មន្ត្រី​យោធា​អាមេរិក​ទៅដល់​មូលដ្ឋាន​សមុទ្រ​រាម​
ជាតិ
មន្ត្រី​យោធា​អាមេរិក​ទៅដល់​មូលដ្ឋាន​សមុទ្រ​រាម​
15, Jan 2020 , 1:39 pm        
រូបភាព
រូបឯកសារ៖ ទិដ្ឋភាពនៃមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)
រូបឯកសារ៖ ទិដ្ឋភាពនៃមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)
ដោយ: VOA
​ភ្នំពេញ ៖ មន្ត្រី​យោធា​របស់​អាមេរិក បានធ្វើ​ដំណើរ​ទៅកាន់​មូលដ្ឋាន​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ចន្ទ និង​បាន​ជួប​ជាមួយ​មន្ត្រី​បញ្ជាការ​នៃ​មូលដ្ឋានទ័ព​ដ៏​សំខាន់​របស់​កងទ័ពជើងទឹក​កម្ពុជា ដែល​បាន​ក្លាយជា​ចំណុច​ស្នូល​នៃ​ការពិភាក្សា​អំពី​បញ្ហា​យុទ្ធសាស្ត្រ​កម្រិត​តំបន់​។​

 
​សហរដ្ឋអាមេរិក​បាន​ដាក់​ការសង្ស័យថា ប្រទេស​ចិន​បានសម្រេច​«​កិច្ចព្រមព្រៀងសម្ងាត់​»​ដើម្បីឱ្យ​កងទ័ពជើងទឹក​របស់​ខ្លួន អាច​ប្រើប្រាស់​មូលដ្ឋាន​សមុទ្រ​រាម ក្នុងពេល​អនាគត​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​អាមេរិក​The Wall Street Journal ដែល​ចេញផ្សាយ​កាលពី​ខែកក្កដា ឆ្នាំ​២០១៩​។ កាសែត​ដដែល​បានឱ្យដឹងថា​កិច្ចព្រមព្រៀង​នេះ នឹង​បើក​ឱ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​កម្ពុជា​រហូត​ដល់​៣០​ឆ្នាំ ហើយ​ផ្ដល់​សិទ្ធិ​ឱ្យ​ចិន​ក្នុង​ការសាងសង់​សំណង់​អគារ​នានា​ក្នុង​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​ដែលមាន​ផ្ទៃដី​ជាង​១០០​ហិកតា​។​
 
​ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ចិន បដិសេធថា​មិនមាន​នោះទេ​។​


រូបឯកសារ៖ មូលដ្ឋាន​ទ័ពជើងទឹក​រាម​គឺ​ជា​កន្លែង​មួយ​ដែល​ប្រតិបត្តិការ​ដោយ​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ខេត្តព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា។
 
​លេខាធិការដ្ឋាន​នៃ​មូលដ្ឋានទ័ព បានចេញ​កំណត់​ផ្សាយ​មួយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា លោក​វរសេនីយ៍ឯក Marcus Ferrara សេនានុព័ន្ធ​យោធា​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចូលជួប «​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​» ជាមួយ​លោក​ឧត្ដមនាវីឯក អ៊ុក សីហា មេបញ្ជាការ​មូលដ្ឋាន​ស​មុ​ទ្រ​រាម និង​ជា​មេបញ្ជាការរង​កងទ័ព​ជើង​ទឹក​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។​
 
​មិនមាន​ព័ត៌មាន​ជាក់ច្បាស់​នោះទេ ថា​តើ​លោក​វរសេនីយ៍ឯក Marcus Ferrara និង​សហការី​បានធ្វើ​ដំណើរ​ត្រួតពិនិត្យ​មូលដ្ឋានទ័ព​សមុទ្រ​បាន​ដល់​កម្រិតណា ហើយ​ថា​តើ​លោក​បាន​ពិភាក្សា​អំពី​បញ្ហា​អនាគត​នៃ​មូលដ្ឋាន​សមុទ្រ​រាម​នេះ​ជាមួយ​លោក​ឧត្ដមនាវីឯក អ៊ុក សីហា ឬ​យ៉ាងណា​។​
 
​លោក​ឧត្ដមនាវីឯក អ៊ុក សីហា បាន​បញ្ជាក់ថា​លោក​ពិតជា​បាន​ជួប​ជាមួយ​លោក​វរសេនីយ៍ឯក Marcus Ferrara កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ពិតមែន តែ​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​នៅពេល​VOA​សួរថា​របៀបវារៈ​អ្វីខ្លះ ត្រូវបាន​លើក​មក​ពិភាក្សា ដោយ​បង្វែរ​សំណួរ​ទៅកាន់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​
 
​លោកស្រី Emily V. Zeeberg អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ ក៏​មិនបាន​បញ្ជាក់​អំពី​ខ្លឹមសារ​នៃ​ជំនួប និង​សេចក្ដីលម្អិត​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​វរសេនីយ៍ឯក Marcus Ferrara នៅ​មូលដ្ឋាន​សមុទ្រ​រាម​ដែរ​។​
 
​មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​រូបនេះ បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​៖
 
