កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ វៀតណាមសល់ឱកាសចុងក្រោយ ខណៈកូរ៉េខាងជើងហាលអាវ
× ឆ្លងកាត់ការប្រកួត២លើក វៀតណាមនៅមិនទាន់ស្គាល់បរាជ័យ និងជ័យជម្នះនៅឡើយទេ ក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ២០២០។ លទ្ធផលស្មើទាំងពីរប្រកួត បានធ្វើឲ្យវៀតណាមនៅសល់ឱកាសចុងក្រោយដើម្បីប្រជែងយកមួយកៅអីទៅវគ្គ៨ក្រុមចុងក្រោយ។ កូរ៉េខាងជើងដែលចាញ់ទាំងពីរប្រកួត ត្រូវហាលអាវត្រឹមវគ្គសន្សំពិន្ទុនេះ។
បន្ទាប់ពីស្មើគ្នាជាមួយអេមីរ៉ាតអារ៉ាប់រួមនៅជំនួបបើកឆាកពូល D ក្រុមជម្រើសជាតិវៀតណាម ក្រោមអាយុ២៣ឆ្នាំ នៅយប់ថ្ងៃទី១៣ ខែមករា បានបន្តការប្រកួតទី២ជាមួយហ្ស៊កដានីដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាដដែល។
ក្នុងការប្រកួតនៅកីឡដ្ឋាន Buriram Stadium ប្រទេសថៃ ហ្ស៊កដានីបានបើកការវាយសម្រុកលើក្រុមវៀតណាមដែលជាក្រុមរងជើងឯកឆ្នាំ២០១៨ យ៉ាងខ្លាំងក្លាចាប់តាំងពីដើមវគ្គទី១។ បើទោះហ្ស៊កដានីមានឱកាសច្រើន ប៉ុន្តែពួកគេមិនអាចសម្រេចទីក្រុមវៀតណាមបានឡើយ ដោយចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ០-០។
ក្រោយការប្រកួតពីរលើក វៀតរកបាន២ពិន្ទុ ឈរនៅលេខរៀងទី៣ក្នុងពូល D ខណៈហ្សកដានីទទួលបាន៤ពិន្ទុ ឈរលេខ២។ អេមីរ៉ាតអារ៉ាប់រួម ដែលយកឈ្នះកូរ៉េខាងជើង ២-០ ឡើងទៅឈលេខ១បណ្តោះអាសន្នដោយរកបាន៤ពិន្ទុ ព្រោះមានប្រៀបលើគ្រាប់ស៊ុតបញ្ចូលទី។ ក្នុងចំណោមក្រុមទាំង៤ មានតែ៣ក្រុមប៉ុណ្ណោះដែលមានឱកាសប្រជែងគ្នាឡើងទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ លើកលែងតែកូរ៉េខាងជើងត្រូវហាលអាវ។
ការប្រកួតចុងក្រោយ ដែលជាជំនួបកាត់សេចក្តីនៃវគ្គជម្រុះតាមពូល វៀតណាមប៉ះកូរ៉េខាងជើង រីឯ អេមីរ៉ាតអារ៉ាប់រួម តតាំងជាមួយហ្ស៊កដានី។
គិតនៅត្រឹមពេលនេះ គេទើបរកឃើញ១ក្រុមប៉ុណ្ណោះគឺកូរ៉េខាងត្បូងដែលកក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ខណៈ៣ក្រុមដែលរួមមាន ចិន ជប៉ុន និងកូរ៉េខាងជើងអស់សិទ្ធ។ ក្រៅពីនោះ សុទ្ធតែត្រូវប្រជែងនៅជំនួបចុងក្រោយ៕
Tag:
AFC U23 Championship
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com