ជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យអាជីវករលើឆ្នេរអូរត្រេះ រើតូបចេញ ដើម្បីរៀបចំសោភណភាព
× រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឲ្យអ្នកលក់ដូរលើអូរត្រេះ រុះរើតូបចេញ ដើម្បីក្រុមជំនាញរៀបចំសណ្ដាប់ធ្នាប់ កែលម្អសោភ័ណភាពឆ្នេរ សម្រាប់ពលរដ្ឋកម្សាន្ត។
កន្លងមក រដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានចេញលិខិតនិងណែនាំឲ្យរុះរើតូបលក់ដូរនៅឆ្នេរអូរឈើទាលនិងអូរត្រេះ ហើយអាជីវករ បានរុះរើតូប១២៦របស់ពួកគេ។ យ៉ាងណាក៏ដោយ តូបរបស់អាជីវករនៅឆ្នេរអូរត្រេះមួយចំនួននៅមិនទាន់បានរុះរើនៅឡើយ។ ចំណែកនៅតូបលក់ដូរនៅឆ្នេរអូរឈើទាល គឺអាជីវករ បានរើចេញអស់ហើយ។ នេះបើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗតាម Telegram នៅថ្ងៃទី១៤ មករា ឆ្នាំ២០២០។
លោក ឃាង ភារម្យ ថ្លែងដូច្នេះថា៖«នៅឆ្នេរអូឈើទាល១ ឆ្នេរអូរឈើទាល២ និងអូរត្រេះ មានតែឆ្នេរអូរឈើទាល១ប៉ុណ្ណោះ ដែលអាជ្ញាធរបានសាងសង់តូបថ្មីតាមស្ដង់ដារចំនួន៤៧តូប ទុកសម្រាប់ពលរដ្ឋលក់ដូរ»។
កាលពីថ្ងៃទី១៣ ខែមករា រដ្ឋបាលខេត្តព្រះសីហនុសេចក្ដីប្រកាសព័ត៌មាន ស្នើឲ្យពលរដ្ឋដែលលក់ដូរនៅអូរត្រេះ រុះរើតូបចេញ។ ប្រសិនបើមិនរុះរើ រដ្ឋបាលនឹងចាត់វិធានការចុះរុះរើ ដោយមិនទទួលការខុសត្រូវចំពោះការខូចខាតឡើយ៕
Tag:
ឆ្នេរអូរត្រេះ
រើតូប
© រក្សាសិទ្ធិដោយ thmeythmey.com