កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ ម្ចាស់ផ្ទះ​ថៃ និង​អូស្ត្រាលី ចាប់ដៃគ្នា​ឡើងទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​
15, Jan 2020 , 10:35 am        
រូបភាព
​ម្ចាស់ផ្ទះ​ថៃ និង​អូស្ត្រាលី បាន​ឈានទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ នៃ​ព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ​២០២០ បើ​ទោះ​ក្រុម​ទាំងពីរ​ប្រកួត​បាន​ត្រឹម​ស្មើ​រៀងខ្លួន​នៅ​ជំនួប​ចុងក្រោយ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល ក៏ដោយ​។ ថៃ​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​២ ឯ​អូស្ត្រាលី​ឈរ​កំពូល​តារាង​ពូ​ល A​។​


 
​នា​ជំនួប​កាត់សេចក្តី​ក្នុង​ពូ​ល A នៅ​យប់​ថ្ងៃទី​១៤ ខែមករា ម្ចាស់ផ្ទះ​ថៃ​បាន​ប្រកួត​ស្មើគ្នា​ជាមួយ​អ៊ីរ៉ាក់​ក្នុង​លទ្ធផល ១-១​។ ខ្សែបម្រើ​ប្រយុទ្ធ Jaroensak Wonggorn ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ U23 ថៃ​នៅ​នាទី​៦ ដោយ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី ក្រោយ​លោក​អាជ្ញាកណ្តាល​ពិនិត្យមើល VAR ហើយ​សម្រេច​ឲ្យ​បាល់​ពិន័យ​នេះ​។ ក្រុម​ទាំងពីរ​បាន​បន្ត​ការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក ប៉ុន្តែ​មិនអាច​ធ្វើ​អ្វី​គ្នា​បាន​ដោយ​លទ្ធផល ១-០ រក្សា​រហូត​ចប់​វគ្គ​ទី​១​។​
 
​ចូលដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការ​មិនទាន់បាន​៥​នាទី​ស្រួលបួល​ផង ក្រុម​ភ្ញៀវ​អ៊ីរ៉ាក់​បាន​ស៊ុត​តាម​ស្មើ​វិញ ដែល​សម្រេច​ទី​បាន​ដោយ​ខ្សែប្រយុទ្ធ Mohammed Nassif​។ លទ្ធផល ១-១ បាន​បន្ត​រហូត​ចប់​ការប្រកួត​តែម្តង ដែល​ធ្វើ​ឲ្យ​ក្រុម​អ៊ីរ៉ាក់​បន្សល់​ទឹកភ្នែក​នៅ​ទឹកដី​ថៃ នៅត្រឹម​វគ្គ​ចែក​ពូ​ល​។​


 
​ឆ្លងកាត់​ការប្រកួត​៣​លើក ឈ្នះ​១ ចាញ់​១ និង​ស្មើ​១ បាន​នាំ​ឲ្យ​ថៃ​ទទួលបាន​៤​ពិន្ទុ ឈរ​លេខ​រៀង​ទី​២​ពូ​ល A ខណៈដែល​អ៊ីរ៉ង់​ប្រកួត​ស្មើ​ទាំងបី​លើក​មាន​៣​ពិន្ទុ ឈរ​លេខ​៣​។​
​អូស្ត្រាលី ដែល​ប្រកួត​ស្មើ​បា​រ៉ែ​ន ១-១ នៅ​ជំនួប​ចុងក្រោយ​ដែរនោះ បានបញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​១ ពូ​ល A ដោយ​ទទួលបាន​៥​ពិន្ទុ​។ បា​រ៉ែ​នរក​បានតែ​២​ពិន្ទុ​ប៉ុណ្ណោះ​ស្ថិតនៅ​បាត​តារាង ហើយ​ត្រូវ​ហាលអាវ​ជាមួយ​អ៊ីរ៉ាក់​។​
 
​គិត​ត្រឹម​ពេលនេះ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​អាយុ​ក្រោម​២៣​ឆ្នាំ ប្រចាំ​តំបន់​អាស៊ី​ឆ្នាំ​២០២០ ដែល​ថៃ​ធ្វើ​ម្ចាស់ផ្ទះ​នេះ បាន​រកឃើញ​ចំនួន​៣​ក្រុម​ហើយ​ដែល​ឡើងទៅ​វគ្គ​បន្ត ហើយ​៥​ក្រុម​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​។ ៣​ក្រុម​ដែល​ឆ្លងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​មាន កូរ៉េខាងត្បូង ថៃ និង​អូស្ត្រាលី រីឯ​៥​ក្រុម​ហាលអាវ​មាន​ចិន ជប៉ុន កូរ៉េខាងជើង បា​រ៉ែ​ន និង​អ៊ីរ៉ាក់​៕



Tag:
 AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com