ពីនេះ ពីនោះ
មន្ត្រី​ខ្លាច​អ្នកសារព័ត៌មាន​ស្មើនឹង​«​តម្លាភាព​»​ក្នុង​ទី​ងងឹត​, អ្នកកាសែត​គ្មាន​ចំណេះ រំខាន​សង្គម​!
15, Jan 2020 , 11:32 am        
រូបភាព
ដោយ: ថ្មីៗ
​សុធី និង​សំណាង ជួបគ្នា​នៅ​ហាង​កាហ្វេ​ដូច​សព្វដង​។ តែ​នៅ​ព្រឹក​នេះ សុធី និង​សំណាង មកដល់​ហាង​កាហ្វេ​តាំងពីព្រឹក​ព្រលឹម​តែម្តង ព្រោះ ពួកគេ​មិន​ចង់​ប្រឈម​នឹង​ចរាចរណ៍​កកស្ទះ​ដោយសារ​កំណើន​យាន្ត​ជំនិះ​។ ម្យ៉ាងទៀត ពួកគេ​ប្រ​ញ៉ាប់​មកជួប​គ្នា ព្រោះ ពួកគេ​បាន​ស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​យប់​ម្សិលមិញ​ក្នុងជំនួប​លើក​ទី​៤​រវាង​សម្តេច និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​។ សុធី និង​សំណាង គ្មាន​ជំនាញ​ខាង​សារព័ត៌មាន​ទេ​។ ពួកគេ​គ្រាន់តែ​​យល់ដឹង​ខ្លះៗ​ពី​វិស័យនេះ​ប៉ុណ្ណោះ​។

 
​សំណាង​៖ អា សុធី​! អ្ហែង​យល់​ម៉េច​ដែរ ពីអ្វី​ដែល​សម្តេច​និយាយ​នៅ​ទូរទស្សន៍​កាលពី​យប់មិញ​ក្នុងជំនួប​ជាមួយ​អ្នកកាសែត​? 
 
​សុធី​៖ អា សំណាង សម្តេច​មានប្រសាសន៍​ច្រើន​រឿង​ណាស់​។ ចុះ​អ្ហែង​ចង់​សួរ​អញ​រឿង​ណាមួយ​អ្ហា​? 
 
សំណាង​៖ អើ​មែន​អ្ហា​! សំណួរ​អញ​ដូចជា​ទូលាយ​ពេក​។ 
 
​សុធី​៖ អា សំណាង អ្ហែង​ត្រូវ​រៀន​របៀប​សួរ​ផង​។ សួរ​មិន​ចំ គេ​ពិបាក​ឆ្លើយ​ណាស់ណា៎​។ 
 
​សំណាង​៖ អញ​ប្រាប់​ឯង​ហើយ​ថា អញ​មិនមែនជា​អ្នកកាសែត​ឯណា អាសំឡាញ់​។  
 
​សុធី​៖ អញ​ដឹង​ហើយ​។ អញ​និយាយ​លេង​តើ​។ 
 
​សំណាង​៖ ឥឡូវ​អញ​សួរ​ឲ្យ​ចំ​តែម្តង​។ សម្តេច គាត់​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​ជួយ​សរសេរ​ចំណុច​អវិជ្ជមាន​របស់​សង្គម របស់​មន្ត្រី​ខូចខិល​…​។ សម្តេច​ថា គាត់​ធ្លាប់​ផ្តល់​បទសម្ភាសន៍​ជាច្រើន​ដល់​អ្នកសារព័ត៌មាន​ប​រទេស​ល្បីៗ​ជាច្រើន​។ ដូច្នេះ ចៅហ្វាយខេត្ត រដ្ឋមន្ត្រី អ្នកនាំពាក្យ ត្រូវតែ​ហ៊ាន​បកស្រាយ​ជាមួយ​សំណួរ​អ្នកកាសែត​។ តែ​ស្របពេល​ជាមួយគ្នា ក៏​សម្តេច​បាន​ផ្តាំផ្ញើ​ជាមួយ​ពាក្យ​មួយ​ឃ្លា​ថា​៖«​អ្នកកាសែត​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​»​។ អ្ហែង​យល់​ម៉េច​ដែរ​? 
 
