លោក កឹម សុខា សុំ​ឲ្យ​អង្គ​សវនាការ ចាក់​វីដេអូ​លោក​និយាយ​ទាំងស្រុង ដែលមាន​រយៈពេល​ជាង​មួយ​ម៉ោង​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា សុំ​ឲ្យ​អង្គ​សវនាការ ចាក់​វីដេអូ​លោក​និយាយ​ទាំងស្រុង ដែលមាន​រយៈពេល​ជាង​មួយ​ម៉ោង​
15, Jan 2020 , 4:20 pm        
រូបភាព
លោក កឹម សុខា ស្ថិតក្នុងរថយន្ត ពេលចេញពីសនាការនៃសាលាដំបូងរាជធានីភ្នំពេញ
លោក កឹម សុខា ស្ថិតក្នុងរថយន្ត ពេលចេញពីសនាការនៃសាលាដំបូងរាជធានីភ្នំពេញ
ដោយ: ថ្មីៗ
​ក្នុង​សវនាការ​លើកដំបូង នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ចៅក្រម និង លោក កឹម សុខា ប្រធាន​អតីត​គណបក្សប្រឆាំង មាន​ភស្តុតាង​រៀងខ្លួន ដោយ​ចៅក្រម ប្រើ​ភស្តុតាង ដើម្បី​ដាក់បន្ទុក ហើយ​លោក កឹម សុខា ប្រើ​ភស្តុតាង ដើម្បី​ដោះ​បន្ទុក​។


 
​ទាំង​ចៅក្រម ទាំង​លោក កឹម សុខា មាន​ភស្តុ​ង​ដូចគ្នា គឺ​វីដេអូ​ឃ្លី​ប ដែល​លោក កឹម សុខា ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៣ ដោយ​គ្រាន់តែ​វីដេអូ​ឃ្លី​ប​នៅក្នុង​ដៃ​ចៅក្រម មាន​រយៈពេល​ជាង​ពីរ​នាទី​ប៉ុណ្ណោះ តែ​វីដេអូ​ឃ្លី​បនៅក្នុង​ដៃ​លោក កឹម សុខា មាន​រយៈពេល​ជាង​មួយ​ម៉ោង​ឯណោះ ដោយ​អះអាងថា ជា​វីដេអូ​ឃ្លី​ប​ទាំងស្រុង​។ 
 
​ក្រោយ​ចាក​ចេញពី​សវនាការ លោក ចាន់ ចេ​ន មេធាវី​ម្នាក់​របស់លោក កឹម សុខា ប្រាប់​អ្នកកាសែត​ថា លោក កឹម សុខា ស្នើ​ឲ្យ​ចៅក្រម យក​វីដេអូ​ឃ្លី​ប​ទាំងស្រុង​នោះ ទៅ​ចាក់​ក្នុង​សវនាការ​។ បើតាមលោកមេធាវី លោក កឹម សុខា ប្រាប់​ចៅក្រម​ថា វីដេអូ​ឃ្លី​ប​របស់លោក ត្រូវ​សមត្ថកិច្ច យកទៅ​កាន់​ត​ជា​កង់ៗ ហើយ​ផ្គុំ​បញ្ចូល​គ្នា​។ 
 
​លោក​មេធាវី ថ្លែង​ដូច្នេះ​ថា​៖«​ចង់​បង្ហាញថា វីដេអូ​របស់​ឯកឧត្តម កឹម សុខា ដែលជា​ភស្តុតាង​ដោះ​បន្ទុក​ហ្នឹង មិនមែន​ខ្លី ដែលមាន​លក្ខណៈ​កាត់ត​កង់ៗ ដូច​ខាង​សមត្ថកិច្ច យកមក​ដាក់បន្ទុក​លើ​កូនក្តី​របស់​យើង​ទេ​»​។  លោក បន្តថា ចៅក្រម បាន​ទទួលយក​សំណើ​របស់លោក កឹម សុខា តែ​វីដេអូ​ឃ្លី​ប​ជាង​មួយ​ម៉ោង​នោះ មិនទាន់​យកទៅ​ចាក​ក្នុង​សវនាការ នៅថ្ងៃនេះ​ឬ​ថ្ងៃស្អែក​ទេ គឺ​នៅ​សប្តាហ៍​ក្រោយ​។ 
 
