អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ព្រមាន​ចិន​ដែល​ហ៊ាន​បំពាន​លើ​ដែន​កោះ Senkaku
15, Jan 2020 , 2:32 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិជប៉ុន តារ៉ូ កូណូ។ រូបភាព៖ Kyodo
រដ្ឋមន្រ្តីការពារជាតិជប៉ុន តារ៉ូ កូណូ។ រូបភាព៖ Kyodo
​ពី​ទឹកដី​សហរដ្ឋអាមេរិក លោក​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក តា​រ៉ូ កូ​ណូ (Taro Kono) នៅ​ថ្ងៃទី​១៤ ខែមករា បាន​ព្រមាន​ទីក្រុង​ប៉េកាំង​ចំៗ​ថា កុំ​ហ៊ាន​បំពាន​លើ​ដែន​អធិបតេយ្យ​របស់​ជប៉ុន និង​ទទូច​ឲ្យ​ចិន គោរព​តាម​បទដ្ឋាន​អន្តរជាតិ​។ ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការពារជាតិ​បែបនេះ គឺធ្វើឡើង​មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នាពេលខាងមុខ​។​


 
​កោះ Senkaku ជា​ភាសា​ជប៉ុន ឬ Diaoyu ជា​ភាសា​ចិន គឺជា​កូន​កោះ​តូចៗ ដែល​ស្ថិតនៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងកើត​។ នៅក្នុង​ដែន​កោះ​មួយ​នេះ ត្រូវបាន​គេ​រកឃើញថា គឺជា​ជ​ម្រុ​ង​ធនធានធម្មជាតិ​ដ៏​ច្រើន ដូចជា​ប្រេង ត្រី និង​ជា​ផ្លូវ​នាវាចរ​ដ៍​សំខាន់​មួយ​។ 
 
​ដោយ​មើលឃើញ​ពី​ការពង្រីក​ឥទ្ធិពល​ចិន​ច្រើនឡើងៗ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ  រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន តា​រ៉ូ ដែលមាន​វត្តមាន​នៅក្នុង​វេទិកា​ពិភាក្សា និង​ផ្តល់យោបល់​លើ​បញ្ហា​ផ្សេងៗ (Think Tank) នាទី​ក្រុង​វ៉ាស៊ីនតោន បាន​លើកឡើងថា ជប៉ុន មិនអាច​មិន​យក​ភ្នែក​មើល​សកម្មភាព​របស់​នា​វា​ចិន បំពាន​លើ​ប្រជុំ​កោះ​Senkaku នៅក្នុង​សមុទ្រ​ចិន​ខាងកើត ជា​ញយៗ​បានទេ​។ 
 
​បើតាម​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ចិន គួរតែ​គោរព​ទៅតាម​គោរព​បទដ្ឋាន​អន្តរជាតិ ដូចជា​សេរីភាព ប្រជាធិបតេយ្យ និង​បទបញ្ជា​ច្បាប់​ជាដើម ដែល​ប្រទេស​ជាច្រើន​អនុវត្ត ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​ផ្សេងៗ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក​រដ្ឋមន្ត្រី​ជប៉ុន​រូបនេះ បាន​ព្រមាន​ថា បើ​ចិន​នៅតែ​បំពាន​លើ​បទដ្ឋាន​អន្តរជាតិ​ទៀត ចិន​ត្រូវតែ​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​។ ប៉ុន្តែ​លោក តា​រ៉ូ មិនបាន​បញ្ជាក់ថា​ពី​ការទទួលខុសត្រូវ​នេះ ជា​អ្វី​ទេ​។ 
 
​បន្ទាប់ពី​វេទិកា​ពិភាក្សា និង​ផ្តល់យោបល់​លើ​បញ្ហា​ផ្សេងៗ នៅ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ និង​សិក្សា​អន្តរជាតិ លោក តា​រ៉ូ ត្រូវ​បន្ត​ភារកិច្ច​ទៅ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​នៅ​មន្ទីរ​បញ្ច​កោណ​ទៀត​។ ក្នុងជំនួប​នេះ ភាគី​ទាំងពី​បានលើកឡើង​ពី​បញ្ហា​មជ្ឈិមបូព៌ា ការបញ្ជូន​នាវាចម្បាំង និង​យន្តហោះ​យាមល្បាត​ទៅ​តំបន់​មជ្ឈិមបូព៌ា និង​បញ្ហា​នៅលើ​ឧបទ្វីប​កូរ៉េ​ជាដើម​។​
​សូមបញ្ជាក់ថា ពាក្យ​ព្រមាន​របស់​រដ្ឋមន្ត្រី​ការពារ​ជប៉ុន​ធ្វើឡើង មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក​ស៊ី ជិន​ភីង ទៅ​ជប៉ុន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​រឹតចំណង​មិត្តភាព និង​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​រវាង​ប្រទេស​ទាំងពីរ ៕

Tag:
 ជប៉ុន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com