​សុធី​៖ អា សំណាង​។ តាមពិត សារ​របស់គាត់​ល្អ​តើ​។ ដូច្នេះ អ្នកកាសែត​ត្រូវតែ​ហ៊ាន​ស្វែងរក​ការពិត​បន្ថែមទៀត​។ អ្នកកាសែត​ត្រូវតែ​តាមដាន​មន្ត្រី​ពុករលួយ មន្ត្រី​បំផ្លាញ​ធនធាន​ជាតិ បំផ្លាញ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​។ ត្រង់ចំណុច​ថា​៖«​អ្នកកាសែត​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​» គឺ​ត្រឹមត្រូវ និយាយ​ជារួម តែបើ​ទាក់ទង​ទៅនឹង​មន្ត្រី​សាធារណៈ​ដែល​ទទួល​ប្រាក់ខែ​ពី​រាស្ត្រ ហើយ​ត្រូវ​បម្រើ​រាស្ត្រ វា​អាច​ថា សិទ្ធិ​មួយចំនួន​ប្រាកដជា​ត្រូវ​កាត់បន្ថយ​ហើយ​។ តែ​ជា​រឿង​ពិត​ដែលថា អ្នកកាសែត​មិនមែន​ចេះតែ​ទៅ​ដើរ​ថត «​ឡាយ​» រឿង​គ្រួសារ ឬ​ជីវិត​ឯកជន​របស់គេ​ទេ​។ 
 
​ហើយ​មុន​ចុះផ្សាយ​អ្វី​ក៏ដោយ អ្នកកាសែត​ត្រូវតែមាន​ភស្តុតាង​ពិតប្រាកដ​ដែរ​។ ប្រយ័ត្ន​គេ​ប្តឹង​ណា​! 
 
​សំណាង​៖ គេ​ប្តឹង តែ​សម្តេច​ថា អាចមាន​មេធាវី​របស់គាត់​ជួយ​ការពារ​អ្នកកាសែត​? 
 
​សុធី​៖ សំណាង ឯង​ស្តាប់​ច្រឡំ​សម្តី​សម្តេច​ហើយ​។ សម្តេច​បានបញ្ជាក់​ច្បាស់​ថា ជួយ​ការពារ​តែ​អ្នកសារព័ត៌មាន​ណា​ដែល​ធ្វើ​កិច្ចការ​ត្រឹមត្រូវ​តាម​គោលការណ៍​។ មិន​ការពារ​ទេ​អ្នកសារព័ត៌មាន​ណា​ដែល​ដើរ​ជេរ​គេ​ជេរ​ឯង ហើយ​«​ឡាយ​»​រញ៉េរញ៉ៃ​នោះ​។ 
 
​សំណាង​៖ សម្តេច​ផ្តល់​មេធាវី​ឲ្យ​អ៊ីចឹង​ល្អ​ឬទេ​? 
 
​សុធី​៖ ថា​ល្អ​ក៏បាន​។ ថា​មិនល្អ​ក៏បាន​។ ល្អ ព្រោះ អ្នកសារព័ត៌មាន​មិនចាំបាច់​ចេញ​លុយ​។ តែ​មិនល្អ​វិញ​នៅត្រង់ថា បំណងល្អ​របស់គាត់​(​សម្តេច​)​អាច​ត្រូវបាន​គេ​យល់ថា ជាការ​លូកដៃ​ចូលក្នុង​អំណាច​សារព័ត៌មាន ឬ​អំណាច​និតិ​ផ្សេងៗ​។  
 
​សំណាង​៖ សុធី ចុះ​សម្តេច​ប្រាប់​ឲ្យ​មន្ត្រី​ផ្តល់ព័ត៌មាន​ជូន​អ្នកសារព័ត៌មាន និង​កុំ​ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ​នោះ អ្ហែង​យល់​ម៉េច​ដែរ​? 
 
