អន្តរជាតិ
ទោស​ប្រហារជីវិត​អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន Musharraf ត្រូវបាន​មោឃភាព​វិញ​
14, Jan 2020 , 4:19 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​តុលាការ​ជាន់ខ្ពស់​ប៉ា​គី​ស្ថាន​មួយ បានប្រកាស​ទុកជា​មោ​ឃៈ​ទោស​ប្រហារជីវិត ដែល​បានប្រគល់​ឲ្យ​អតីត​ប្រ​ធានា​ធីប​តី Pervez Musharraf  ។ តុលាការ​នេះ បាន​កាត់ក្តី​ថា តុលាការ​ពិសេស​ដែល​បាន​រកឃើញថា​លោក Musharraf មានទោស​ក្បត់ជាតិ កាលពី​ឆ្នាំមុន​នោះ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។

 
​តុលាការ​ជាន់ខ្ពស់​មួយ​ក្នុង​ទីក្រុង Lahore ភាគ​ខាងកើត​នៃ​ប្រទេស​ប៉ា​គី​ស្ថាន នៅ​ថ្ងៃ​ចន្ទ ១៣ មករា បានចេញ​សេចក្តីសម្រេច​ថា ការ​ទោស​ប្រហារ​លើ​លោក​អតីត​ប្រធានាធិបតី Musharraf ពី​សំណាក់​តុលាការ​ពិសេស​មួយ គឺ «​ខុសច្បាប់​»​។ 
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋអាជ្ញា​ម្នាក់​ដែល​តំណាង​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន លោក Ishtiaq A. Khan បញ្ជាក់​ដូច្នេះ​ថា​៖«​ការដាក់​ពាក្យបណ្តឹង​, រដ្ឋធម្មនុញ្ញ​របស់​តុលាការ​, ការជ្រើសរើស​ក្រុម​អយ្យការ គឺ​ខុសច្បាប់ ដែល​ប្រកាសថា​ខុសច្បាប់ […] ហើយ​ចុងក្រោយ សាលក្រម​កាត់ក្តី​ទាំងមូល ត្រូវ​ទុកជា​មោ​ឃៈ​»​។ លោក Khan សង្កត់ធ្ងន់ថា លោក Musharraf គឺជា​មនុស្ស​គ្មាន​ទោស ព្រោះថា ឥឡូវនេះ វា​គ្មាន​សាលក្រម​ណាមួយ​ប្រឆាំង​លោក​តទៅ​ទៀតហើយ​។ 
 
​កាលពី​ថ្ងៃ​១៧ ខែធ្នូ ឆ្នាំ​២០១៩ តុលាការ​ពិសេស​មួយ ក្នុងប្រទេស​ប៉ា​គី​ស្ថាន បាន​កាត់ទោស​ប្រហារជីវិត​កំបាំងមុខ​អតីត​មេដឹកនាំ​សឹក លោក Pervez Musharraf លើ​បទ​ចោទ ក្បត់ជាតិ​កម្រិតធ្ងន់ និង​ធ្វើ​វិទ្ធង្សនា​រដ្ឋធម្មនុញ្ញ​។ តាម​ប្រភពព័ត៌មាន​កន្លងមក លោក Musharraf បច្ចុប្បន្នកំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ 
 
​សវនាការ​កាត់ទោស​ប​ទ​ចោទ «​ក្បត់ជាតិ​» ប្រឆាំង​លោក Musharraf បានចាប់ផ្តើម ក្នុង​ឆ្នាំ​២០១៤​។ សកម្មភាព​លោក​ក្នុង​ឆ្នាំ​២០០៧ ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ក្នុងករណី​ទោស​ក្បត់ជាតិ​ប្រឆាំង​អតីត​មេដឹកនាំ​វ័យ​៧៦​ឆ្នាំ​រូបនេះ​។ កាលនោះ​គឺ​នៅ​ថ្ងៃ ៣ វិច្ឆិកា ឆ្នាំ​២០០៧ មេដឹកនាំ​សឹក​រូបនេះ បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន និង​បាន​ព្យួរ​រដ្ឋធម្មនុញ្ញ ព្រមទាំង​បាន​ឃុំឃាំង​មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់ និង​ចៅក្រម​។ 
 
​ក្រោយមក វិបត្តិ​នយោបាយ​នេះ​កាន់តែ​ដុនដាប ក្នុង​ខែមីនា ឆ្នាំ ២០០៧ ដោយ​កាលនោះ លោក Musharraf បាន​ប៉ុន​ប៉ុង​ដកហូត​តំណែង​របស់​ប្រធាន​យុត្តិធម៌​របស់​តុលាការ​កំពូល​ប៉ា​គី​ស្ថាន គឺ​លោក Iftikhar Muhammad Chaudhry ។ ជា​ទង្វើ​មួយ​ដែល​តុលាការ​កំពូល ក្រោយមក បាន​ចាត់ទុកថា ខុសច្បាប់​។ ការ​ប៉ុន​ប៉ុង​នេះ បាន​រង​ការ​បាតុកម្ម​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​មេធាវី​នៅ​ទូទាំងប្រទេស ។ 
 
​លោក Musharraf បាន​ចូល​ក្តោប​អំណាច​ដោយ​ការធ្វើ​រដ្ឋប្រហារ​យោធា​មួយ ក្នុង​ឆ្នាំ​១៩៩៩ ហើយ​បាន​ដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​នេះ​អស់​ពេល​៩​ឆ្នាំ​។ ក្នុង​ឆ្នាំ​២០០៨ លោក​បាន​សុំលាលែង​ពី​តំណែង​ជា​ប្រធានាធិបតី​ទី​១០​របស់​ប៉ា​គី​ស្ថាន ក្រោយពី​បក្សប្រឆាំង​បាន​ព្យាយាម​បណ្តេញ​រូបលោក​ពី​តំណែង​កំពូល​នេះ​៕

Tag:
 ​ប៉ា​គី​ស្ថាន​
  Pervez Musharraf
  ទោស​ប្រហារជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com