សុខភាព
អន្តរជាតិ
WHO ព្រមានថា ការរាលដាលវីរុសនៅចិនថ្មី អាចទៅរួច ទោះការចម្លងមានកម្រិត ប្រភពរូប៖ AFP
× អង្គការសុខភាពពិភពលោក ឬហៅកាត់ថា WHO បានព្រមានថា ទោះបីមានប៉ាន់ស្មានថា ការចម្លងពីមនុស្សទៅមនុស្សនៃវីរុសប្រភេទថ្មី (Coronaviruses) មានកម្រិតក៏ដោយក្តី វានៅតែអាចទៅរួចដែលថា វីរុសនេះ អាចផ្ទុះរាលដាល់កាន់តែធំ។
កូរ៉ូណាវីរុស (Coronaviruses) គឺជាអំបូរនៃវីរុសធំមួយ ដែលអាចបង្កឲ្យអ្នកជំងឺមានអការៈ ក្តៅខ្លួន ផ្តាសាយ ឈឺក្បាល ជាដើម។ ទោះអការៈនៃជំងឺនេះមានលក្ខណៈសាមញ្ញមែនពិត អ្នកជំងឺ អាចប្រឈមការស្លាប់ កាលណាវីរុសនេះ បំផ្លាញប្រព័ន្ធផ្លូវដង្ហើម។ មន្ត្រីសុខាភិបាលចិន បានអះអាងថា អំបូរវីរុស ស្រដៀងនឹងវីរុស SARS ដែលកាលពីឆ្នាំ ២០០២ និង២០០៣ សម្លាប់មនុស្សអស់ប្រមាណ៦០០នាក់។
«ផ្អែកតាមព័ត៌មានដែលយើងមានក្នុងដៃ វាមានលទ្ធភាពដែលថា វាមានកម្រិតក្នុងការចម្លងវីរុសនេះពីមនុស្សទៅមនុស្ស ដែលលទ្ធភាពខ្ពស់បំផុត ក្នុងចំណោមគ្រួសារអ្នកជំងឺផ្ទាល់។ ក៏ប៉ុន្តែ ពេលនេះ វាច្បាស់ណាស់ថា យើងមិនមានករណីឆ្លងពីមនុស្សទៅមនុស្សទេ»។ នេះជាការបញ្ជាក់របស់អ្នកស្រី Maria Van Kerkhove ប្រធានផ្នែកជំងឺកើតថ្មីរបស់អង្គការ WHO នៅថ្ងៃទី១៤ ខែមករា ។
ទោះជាបែបនេះក្តី អង្គារសុខភាពពិភពលោក កំពុងរៀបចំសម្រាប់លទ្ធភាពដែលអាចមានការរីករាលដាលកាន់តែធំ។ អ្នកស្រីប្រធាន បញ្ជាក់បែបនេះក្នុងសន្និសីទព័ត៌មានមួយក្នុងទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ តាមទីភ្នាក់ងារព័ត៌មាន AFP អ្នកស្រី Maria សង្កត់ធ្ងន់ថា ភ្លាមៗនេះ អង្គភាពអ្នកស្រី ពុំទាន់មានរូបភាពផ្នែកវេជ្ជសាស្ត្រច្បាស់នៅឡើយទេ។
គិតមកត្រឹមពេលនេះ ជំងឺពាក់ព័ន្ធប្រព័ន្ធផ្លូវដង្ហើម (pneumonia) ចំនួន ៤១ ករណី ត្រូវបានរាយការណ៍ក្នុងទីក្រុង វូហាន ភាគកណ្ដាលនៃប្រទេសចិន ។ ការធ្វើតេស្តបឋមនៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរកឃើញថា ករណីនេះ អាចបង្កឡើងដោយក៉ូរូណាវីរុសប្រភេទថ្មី។ អ្នកជំងឺម្នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត។
ដោយឡែក អាជ្ញាធរថៃ បានរកឃើញករណីជំងឺរលាកសួតដែលមិនស្គាល់អត្តសញ្ញាណកំពុងផ្ទុះនៅទីក្រុង Wuhan លើស្ត្រីជនជាតិចិនម្នាក់ ដែលធ្វើដំណើរមកពីចិន។ បើតាមការអះអាងរបស់ក្រសួងសុខាភិបាលថៃនៅថ្ងៃទី១៣ ខែមករា អ្នកជំនាញពិតជារកឃើញថា ស្ត្រីរូបនេះពិតជាមានផ្ទុកវីវុសថ្មី ដែលអាចបង្កឲ្យកើតជំងឺរលាកសួតធ្ងន់ធ្ងរនេះមែន។ ករណីនេះ គឺជាលើកទីមួយហើយ ដែលត្រូវបានគេរកឃើញនៅក្នុងក្រៅប្រទេសចិន៕
Tag:
WHO
វីរុសចិនថ្មី
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com