មេធាវីរដ្ឋាភិបាល៖ ប្រទេសដល់ទៅ៩ ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា
ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីរដ្ឋាភិបាល៖ ប្រទេសដល់ទៅ៩ ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា
15, Jan 2020 , 12:58 pm        
រូបភាព
លោក គី តិច មេធាវីតំណាងឲ្យរដ្ឋាភិបាល ប្រាប់អ្នកកាសែតថា មានប្រទេសដល់ទៅ៩ ដែលពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ការអះអាងរបស់លោក គឺធ្វើឡើងនៅមុខតុលាការរាជធានីភ្នំពេញ បន្ទាប់ពីលោក ចេញពីសវនាការរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។



ប្រទេសទាំង៩ ដែលលោកមេធាវី រៀបរាប់ប្រាប់អ្នកកាសែត គឺ ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្រ្តាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និង ឥណ្ឌា។ លោក បន្តថា ក្រៅពីប្រទេសទាំង៩ នៅមានអង្គការអន្តរជាតិ និងបុគ្គលជាជនបរទេសមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា។ តែ លោក ពុំបានលើកឡើងពីឈ្មោះរបស់អង្គការនិងបុគ្គលទាំងនោះឡើយ។ ម្យ៉ាងទៀត លោក ក៏មិនបានបញ្ជាក់ដែរ ថាតុលាការ នឹងហៅតំណាងប្រទេស អង្គការ និង បុគ្គលនោះ ទៅបំភ្លឺឬយ៉ាងណា។ 

លោក គី តិច បន្តថា ក្នុងនាមលោកជាមេធាវីតំណាងឲ្យរដ្ឋបាល (ដើមបណ្តឹង) លោក បានដាក់សំណើមួយទៅចៅក្រមជំនុំជម្រះ សុំឲ្យប្រើតួអក្សរ ធ្វើជាតំណាងឲ្យប្រទេស អង្គការ និង បុគ្គលទាំងនោះ នៅក្នុងការសរសេរកំណត់ហេតុ ឬក្នុងសាលក្រម។ លោក បញ្ជាក់ថា ការប្រើអក្សរជាតំណាងបែបនេះ នៅក្នុងសំណុំរឿងរបស់លោក កឹម សុខា គឺដើម្បីរក្សាទំនាក់ទំនងរវាងកម្ពុជា និងប្រទេសទាំងនោះ។

សំឡេងលោក គី តិច



លោកមេធាវី លើកឡើងថា ឥណ្ឌូណេស៊ី តាងដោយរដ្ឋក យូហ្គោស្លាវី តាងដោយរដ្ឋខ ស៊ែប៊ី តាងដោយរដ្ឋគ អូស្រ្តាលី តាងដោយរដ្ឋឃ អាមេរិក តាងដោយរដ្ឋង កាណាដា តាងដោយរដ្ឋច សហភាពអឺរ៉ុប តាងដោយរដ្ឋឆ តៃវ៉ាន់ តាងដោយរដ្ឋជ និង ឥណ្ឌា តាងដោយរដ្ឋឈ។ ចំណែក អង្គការនិងបុគ្គល ក៏ប្រើអក្សរតំណាងដែរ។ 

លោក កឹម សុខា រងពីបទសន្ទិដ្ឋិភាពជាមួយបរទេស​ ឬហៅថា បទគប់គិតជាមួយបរទេស​ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសនេះ ចាត់ចូលជាអំពើក្បត់ជាតិ។ 

តុលាការ ចោទប្រកាន់លោក កឹម សុខា ពីបទសន្ទិដ្ឋិភាពនេះ ដោយពឹងផ្អែកលើវីដេអូឃ្លីបមួយ ដែលលោកនិយាយក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកគាំទ្រ នៅប្រទេសអូស្ត្រាលី តាំងពីឆ្នាំ២០១៣ម្ល៉េះ។ ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក និយាយថា ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក រដ្ឋាភិបាល​អាមេរិក តែង​ហៅ​ទៅលោក​ជួប​ម្តង​ក្នុង​មួយឆ្នាំ ដើម្បី​ជជែក​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក ​បន្តថា រដ្ឋាភិបាល​អាមេរិក ឲ្យ​លោក យក​គំរូ​តាម​ប្រទេសយូ​ហ្គោ​ស្លា​វី និង ប្រទេសស៊ែ​ប៊ី ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​។ ​លើសពីនេះ លោក ថែមទាំង​អះអាងថា រដ្ឋាភិបាល​អាមេរិក បាន​ជួល​អ្នកជំនាញ​និង​សាស្ត្រាចារ្យ​ល្បីៗនៅ​អាមេរិក​និង​នៅ​កាណាដា ឲ្យ​ជួយ​ផ្តល់យោបល់​ជូន​លោក ពី​យុទ្ធសាស្ត្រ​នៃ​ការផ្លាស់ប្តូរ​មេដឹកនាំ​កម្ពុជា​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ ធ្វើតាម​ក្បួន មាន​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ  បើ​មិន​ជោគជ័យ​ទៀត ខ្ញុំ មិនដឹងថា​យ៉ាងម៉េច​ទេ​»។  

ក្រោយវីដេអូឃ្លីបនោះ ត្រូវបានបង្ហោះលើបណ្តាញសង្គម សមត្ថកិច្ច ក៏សម្រុកចូលទៅចាប់លោកដល់គេហដ្ឋាន នៅថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហ់ើយដឹកទៅឃុំនៅពន្ធនាគារត្រពាំងផ្លូងក្នុងខេត្តត្បូងឃ្មុំ។ 

លោក កឹម សុខា លើកឡើងថា វីដេអូឃ្លីបនោះ ត្រូវបានកាត់ជាកង់ៗ ដូច្នេះ លោក ស្នើឲ្យចៅក្រមជំនុំជម្រះ យកវីដេអូឃ្លីបទាំងស្រុង​ ទៅចាក់បញ្ចាំងក្នុងសវនាការ ដើម្បីឲ្យយល់ខ្លឹមសារទាំងមូល ដែលលោក និយាយ។ នេះបើតាម គី តិច ដដែល ដោយលោក បន្ថែមថា លោក កឹម សុខា បានទទួលស្គាល់ថា ខ្លួនពិតជាបាននិយាយក្នុងវីដេអូឃ្លីបនោះមែន។ 

អ្នកកាសែត ពុំបានសម្ភាសលោក កឹម សុខា ឡើយ ដោយលោក ចុះពីរថយន្តចូលទៅក្នុងតុលាការភ្លាម ហើយពេលចេញពីសវនាការ លោកក៏ឡើងរថយន្តតែម្តង។ លោក ត្រូវបន្តចូលសវនាការទៀត នៅរសៀលថ្ងៃទី១៥ ខែមករានេះ។ សវនការនេះ គ្រោងនឹងធ្វើឡើងរយៈពេល៣ខែឯណោះ ទើបអាចបញ្ចប់៕ 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម