរមរាជវាំង កាលពី​ថ្ងៃទី​១៣ ខែមករា។ រូបថត Twitter Pablo Kang
លោក Pablo Kang ថ្វាយសារតាំងពីព្រះករុណា ព្រះមហាក្សត្រនៅព្រះបរមរាជវាំង កាលពី​ថ្ងៃទី​១៣ ខែមករា។ រូបថត Twitter Pablo Kang
ដោយ: រួបរួម
​លោក Pablo Kang ជា​បុរស​ដំបូង​បំផុត​ដែល​កាន់តំណែង​ជា​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា នា​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក​បាន​ចូល​ក្រាបថ្វាយបង្គំ​គាល់ ថ្វាយ​សារតាំង​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​។​

 
​លោក Pablo Kang ចូលកាន់​តំណែង​បន្ត​ពី​លោកស្រី Angela Corcoran ដែល​បាន​ផុត​អណ​ត្តិ ក្រោយ​បំពេញបេសកកម្ម​នៅ​កម្ពុជា​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៦​មក​។ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០០ ពោល​ក្រោយ​ការ​ផុត​អណ​ត្តិ​របស់លោក Malcolm Leader (​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០០) រដ្ឋាភិបាល​អូស្ត្រាលី បានតែងតាំង​ឯកអគ្គរាជទូត​ជានា​រី ជា​បន្តបន្ទាប់ ដល់​ទៅ​៧​រូប​។​
 
​លោកស្រី Louis Hand កាន់តំណែង​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៣ មុននឹង​ជំនួស​ដោយ លោកស្រី Annabel Anderson (២០០៣-២០០៤) ហើយ​បន្ត​ដោយ លោកស្រី Lisa Filipetto (២០០៤-២០០៧), លោ​ស្រី Margaret Adamson (២០០៧-២០១០),​លោកស្រី Penny Richards (២០១០-២០១៣), លោកស្រី Alison Burrows (២០១៣-២០១៦) និង​លោកស្រី Angela Corcoran (២០១៦-២០១៩)​។​
 
​យោងតាម​ការផ្សាយ​រប​ស់កា​សែត The National ប្រចាំ​ក្រុង​អា​ប៊ូ​ដា​ប៊ី ឪពុកម្តាយ​របស់លោក Pablo Kang មាន​ដើមកំណើត​កូរ៉េខាងត្បូង ដោយបាន​ចាកចេញ​ពី​សេ​អ៊ូ​ល​ទៅ​នៅក្នុង​ក្រុង​ស៊ីដនី នា​អំឡុង​ឆ្នាំ​១៩៦០​។ ឈ្មោះ​របស់លោក​ត្រូវបាន​យកតាម​វិចិត្រករ​អ៊ីតាលី Pablo Picasso ដែល​បានទទួល​មរណភាព​នៅ​ឆ្នាំ​១៩៧៣ ចំពេល​ដែល​លោក​បានកើត​។​
 
​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​អូស្ត្រាលី លោកស្រី Marise Payne និង​ជា​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​កិច្ចការនារី​ផង​នោះ បានប្រកាស​តែងតាំង​លោក Pablo Kang ជា​ឯកអគ្គរាជទូត​ថ្មី​ប្រចាំ​កម្ពុជា បន្ត​ពី​លោកស្រី Angela Corcoran ដែល​កាន់​តួនាទី​នេះ​តាំងពី​ឆ្នាំ​២០១៦​មក​។​
 
​លោក Kang ជា​មន្ត្រីជាន់ខ្ពស់​ដែល​បម្រើការ​នៅ​នាយកដ្ឋាន​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី ហើយ​ធ្លាប់​កាន់តំណែង​ជា​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​ឧ​ត្ត​ម​ស្នងការ​ប្រចាំ​ប្រទេស​វ៉ា​នូ​អា​ទូ និង​ជា​កុងស៊ុល​ប្រចាំ​ក្រុង​ម៉ានីល ផងដែរ​។​
 
​លោក​មាន​សញ្ញាបត្រ​សិល្បៈ និង​ច្បាប់​ពី​សាកលវិទ្យាល័យ​ស៊ីដនី និង​សញ្ញាបត្រ​ជំនាញ​កិច្ចការបរទេស និង​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ Monash៕ 

Tag:
 ទូត​អូស្ត្រាលី​
  Pablo Kang
© រក្សាសិទ្ធិដោយ thmeythmey.com