ភ្នំពេញ៖ កម្ពុជា ត្រូវបានគេចាត់ទុកថាជាប្រទេសកសិកម្ម ប៉ុន្តែ ពលរដ្ឋដែលជាកសិករ តែងតែជួបប្រទះបញ្ហាប្រឈមជាច្រើន។ បើតាមអ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ កសិករធ្វើកសិកម្មលក្ខណៈគ្រួសារ តែងជួបប្រទះបញ្ហា៥យ៉ាង គឺទឹក, ទុន, ទីផ្សារ, បច្ចេកទេស និងការទំនាក់ទំនង។ ដើម្បីជៀសផុតពីបញ្ហានេះ លោកបណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា កសិករគួរចងក្រងគ្នាជាសហគមន៍ ជាពិសេសរដ្ឋាភិបាលត្រូវមានគ្រូកសិកម្មល្អៗ និងអ្នកដឹកនាំដល់កសិករផងដែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាលោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មដូចតទៅ៖
«ទឹក, ទុន, ទីផ្សារ, បច្ចេកទេស និងការទំនាក់ទំនង» ជាបញ្ហាប្រឈមដែលកសិករជួបប្រទះ»។ នេះជាការលើកឡើងរបស់លោក យ៉ង សាំងកុមារ។ បើតាមអ្នកជំនាញកសិកម្មរូបនេះ បញ្ហាទាំង៥ បានផ្សារភ្ជាប់គ្នាដែលធ្វើឲ្យកសិករតូចតាច និងលក្ខណៈគ្រួសារ មានផលលំបាកក្នុងវិស័យកសិកម្ម។
«ទឹក» ជាប្រភពដ៏សំខាន់សម្រាប់ធ្វើកសិកម្ម ដែលកសិករត្រូវការ ដើម្បីស្រោចស្រពដំណាំ និងការចិញ្ចឹមសត្វ។ ចំណែក «ទុន» គឺថវិកាដែលកសិករត្រូវការសម្រាប់វិនិយោគលើការដាំដុះ និងចិញ្ចឹមសត្វជាដើម។ ដោយឡែក «ទីផ្សារ, បច្ចេកទេស និងការទំនាក់ទំនង» ក៏ជាធាតុផ្សំសំខាន់ផងដែរ។ ប្រសិនបើមានទឹក ទុន តែគ្មានទីផ្សារ និងបច្ចេកទេស រួមទាំងការទំនាក់ទំនងទេ នឹងធ្វើឲ្យកសិករជួបប្រទះបញ្ហាក្នុងវិស័យកសិកម្មនេះ។
ដើម្បីចូលរួមដោះស្រាយបញ្ហាដែលកសិករជួបប្រទះ លោក យ៉ង សាំងកុមារ បញ្ជាក់ថា៖«ទីមួយ គឺកសិករខ្លួនឯង គួរចងក្រងគ្នាជាសហគមន៍ ហើយដើម្បីធ្វើកិច្ចការនេះបាន ត្រូវមានអ្នកដឹកនាំ ដើម្បីចេះដោះស្រាយបញ្ហាហ្នឹង។ ជាពិសេសរដ្ឋាភិបាល ត្រូវមានគ្រូកសិកម្មល្អៗ និងមានការអភិវឌ្ឍដោយចុះធ្វើការជាមួយកសិករ»។
ជាមួយគ្នានេះ លោក យ៉ង សាំងកុមារ ចង់ឲ្យរដ្ឋាភិបាលមានកម្មវិធីគាំទ្រដល់កសិករលើទុន និងប្រព័ន្ធធារាសាស្ត្រ ដោយទម្លាក់ទុនសម្រាប់ឃុំ និងសហគមន៍ចាត់ចែង ដើម្បីយកមកជួសជុលប្រព័ន្ធធារាសាស្ត្រ។ លោក យ៉ង សាំងកុមារ ក៏ចង់ឲ្យមានកន្លែងស្រាវជ្រាវ និងកន្លែងបណ្ដុះបណ្ដាលដល់កសិករ រួមទាំងការពង្រឹង និងពង្រីកការងារចងក្រងកសិករជាសហគមន៍ផងដែរ។
លោក យ៉ង សាំងកុមារ លើកឡើងថា៖«រឿងនេះ ជារឿងមួយដែលលំបាក ព្រោះមានភាគីពាក់ព័ន្ធជាច្រើនក្នុងប្រព័ន្ធកសិកម្ម។ វាទាមទារឲ្យមានការដឹកនាំមួយ ដែលឲ្យភាគីទាំងអស់ធ្វើការជាមួយគ្នា ហើយវាអាចមានក្នុងស្រុកមួយ ក្នុងខេត្តមួយ ឬឈានទៅទូទាំងប្រទេសផងដែរ»។ បើតាមលោក យ៉ង សាំងកុមារ កសិករខ្លួនឯងត្រូវដើរតួនាទីសំខាន់ដើម្បីធ្វើការងារនេះ៕