​សុធី​៖ សំណាង​។ នេះ គឺជា​ចំណុច​ល្អ​បំផុត ព្រោះ មន្ត្រី​ខ្លះ ខ្លាច​អ្នកសារព័ត៌មាន​ណាស់​។ ខ្លាច​ដោយសារ​ពីរ​ចំណុច​៖ ទីមួយ​មន្ត្រី​នោះ​អាចជា​មន្ត្រី​«​តម្លាភាព​»​ក្នុង​ទី​ងងឹត និង​ទី​ពីរ មន្ត្រី​នោះ​អសមត្ថភាព​ក្នុង​ការងារ​របស់​ពួកគេ​។ ជារួម មន្ត្រី​មិន​ច្បាស់លាស់​ខ្លួនឯង មាន​បញ្ហា​ខ្លួនឯង ច្រើនតែ​គេច និង​ចាត់ទុក​អ្នកកាសែត​ជា​ភាវៈ​អាក្រក់​។ តាមពិត អ្នកកាសែត​ពិតប្រាកដ​ជួយ​សង្គមជាតិ​ច្រើនណាស់​។ មែនទែនទៅ ការងារ​របស់​អ្នកសារព័ត៌មាន គឺ​ជួយ​ដុះខាត់​សង្គម ជួយ​កែលម្អរ ជួយ​អប់រំ និង​ជួយ​រិះគន់​ស្ថាបនា​សង្គម​តើ​។ 
 
​សំណាង​៖ ចុះ​អ្នកសារព័ត៌មាន​ជេរ​គេ​ជេរ​ឯង ជួយ​សង្គម​ដែរ​អត់​? 
 
​សុធី​៖ អ្នកកាសែត​ដែល​គ្មាន​ការអប់រំ​បណ្តុះបណ្តាល​អាជីព​សារព័ត៌មាន​ពិតប្រាកដ គឺជា​អ្នក​បំផ្លាញ​សង្គម មិនមែនជា​អ្នក​ជួយ​សង្គម​ទេ​។ អ្នកសារព័ត៌មាន​ដើរ​សុំ​លុយ​គេ មិនមែន​អ្នកសារព័ត៌មាន​ទេ​។ ដូច្នេះ អ្នកសារព័ត៌មាន​ត្រូវ​ប្រឹងប្រែង​អភិវឌ្ឍ​ចំណេះដឹង​ខ្លួនឯង​ឲ្យ​កាន់​ខ្ពស់​។ បុគ្គល​ដែល​គ្មាន​ចំណេះដឹង​សារព័ត៌មាន គ្មាន​ចំណេះដឹង​ទូទៅ​ច្រើន មិនគួរ​ចាប់​អាជីព​សារព័ត៌មាន​ឡើយ​។ 
 
​សំណាង​៖ ចុះ​សម្តេច​ប្រកាសថា ក្រោយពេល​លោក​ចូលនិវត្តន៍ លោក​ប៉ង​ធ្វើជា​អ្នកសរសេរ​សៀវភៅ និង​ជា​គ្រូ​សារព័ត៌មាន អ្ហែង​យល់​ម៉េច​ដែរ ព្រោះ​លោក​អត់​មាន Background សារព័ត៌មាន​ផង​? 
 
​សុធី​៖ សំណាង អ្ហែង​សួរ​សំណួរ​នេះ​មក​អញ អញ​ពិបាក​ឆ្លើយ​ណាស់​។ អ្ហែង​គួរ​សួរ​ទៅ​សម្តេច​ប្រសើរ​ជាង​។ តែ​ទោះជា​យ៉ាងណា​ក៏​អញ​គិតថា ចំណេះដឹង និង​បទពិសោធន៍​របស់លោក​ពិតជា​អាច​ចូលរួមចំណែក​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ជូន​យុវជន និង​ក្មេងជំនាន់ក្រោយ​បានដែរ បើទោះបីជា​លោក​គ្មាន​ជំនាញ​សារព័ត៌មាន​ក៏ដោយ​។ ជាពិសេស​ទៅទៀត លោក​អាច​ចែករំលែក​បទពិសោធន៍​របៀប​ទំនាក់ទំនង និង​របៀប​ឆ្លងឆ្លើយ​ជាមួយ​អ្នកសារព័ត៌មាន​ដែរ​។ 
 
​សុធី និង សំណាង នៅ​ព្រឹក​នេះ ហាក់​មិនសូវ​ខ្ទាស់​គំនិត​គ្នា​ឡើយ ព្រោះ ពួកគេ​ជជែក​គ្នា​លើ​ប្រធានបទ​មួយ​ដែល​មិនមែនជា​ជំនាញ​របស់​ពួកគេ​។ មិត្តភក្តិ​ទាំងពីរ​បែក​គ្នា​ពី​ហាង​កាហ្វេ​នៅ​ម៉ោង​១០​ព្រឹក ហើយ​សន្យា​ជួបគ្នា​ទៀត​នៅ​ថ្ងៃស្អែក​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com