ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនបាច់​លេបថ្នាំ​! ឆាប់​ជា​ពី​ជំងឺ​ផ្ដាសាយ ដោយ​គ្រាន់តែ​ធ្វើបែបនេះ​
16, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ផ្ដាសាយ​អាច​បង្ក​ភាព​រំខាន​និង​អា​ការៈមិន​ស្រួល​ជាច្រើន​។


 
​ការ​លេបថ្នាំ​មិនមែនជា​ជម្រើស​ដ៏​ល្អ​ដើម្បី​ទប់ទល់​នឹង​អាកា​រៈ​នៃ​ជំងឺ​នេះឡើយ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បំបាត់​អាកា​រៈ​នៃ​ជំងឺ​ផ្ដាសាយ​បាន​យ៉ាង​ឆាប់រហ័ស ៖
 
១. ទទួលទាន​វីតាមីន C ឱ្យបាន​គ្រប់គ្រាន់​

​នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចុះខ្សោយ​នោះ​យើង​ងាយ​នឹង​ប្រឈមមុខ​ជាមួយ​បញ្ហា​សុខភាព​ជាច្រើន ពិសេស គឺ​ជំងឺ​ផ្ដាសាយ​។ ដូច្នេះ​កំឡុងពេល​ជួបប្រទះ ឬ​ដើម្បី​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ ចូរ​ព្យាយាម​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។ នេះ​ក៏​ព្រោះតែ​វីតាមីន C គឺ​ដើរតួនាទី​យ៉ាង​ចាំបាច់​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ឱ្យ​រឹងមាំ​។​
 
២. ញើសសំបោរ​ថ្នមៗ​

​ជំងឺ​ផ្ដាសាយ​អាច​បណ្ដាលឱ្យ​តឹង​ច្រមុះ​ជា​មូលហេតុ​ដែល​អ្នក​តែងតែ​ញើសសំបោរ​ញឹកញាប់​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​ញើសសំបោរ​ថ្នមៗ​ចៀសវាង​បង្ក​ផលប៉ះពាល់​ដល់​ច្រមុះ​និង​អាចធ្វើឱ្យ​ឈឺ​ដល់​ត្រចៀក​ថែមទៀត​។​
 
៣. រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​

​នៅពេល​ផ្ដាសាយ​អ្នក​ចាំបាច់​ត្រូវ​រក្សា​សំណើម ឬ​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​រាងកាយ​ដើម្បី​ឆាប់​ជាសះស្បើយ​។ នេះ​ក៏​ព្រោះតែ​រាងកាយ​ងាយ​ជួបប្រទះ​បញ្ហា​ខ្វះ​ជាតិ​ទឹក​ណាស់ ជាពិសេស​បើ​ជំងឺ​ផ្ដាសាយ​មាន​អម​មក​ជាមួយនឹង​អាកា​រៈ​ក្អួត ឬ​រាក​។ ម្យ៉ាងវិញទៀត​ប្រសិនបើ​ខ្វះ​ជាតិ​ទឹក​រាងកាយ​នឹង​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ពពួក​វីរុស​ឡើយ​។ ការទទួល​ទាន​ទឹក​ពី ៨ ទៅ ១០ កែវ ឬ​ច្រើនជាង​នេះ​អាចជួយ​ឱ្យ​អ្នក​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផ្ដាសាយ​។​
 
៤. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​

​ប្រសិនបើ​ជំងឺ​ផ្ដាសាយ​ធ្វើឱ្យ​អ្នក​ឈឺបំពង់ក​ដែរនោះ​ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល គឺ​ប្រសើរ​ណាស់​ដើម្បី​បំបាត់​ការ​រលាក​ក្នុង​បំពង់ក​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រំលាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។ អនុវត្ត​ឱ្យបាន ៤ ដង​ក្នុង​មួយថ្ងៃ​។​
 
៥. សម្រាក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​

​ប្រសិនបើ​អ្នក​មិន​ផ្ដល់​ពេល​ឱ្យ​រាងកាយ​បាន​សម្រាក​គ្រប់គ្រាន់​ទេនោះ​ជំងឺ​ផ្ដាសាយ​អាច​នឹងមិន​បាត់ទៅ​វិញ​ក្នុង​រយៈពេល​តិចជាង ១ សប្តាហ៍​ឡើយ​។ ដូច្នេះ​ដើម្បី​ឆាប់​ជាសះស្បើយ​ចូរ​ព្យាយាម​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com