ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី អំពាវនាវ​ពលរដ្ឋ រួមគ្នា​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា​
15, Jan 2020 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខណៈ​តុលាការ​កម្ពុជា ចាប់ផ្តើម​ដំណើរការ​បើកសវនាកា​រ​ជំនុំជម្រះ​រឿងក្តី​របស់លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​នេះ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅឯ​ប្រទេស​បារាំង បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយបាន​សើចចំអក​ថា សវនាការ​នេះ គឺជា «​ឆាកល្ខោន​»​។


 
​តាមរយៈ​វីដេអូ​ឃ្លី​ប​ប្រវែង​ជាង​១០​នាទី លោក សម រង្ស៊ី អំពាវនាវ​ដូច្នេះ​ថា​៖«​សូម​បងប្អូន​ជនរួមជាតិ ដែល​ស្រឡាញ់ យុត្តិធម៌ សេរីភាព និង លទ្ធិប្រជាធិបតេយ្យ រួបរួមគ្នា​ជា​ធ្លុង​មួយ ទាមទារ​ទាំងអស់គ្នា ឲ្យ​គេ​ទម្លាក់ចោល​ការចោទប្រកាន់​មកលើ​លោក កឹម សុខា ហើយ​ឲ្យ​គេ​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​»​។ 
 
​លោក សម រង្ស៊ី ដែល​តែងតែ​ប្រាប់​គេឯង​ថា​លោក និង លោក កឹម សុខា ជា​មនុស្ស​តែមួយ បាន​និយាយ​ដូច​លើក​មុនដ​ដែលថា ការចោទប្រកាន់​លោក កឹម សុខា គឺ​គ្មាន​មូលដ្ឋាន​ឡើយ ហើយ​លោក កឹម សុខា ក៏​គ្មាន​ទោស​អ្វី​ដែរ​។ លោក ថ្លែង​បែបនេះ​ថា​៖«​ការចោទប្រកាន់​លោក កឹម សុខា គ្រាន់តែ​ជា​លេស ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​»​។  
 
​សវនាការ​លើ​លោក កឹម សុខា ប្រព្រឹត្ត​ទៅដោយ​ការ​រឹតបន្តឹង​សន្តិសុខ ពី​សំណាក់​កម្លាំង​សមត្ថកិច្ច នៅ​ខាងក្រៅ​តុលាការ​រាជធានី​ភ្នំពេញ​។ អង្គការ​ជាតិ​-​អន្តរជាតិ អ្នកកាសែត ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង និង អ្នកគាំទ្រ បាន​ទៅមុខ​តុលាការ ដើម្បី​តាមដាន​មើល​ការបើក​សវនាការ​នេះ​។ 
 
​លោក កឹម សុខា បាន​ចូលរួម​សវនាការ ដោយមាន​មេធាវី​៤​រូប​។ សវនាការ​នេះ មាន​មនុស្ស​ជាង​៣០​នាក់​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​ចូលរួម ដោយ​ភាគច្រើន ជា​មន្ត្រី​ទូត​បរទេស​។ 
 
​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ លោក តាំង ស៊ុន​ឡាយ អះអាងថា រឿងក្តី​របស់លោក កឹម សុខា គឺជា​រឿងក្តី​ធំ ដូច្នេះ ការបើក​សវនាការ​ជំនុំជម្រះ អាច​នឹងត្រូវ​ប្រើពេល​ដល់​ទៅ​៣​ខែ​ឯណោះ ទើប​អាច​បញ្ចប់​។ លោក បញ្ជាក់ថា សវនាការ​នេះ ត្រូវធ្វើឡើង​២​ថ្ងៃ ក្នុង​១​សប្តាហ៍ គឺ​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​។ 
 
​លោក កឹម សុខា រង​ពីបទ​ចោទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​ហៅថា បទ​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ចាត់​ចូល​ជា​អំពើ​ក្បត់ជាតិ​។ លោក ត្រូវបាន​សមត្ថកិច្ច ចូលទៅ​ចាប់ខ្លួន ដល់​គេហដ្ឋាន កាលពី​ថ្ងៃទី​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ 
 
១​ឆ្នាំក្រោយ គឺ​នៅ​ខែកញ្ញា ឆ្នាំ​២០១៨ តុលាការ អនុញ្ញាត​ឲ្យ​លោក កឹម សុខា ត្រឡប់​ទៅ​រស់នៅក្នុង​គេហដ្ឋាន​វិញ តែ​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​តុលាការ​។ ១​ឆ្នាំ​មកទៀត សំណុំរឿង​របស់លោក ត្រូវ​បិទ​បញ្ចប់​ការស៊ើបអង្កេត និង​ឈានដល់​ការបើក​សវនាការ​ជំនុំជម្រះ នៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២០​នេះ​។ សវនាការ​នេះ គឺ​ដើម្បី​សម្រេច​ថា លោក ពិតជា​មានទោស​ដូច​ការចោទប្រកាន់​មែន ឬក៏​គ្មាន​៕ 

Tag:
 សម រង្ស៊ី​
  កឹម សុខា​
  សវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com