សម្តេច ហ៊ុន សែន៖ ប្រទេសយើងប្រជាធិបតេយ្យ គ្មានការផ្ទេរអំណាចពីឪពុក ទៅកូនទេ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ ប្រទេសយើងប្រជាធិបតេយ្យ គ្មានការផ្ទេរអំណាចពីឪពុក ទៅកូនទេ
14, Jan 2020 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា កម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យ ដែលតម្រូវឲ្យមានការបោះឆ្នោត ក្នុងការជ្រើសរើសមេដឹកនាំ។ សម្តេច ប្រកាសដូច្នេះថា៖«អ្វីដែលខ្ញុំគួរតែបញ្ជាក់បន្ថែមគឺថា ប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ មិនមែនជាប្រទេសដែលផ្ទេរអំណាចពីឪពុក ទៅកូន តាមរបៀបមួយ ដូចជានៅប្រទេសខ្លះនោះទេ។ ត្រូវឆ្លងកាត់ការបោះឆ្នោត»។

 


ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី គឺធ្វើឡើងក្នុងពិធីសំណេះសំណាលប្រចាំឆ្នាំលើកទី៤ ជាមួយអ្នកកាសែតប្រមាណ៥ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេច សង្កត់ធ្ងន់ថា៖«មួយវិញទៀត បើទោះបីជាឪពុកចាកចេញនៅពេលនេះ ក៏ប្រហែលជាមិនទាន់ដល់វេន ដែលកូនមកកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងពេលមេដឹកនាំប្រទេស ជាសហការីរបស់ខ្ញុំ កំពុងតែស្ថិតនៅទីនោះដែរ ដោយសារ ហ៊ុន ម៉ាណែត ជាក្មេងម្នាក់ ដែលអ្នកអង្គុយលើតុទាំងនេះ ពរនៅឡើយទេ [កាល ហ៊ុន ម៉ាណែតនៅក្មេង]។ ដូច្នេះ ប្រាកដណាស់ថា យើងត្រូវគិតគូរពីរបៀបដោះស្រាយបញ្ហាផ្ទៃក្នុងរបស់យើង...»។ 

ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តីនាពេលនេះ គឺដើម្បីបកស្រាយទៅកាន់មជ្ឈដ្ឋានមួយចំនួន ដែលនាំគ្នាលើកឡើងថា សម្តេច ត្រៀមរៀបចំផ្ទេរអំណាចទៅឲ្យលោក ហ៊ុន ម៉ាណែត ដែលជាកូនច្បង។ សម្តេច បញ្ជាក់ជាថ្មីថា សម្តេច នឹងកាន់តំណែងជានាយករដ្ឋមន្រ្តី យ៉ាងហោចណាស់១០ឆ្នាំ​ទៀត ដូច្នេះ លោក ហ៊ុន ម៉ាណែត ត្រូវរង់ចាំរហូតដល់ក្រោយឆ្នាំ២០២៨ ឬក៏ក្រោយឆ្នាំ២០២៩ឯណោះ ទើបអាចមានឱកាសចូលរួមប្រជែងយកតំណែងនាយករដ្ឋមន្រ្តីនេះ។ 

សម្តេច អះអាងដូច្នេះថា៖«...កុំចាំបាច់ និយាយម្តងហើយម្តងទៀតថា ហ៊ុន សែន ប្រឹងប្រែងផ្ទេរអំណាច ឲ្យកូន គ្មានរឿងនេះ កើតឡើងទេ ក្នុងរង្វង់មិនតិចជាង១០ឆ្នាំនោះទេ...។ បើទោះបីជា ហ៊ុន ម៉ាណែត មានលទ្ធភាព ក៏ត្រូវបោះឆ្នោតដែរ...»។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ គឺជាខួប៣៥ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេច ហ៊ុន សែន៕ 

Tag:
 ហ៊ុន សែន​
  ហ៊ុន ម៉ាណែត
  ផ្ទេរតំណែង
© រក្សាសិទ្ធិដោយ thmeythmey.com