«​អនុព័ន្ធយោធា​របស់​ស​ហ​រដ្ឋ​អាមេរិក​ជានិច្ចកាល តែងតែមាន​ជំនួប​ជាមួយ​មន្ត្រី​យោធា​នានា​របស់​កម្ពុជា​អនុលោម​តាម​មុខនាទី​ជាធម្មតា​របស់លោក ហើយ​ជំនួប​ជាមួយ​លោក​ឧត្ដមនាវីឯក អ៊ុក សីហា ជា​ជំនួប​ប្រក្រតី​មួយ​»​។​
 
​ការសង្ស័យ​របស់​សហ​រដ្ឋ​អាមេរិក​លើ​ការប្រើប្រាស់​មូលដ្ឋាន​សមុទ្រ​រាម​សម្រាប់​យោធា​របស់​ចិន​នៅពេល​អនាគត ត្រូវបាន​លើកឡើង តាមរយៈ​លិខិត​របស់លោក Joseph H. Felter អតីត​ឧបការី​រង​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក កាលពី​ខែមិថុនា ឆ្នាំ​២០១៩​។​លោ​កថា​កម្ពុជា​ច្រានចោល​ជំនួយ​របស់​សហរដ្ឋអាមេរិក​សម្រាប់​ទីកន្លែង​បណ្ដុះបណ្ដាល និង​ការថែទាំ​កប៉ាល់​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ហើយ​ការណ៍​នេះ​ទំនងជា​ទាក់ទង​នឹង​កងទ័ព​ចិន​។​
 
​ក្នុង​លិខិត​មួយ​ផ្ញើ​មកកាន់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នា​គ្រានោះ លោក Joseph H. Felter បាន​លើកឡើងថា​«​ការផ្លាស់​ចិត្ត​ដោយ​តក់ក្រហល់​លើ​គោលនយោបាយ អាច​គូស​បង្ហាញ​អំពី​គម្រោង​ធំ​ជាង​នេះ​សម្រាប់​បន្លាស់​ប្ដូរ​នៅ​មូលដ្ឋាន​សមុទ្រ​រាម ជាក់ស្ដែង​លើ​គម្រោង​នានា​ដែល​អាច​នឹង​ពាក់ព័ន្ធ​ដល់​ការទទួល​វត្តមាន​យោធា​ចិន​នៅ​ទីនោះ​»​។​
 
​ទំនាក់ទំនង​យោធា​ក៏ដូចជា​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋអាមេរិក បាន​ជួប​ភាព​រកាំរកូស ខណៈ​លំ​ហាត់​សមយុទ្ធ​ប្រចាំឆ្នាំ​រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​ផ្អាក​តាំងតែ​ពី​ឆ្នាំ​២០១៧​។ ប៉ុន្តែ ចាប់តាំងពី​ពេលនោះ​មក កម្ពុជា និង​ចិន បានធ្វើ​សមយុទ្ធ​រួមគ្នា​បី​ដង​ជា​បន្តបន្ទាប់​។​
 
​លោក​បណ្ឌិត Paul Chambers អ្នកជំនាញ​កិច្ចការ​យោធា នៅ​សាកលវិទ្យាល័យ​នរេសូរ (Naresuan University) ប្រទេស​ថៃ បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​វរសេនីយ៍ឯក Marcus Ferrara បានបង្ហាញ​អំពី​កិច្ច​ខិត​ប្រឹងប្រែង​របស់​ប្រទេស​ទាំងពីរ​ក្នុង​ចង់​ធានា​ឱ្យ​គ្នា​ទៅវិញទៅមក​អំពី​អនាគត​នៃ​មូលដ្ឋានទ័ព​សមុទ្រ​រាម​។​
 
​អ្នកជំនាញ​រូបនេះ​បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក ក្នុងន័យ​ដើម​យ៉ាង​ដូច្នេះ​ថា​៖
 
«​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​[​វរសេនីយ៍ឯក Marcus Ferrara] អាច​នឹងត្រូវ​បាន​បក​ស្រាយ​អំពី ការព្យាយាម​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​កិច្ចការ​ផ្ទាល់ ដើម្បី​ចង់ដឹង​ឱ្យ​ប្រាកដថា​តើ​កម្ពុជា​បានឱ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​សមុទ្រ​នេះ ទៅដល់​កម្រិតណា​»​។​
 
​លោក​បណ្ឌិត Paul Chambers បានបញ្ជាក់​បន្ថែមថា​៖
 
«​ដំណើរ​ប្រទាក់ក្រឡា​បន្ទាប់​នោះ​គឺថា បើសិនជា​កម្ពុជា​អនុញ្ញាតឱ្យ​អនុព័ន្ធយោធា​សហរដ្ឋអាមេរិក​អាច​ចូលទៅ​មើល​មូលដ្ឋាន​យោធា​ខាងលើ នោះ​អាច​និយាយបានថា កម្ពុជា​ចាប់ផ្ដើម​ទោរទន់​ទៅ​ស្និទ្ធ​ទីក្រុង​វ៉ាស៊ីនតោន​វិញ ឬក៏​អាច​និយាយបានថា​កម្ពុជា​កំពុង​ចង់បង្ហាញ​ជាបន្ទាន់​ដល់ទី​ក្រុង​វ៉ាស៊ីនតោន​ថា​ខ្លួន​មិនទាន់​ជា​ប្រទេស​រណប​នឹង​ប៉េកាំង​នៅឡើយ​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com