អន្តរជាតិ
ឥណ្ឌូណេស៊ី និងអេមីរ៉ាត់អារ៉ាប់រួម ចុះកិច្ចព្រមព្រៀងវិនិយោគតម្លៃ២៣ពាន់លានដុល្លារ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (ខាងឆ្វេង) និងព្រះអង្គម្ចាស់អេមីរ៉ាត់អារ៉ាប់រួម Mohammed bin Zayed Al-Nahyan។ រូបភាព៖ Twitter, Mohammed bin Zayed
× ឥណ្ឌូណេស៊ី និងអេមីរ៉ាត់អារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយគ្នា ក្នុងទំហំទឹកប្រាក់ប្រមាណ ២៣ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះផ្ដោតលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគលើរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីជាដើម។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីនៅថ្ងៃទី១៣ ខែមករា។
គម្រោងវិនិយោគរវាងឥណ្ឌូណេស៊ី និងអេមីរ៉ាត់អារ៉ាប់រួម ត្រូវបានគេប្រកាស បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ទៅអេមីរ៉ាត់អារ៉ាប់រួមនាថ្ងៃទី១៣ ខែមករា។ ទឹកប្រាក់មួយផ្នែករបស់គម្រោងនេះ ដែលមានចំនួន ៦,៨ពាន់លានដុល្លារ អេមីរ៉ាត់អារ៉ាប់រួម នឹងវិនិយោគគម្រោងផ្សេងៗនៅក្នុងឥណ្ឌូណេស៊ី។ ក្នុងនោះរួមមាន គម្រោងរដ្ឋាភិបាល និងរដ្ឋាភិបាល គម្រោងធុរកិច្ចឯកជននិងឯកជនចំនួន១១នៅក្នុងវិស័យកសិកម្ម អប់រំ ថាមពល រ៉ែ និងវិស័យផ្សេងៗទៀត។ បើតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno LP Marsudi ក្រៅពីកិច្ចព្រមខាងលើនេះ នៅមានការវិនិយោគលើវិស័យកំពង់ផែ ថាមពលបង្កើតថ្មី និងការកសាងរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីផងដែរ។
បើតាមរដ្ឋមន្ត្រីវិនិយោគ និងកិច្ចការសមុទ្រ ឥណ្ឌូណេស៊ីលោក Luhut Pandjaitan រដ្ឋាភិបាលទីក្រុងហ្សាការតា នឹងបង្កើតមូលនិធិ sovereign wealth fund (SWF) ដើម្បីរួមបញ្ជូលមូលនិធិបរទេសជាមួយគ្នា ប៉ុន្តែគម្រោងនេះ កំពុងស្ថិតនៅក្រោមការអភិវឌ្ឍរបស់ក្រសួងសហគ្រាសរដ្ឋនៅឡើយ។ បើសិនជាជោគជ័យមែន ឥណ្ឌូណេស៊ី នឹងរួមបញ្ជូលមូលនិធិ Softbank របស់ជប៉ុន មូលនិធិរបស់អេមីរ៉ាត់អារ៉ាប់រួម និង IDFC របស់អាមេរិក ជាមួយគ្នា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post។
ជាការពិត អេមីរ៉ាត់អារ៉ាប់រួម គឺជាប្រទេសដែលបានវិនិយោគធំជាងគេបំផុតនៅឥណ្ឌូណេស៊ី បើធៀបទៅនឹងប្រទេសនៅតំបន់មជ្ឈិមបូព៌ាផ្សេងទៀត គិតត្រឹមឆ្នាំ ២០១៩។
សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រធានាធិបតី ចូកូវី ទៅអេមីរ៉ាត់អារ៉ាប់រួម ក្នុងឆ្នាំ ២០២០ បន្ទាប់ពីព្រះអង្គម្ចាស់ Mohammed bin Zayed Al-Nahyan បានធ្វើដំណើរមកឥណ្ឌូណេស៊ី កាលពីខែ កក្កដា ឆ្នាំ ២០១៩ កន្លងមក។ ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់អេមីរ៉ាត់អារ៉ាប់រួមទៅឥណ្ឌូណេស៊ី កាលនោះ គឺជាលើកដំបូងក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយ ដើម្បីរឹតចំណងមិត្តភាព៕
Tag:
ឥណ្ឌូណេស៊ី
អេមីរ៉ាត់អារ៉ាប់រួម
© រក្សាសិទ្ធិដោយ thmeythmey.com