ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះ​ញ៉ាំ “​ឃ្លោក​” អត់​? បន្លែ​នេះ​ល្អ​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​ជាច្រើន​
15, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឃ្លោក​ជា​បន្លែ​មួយ​ប្រភេទ​ដែល​សម្បូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា​។ ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​បន្លែ​នេះ​យ៉ាងណាក៏ដោយ ក៏​ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។


 
​ដូច្នេះ​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​ផ្លែ​ឃ្លោក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖
 
១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​

​ឃ្លោក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ចាំបាច់​ក្នុង​ការជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យមាន​លក្ខណៈ​កាន់តែ​រឹងមាំ​ឡើង​។​
 
២. ព្យាបាល​និង​ទប់ស្កាត់​បញ្ហា​ទល់លាមក​

​ឃ្លោក​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​សរសៃ​និង​ជាតិ​ទឹក​។ ដូច្នេះ​ការទទួល​ទាន​បន្លែ​នេះ​អាចជួយ​បំបាត់​និង​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​គួរឱ្យកត់សម្គាល់​។​
 
៣. ទប់ស្កាត់​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​

​អ្នកជំងឺ​ទឹកនោមផ្អែម ក៏ដូចជា​អ្នក​ដែល​កំពុង​ប្រឈមមុខ​ខ្ពស់​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​គួរ​ព្យាយាម​ទទួលទាន ឬ​រួមបញ្ចូល​ឃ្លោក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ នោះ​ក៏​ព្រោះតែ​ឃ្លោក​ជា​បន្លែ​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់​ដែល​អាចជួយ​គ្រប់គ្រង​បរិមាណ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ទប់ស្កាត់​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ ម្យ៉ាងវិញទៀត​ឃ្លោក​ក៏មាន​ផ្ទុក​ជាតិ​ម៉​ង់​កា​ណែ​ស​ដែល​ចាំបាច់​ក្នុង​ការផលិត​អង់ស៊ីម​រំលាយ​អាហារ​ដែលមាន​ប្រយោជន៍​ណាស់​សម្រាប់​ដំណើរការ​នៃ​ការបង្កើត​គ្លុយកូស gluconeogenesis​។ ម៉​ង់​កា​ណែ​ស​អាចជួយ​ក្នុងការ​បង្កើន​ការបញ្ចេញ​អាំង​ស៊ុយ​លីន​ត្រឹមត្រូវ​និង​ធ្វើអោយ​មុខងារ mitochondrial មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​។​
 
៤. គ្រប់គ្រង​សម្ពាធ​ឈាម​

​មួយ​ក្នុងចំណោម​សារធាតុចិញ្ចឹម​ចាំបាច់​ជាច្រើន​ផ្សេងទៀត​ក្នុង​ផ្លែ​ឃ្លោក គឺ​ប៉ូ​តា​ស្យូ​ម​។ ដូច្នេះហើយ​ទើប​អ្នក​ដែលមាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​ជំងឺលើសឈាម​គួរ​ព្យាយាម​ទទួលទាន​ឃ្លោក​។ ប៉ូ​តា​ស្យូ​ម​ជា​សារធាតុចិញ្ចឹម​ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​។​
 
៥. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​

​មួយ​ក្នុងចំណោម​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ផ្សេងទៀត​ដែលមាន​ផ្ទុក​ក្នុង​ផ្លែ​ឃ្លោក គឺ​វីតាមីន C ។ ឃ្លោក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នេះ​ជួយ​រាងកាយ​អោយ​កាន់តែ​រឹងមាំ​ក្នុងការ​ប្រយុទ្ធប្រឆាំង​តបត​នឹង​ផលប៉ះពាល់​ផ្សេងៗ​នៃ​រ៉ាឌីកាល់​សេរី ហើយ​ទប់ស្កាត់​ការលូតលាស់​នៃ​កោសិកា​មហារីក​។​
 
៦. សុខភាព​ស្បែក​

​វីតាមីន C ក្នុង​ផ្លែ​ឃ្លោក​ក៏​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ផងដែរ វា​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ស្បែក​ស្ងួត ទប់ស្កាត់​ភាព​ចាស់​មុន​អាយុ​។ វីតាមីន C ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផលិត​ប្រូតេអ៊ីន​ដើម្បី​បង្កើត​សាច់ដុំ សរសៃឈាម និង​សរសៃ​ភ្ជាប់​ឆ្អឹង​ត្រង់​សន្លាក់​ផងដែរ​។ អត្ថប្រយោជន៍​អស្ចារ្យ​មួយទៀត​នៃ​វីតាមីន C គឺ​ជួយ​ឲ្យ​របួស​ឆាប់​ជាសះស្បើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com