អន្តរជាតិ
ខ្យល់កខ្វក់វាយលុយទីក្រុងបាងកកជាថ្មី រដ្ឋមន្ត្រីសុខាភិបាលថៃចង់ឲ្យបុគ្គលិកឯកជនធ្វើការនៅផ្ទះ រូបភាព៖ The Nation
× រដ្ឋមន្ត្រីសុខភាពសាធារណៈថៃ បានបង្ហើបគំនិតមួយ ដែលអនុញ្ញាតឲ្យបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់ មានសិទ្ធិធ្វើការនៅផ្ទះ តាមថ្ងៃកំណត់មួយចំនួន ដើម្បីកាត់បន្ថយការបញ្ចេញខ្យល់កខ្វក់ចូលទៅក្នុងបរិយាកាស។ នេះបើតាមសរសេរនៅក្នុងបណ្តាញសង្គម Facebook របស់រដ្ឋមន្ត្រីសុខភាពសាធារណៈថៃ លោក Anutin Charnvirakul នៅថ្ងៃទី១៤ ខែមករា។
ចាប់តាំងពីបើកទំព័រឆ្នាំថ្មីមក ខ្យល់កខ្វក់ បានចាប់វាយលុកទីក្រុងបាងកកជាថ្មី។ គ្រាន់តែនៅថ្ងៃទី១០ ខែមករា គឺមានកម្រិតខ្យល់ពុល PM2.5 ដែលស្ថិតក្នុងកម្រិតចាប់ពី ៤៦ ដល់ ១០៦មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូបឯណោះ។ ជាធម្មតា ខ្យល់ពុល PM2.5 មិនត្រូវលើសពី ៥០មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូបទេ។ ក្នុងន័យនេះ មានកន្លែងខ្លះនៅក្នុងទីក្រុងបាងកក កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ រដ្ឋមន្ត្រីសុខភាពសាធារណៈថៃ Anutin Charnvirakul នៅថ្ងៃទី១៤ ខែមករា បានលើកឡើងថា ក្រុមហ៊ុនឯកជន គួរតែអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួន ធ្វើការនៅផ្ទះ ជាជាងទៅក្រុមហ៊ុន ដើម្បីកាត់បន្ថយការប្រើប្រាស់យានយន្ត និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលចូលទៅក្នុងបរិកាស។ បើតាមលោក Anutin ប្រសិនបើក្រុមហ៊ុនឯកជនធ្វើបែបនេះមែន បុគ្គលិកអាចកាត់បន្ថយការប្រើប្រាស់យានយន្ត និងកាត់បន្ថយការចំណាយលើថ្លៃធ្វើដំណើរទៀត។ ជាពិសេស វាថែមទាំងអាចកាត់បន្ថយខ្យល់ពុលPM2.5 នៅក្នុងទីក្រុងបានថែមទៀត។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីសុខភាពរូបនេះ ក៏បានបញ្ជាក់ដែរថា ការអនុញ្ញាតឲ្យបុគ្គលិកឯកជនធ្វើការនៅផ្ទះ គឺធ្វើឡើងតាមថ្ងៃកំណត់តែប៉ុណ្ណោះ។ ជាឧទាហរណ៍ បុគ្គលិកអាចសម្រាកធ្វើការនៅផ្ទះបានតែថ្ងៃសៅរ៍ ឬថ្ងៃជាក់លាក់ណាមួយតែប៉ុណ្ណោះ មិនមែនធ្វើការនៅផ្ទះរាល់ថ្ងៃទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
បន្ថែមពីលើនេះ លោក Anutin ក៏បានលើកឡើងពីបុគ្គលិករដ្ឋផងដែរ។ ក្នុងនោះលោក បានអះអាងបុគ្គលិករដ្ឋ មិនទាន់អាចធ្វើការនៅផ្ទះបានទេ ព្រោះវាខុសច្បាប់ ប៉ុន្តែវាទាល់តែមានការធ្វើវិសោធនកម្មច្បាប់ជាមុនសិន ទើបអាចធ្វើទៅបាន។ បើតាមខ្លឹមសារលើបណ្តាញFacebook លោករដ្ឋមន្ត្រីក៏បានបញ្ចុះបញ្ជូលឲ្យសម្ពន្ធភាពរបស់រដ្ឋាភិបាល គាំទ្រវិសោធនកម្មច្បាប់សម្រាប់បុគ្គលិករដ្ឋអាចធ្វើការនៅផ្ទះបានផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ ទីក្រុងបាងកក បានរងគ្រោះដោយសារតែខ្យល់កខ្វក់ស្ទើរតែពេញមួយឆ្នាំ។ ដើម្បីកាត់បន្ថយជាតិពុលនេះ រដ្ឋាភិបាលបានបង្កើតវិធានការផ្សេងៗដូចជា កាត់បន្ថយយានយន្តនៅក្នុងទីក្រុង បិទសាលារៀន បង្កើតភ្លៀងសិប្បនិម្មិតជាដើម។ ជាពិសេសរដ្ឋាភិបាលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ផងដែរ ដើម្បីការពារសុខភាពរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com