​នៅ​ថ្ងៃទី​១៥ ខែមករា​នេះ តុលាការ ចាប់ផ្តើម​ដំណើរការ​សវនាការ​លើ​លោក កឹម សុខា ហើយនឹង​បន្ត​នៅ​ថ្ងៃស្អែក​ទៀត​។ ក្នុង​មួយ​សប្តាហ៍ តុលាការ បើក​សវ​នាការលើ​លោក កឹម សុខា ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​។ តុលាការ គ្រោង​ប្រើពេល​៣​ខែ ក្នុងការ​បើកសវនាកា​រ​នេះ​។ 
 
​នៅ​ចំពោះមុខ​អ្នកកាសែត លោក​មេធាវី ចាន់ ចេ​ន យល់ថា សំណុំរឿង​របស់លោក កឹម សុខា គួរតែ​ដោះស្រាយ​តាមផ្លូវ​នយោបាយ ព្រោះ​សំណុំ​រឿងនេះ ពាក់ព័ន្ធ​នឹង​នយោបាយ​។ លោក ចង់​ឲ្យ​អ្នកនយោបាយ​ជជែក​គ្នា ជាជាង​ការប្រើ​យន្តការ​ច្បាប់​។ 
 
​លោក គី តិច មេធាវី​តំណាង​ឲ្យ​រដ្ឋាភិបាល ដែល​ធ្វើជា​ដើមបណ្តឹង ក្នុងសវនាការនេះ អះអាងថា សំណុំរឿង​របស់លោក កឹម សុខា ពាក់ព័ន្ធ​ជាមួយ​សហភាព​អឺរ៉ុប និង​ប្រទេស​៨​ទៀត រួមមាន ឥណ្ឌូណេស៊ី យូ​ហ្គោ​ស្លា​វី ស៊ែ​ប៊ី អូស្ត្រាលី អាមេរិក កាណាដា តៃវ៉ាន់ និង ឥណ្ឌា​។ លោក បន្តថា អង្គការ​អន្តរជាតិ និង បុគ្គល​ជា​ជនបរទេស​មួយចំនួន ក៏​ជាប់​ពាក់​ពន្ធ​ដែរ​។ តែ​លោក មិនបាន​បញ្ជាក់​ឡើយ ថា តុលាការ នឹង​ហៅ​តំណាង​ប្រទេស អង្គការ និង បុគ្គល​នោះ ទៅ​បំភ្លឺ​ឬ​យ៉ាងណា​។ 
 
​ក្នុង​វីដេអូ​ឃ្លី​បខ្លី​រយៈពេល​ជាង​ពីរ​នាទី​នោះ លោក កឹម សុខា និយាយថា ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក រដ្ឋាភិបាល​អាមេរិក តែង​ហៅ​លោក​ទៅជួប​ម្តង​ក្នុង​មួយឆ្នាំ ដើម្បី​ជជែក​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​ បន្ថែមថា រដ្ឋាភិបាល​អាមេរិក ឲ្យ​លោក យក​គំរូ​តាម​យូ​ហ្គោ​ស្លា​វី និង ស៊ែ​ប៊ី ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​។ 
 
​លើសពីនេះ លោក ថែមទាំង​អះអាងថា រដ្ឋាភិបាល​អាមេរិក បាន​ជួល​អ្នកជំនាញ​និង​សាស្ត្រាចារ្យ​នៅ​អាមេរិក​និង​នៅ​កាណាដា ឲ្យ​ជួយ​ផ្តល់យោបល់​ជូន​លោក ពី​យុទ្ធសាស្ត្រ​នៃ​ការផ្លាស់ប្តូរ​មេដឹកនាំ​កម្ពុជា​។ លោក បញ្ជាក់​ក្នុងវីដែអូខ្លីបដូច្នេះ​ថា​៖«​ខ្ញុំ ធ្វើតាម​ក្បួន មាន​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ  បើ​មិន​ជោគជ័យ​ទៀត ខ្ញុំ មិនដឹងថា​យ៉ាងម៉េច​ទេ​»៕ 

Tag:
 កឹម សុខា​
  សវនាការ​
  វីដេអូ​ឃ្លី​ប​
© រក្សាសិទ្ធិដោយ thmeythmey.com