បទយកការណ៍ / បទសម្ភាសន៍
អន្តរជាតិ
​តើ​ច្បាប់​អន្តរជាតិ​មាន​តួនាទី​អ្វី​ក្នុងការ​ទប់ស្កាត់​សង្គ្រាម​រវាង​អាមេរិក និង​អ៊ីរ៉ង់​?
15, Jan 2020 , 10:19 pm        
រូបភាព
​ការបន្ត​ប្រឈមមុខ​ដាក់គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់​ធ្វើ​ឲ្យ​មានការ​លើកឡើង​ជា​សំណួរ​ចំពោះ​តួនាទី​របស់​ច្បាប់​អន្តរជាតិ​ក្នុងការ​ចូលរួមចំណែក​ធានា​ដោះស្រាយ ឬ​បញ្ចៀស​ជម្លោះ​ប្រដាប់អាវុធ​រវាង​គូភាគី​។ ម្យ៉ាង​សម្រាប់​អ្នកច្បាប់​អន្តរជាតិ ភាពស្របច្បាប់​ក្នុងការ​ប្រើប្រាស់​កម្លាំង​សម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉់ង់​នៅលើ​ទឹកដី​អ៊ីរ៉ាក់​ក្នុង​គោលដៅ​ការពារ​ខ្លួន​នោះ​ហាក់​ស្ថិតក្នុង​ស្ថានភាព​ស្រពេចស្រពិល​នៅឡើយ​។​

 
​ដើម្បី​ជ្រាប​ឲ្យ​បាន​លម្អិត សូម​អាន​បទសម្ភាសន៍​ខាងក្រោម​រវាង​លោក សៅ ផល​និស្ស័យ​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ផល ពិសាល អ្នកជំនាញ​ច្បាប់​អន្តរជាតិ​។ បច្ចុប្បន្ន​លោក ជា​អនុប្រធាន​សមាគម​សាលា​ត្រាជូ និង​ជា​គ្រូឧទ្ទេស​នីតិ​អន្តរជាតិ​សាធារណៈ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ (DIS) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ លោក​បានបញ្ចប់​ការសិក្សា​ក្នុង​ឯកទេស​នីតិ​សមុទ្រ និង​ការកំណត់​ព្រំដែន​សមុទ្រ​នៃ​សាកលវិទ្យាល័យ Jean Moulin Lyon 3 ប្រទេស​បារាំង​។ 
 
​សៅ ផល​និស្ស័យ​៖ បញ្ហា​ប្រឈម​គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់​នៅតែ​បន្តធ្វើ​ឲ្យ​ពិភពលោក​ព្រួយបារម្ភ​ខ្លាំង​។ គេ​បារម្ភ​ថា សង្គ្រាម ឬ​ជម្លោះ​ប្រដាប់អាវុធ​ណាមួយ​នឹង​អាច​កើតមានឡើង និង​បង្ក​អសន្តិសុខ និង​គ្រោះមហន្តរាយ​ថែម​ទៀតផង​។ តើ​អ្វី​ជា​តួនាទី​របស់​ច្បាប់​អន្តរជាតិ​ក្នុងការ​បន្ធូរបន្ថយ​បញ្ហា ឬ​បញ្ចៀស​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​អាច​បង្កដោយ​ជម្លោះ​នេះ​?
 
​លោក ផល ពិសាល​៖ ច្បាប់​អន្តរជាតិ ជា​យន្តការ​តែមួយគត់ ដែល​ដើរតួនាទី​ក្នុងការ​រារាំង និង​ទប់ស្កាត់​ការវិល​មកវិញ​នូវ​សង្គ្រាម វិនាសកម្ម និង​អសន្តិសុខ​នានា​លើ​ពិភពលោក និង​ជាពិសេស​ក្នុងការ​ដោះស្រាយ​ជម្លោះ រវាង​អាមេរិក និង​អ៊ីរ៉ង់​។ គួរ​គូសបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​វិនាសកម្ម និង​មហន្តរាយ​យ៉ាង​ខ្លោចផ្សា​ឥត​គណនា​ដែល​បង្កឡើង​ដោយ​សង្គ្រាមលោក​ទាំងពីរ​លើក សហគមន៍​អន្តរជាតិ​បាន​មូលមតិ​ឯកភាពគ្នា​ក្នុងការ​បង្កើត​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ (​ឬ​ប្រកាន់ខ្ជាប់​ច្បាប់​អន្តរជាតិ​ជាធំ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​) ក្នុងការ​ថែរក្សា ការពារ និង​ស្តារ​សុខសន្តិភាព​ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក​។ ជាក់ស្ដែង ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ឆ្នាំ ១៩៤៥ ដែល​ផ្ទុក​ទៅដោយ​បទដ្ឋាន​ទំនៀមទម្លាប់​អន្តរជាតិ​ជាច្រើន បាន​ហាមឃាត់​ការប្រើប្រាស់​កម្លាំងយោធា ឬ​កម្លាំងប្រដាប់អាវុធ​ដើម្បី​ជា​មធ្យោបាយ​ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​អធិប​តយ្យ ដោយ​ជំនួស​មកវិញ​នូវ​ការទទូច​អោយមាន​ការគោរព​គោលការណ៍​គ្រឹះ​ស្ដីពី​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ។

ពោល គឺ រដ្ឋ​ភាគី​ជម្លោះ​ទាំង​អាមេរិក និង​អ៊ីរ៉ង់ មាន​កាតព្វកិច្ច​ដោះស្រាយ​វិវាទ តាម​ជម្រើស​ធំៗ​ពីរ គឺ​ទី​១ ការដោះស្រាយ​ជម្លោះ​តាមរយៈ​មធ្យោបាយ​ការទូត ដែលមាន​ការចរចា ការសម្របសម្រួល ការ​ស៊ើប​អ​ង្កេត ការសម្រុះសម្រួល និង​សន្ធានកម្ម​។ ទី​២ ការដោះស្រាយ​ជម្លោះ​តាមរយៈ​យុត្តាធិការ​អន្តរជាតិ ដែលមាន​ដូចជា ម​ជ្ឈ​ត្ត​ការ (​ទម្រង់​ជា​អាជ្ញាកណ្តាល​) និង​តុលាការអន្តរជាតិ​។ ក្នុង​ក្របខណ្ឌ​ខាងលើនេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក្នុងឋានៈ​ជា​ស្ថាប័ន​កំពូល​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​ពិភពលោក ដើរតួនាទី​ជា​អន្តរការី​ចម្បង ក្នុង​ការផ្តល់​អនុសាសន៍​សមស្រប​ណាមួយ ដើម្បី​បន្ធូរ​ប​ន្ថយ​ភាព​តានតឹង និង​បង្ការ​ការប្រឈមមុខ​ដា​ក់​គ្នា​រវាង​ភាគី​ជម្លោះ​, បើទោះបីជា​ស្ថាប័ន​កំពូល​នេះ ជារឿយ​ទទួលរង​ការ​រិះគន់ថា​អសមត្ថភាព​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​បិទ​បញ្ចប់​ជម្លោះ (​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ស៊ី​រី លី​បី​, វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​ជាដើម​) និង​ត្រូវបាន​ប្រើប្រាស់​ជា​ខែល​ការពារ​ផលប្រយោជន៍​ប្រទេស​មហា​អំណាច​ក្តី ។ 

ជាក់ស្តែង​នាពេល​ថ្មីៗ​នេះ ក្រុមប្រឹក្សាសន្តិសុខ ដោយមាន​អ្នកតំណាង​ពី​អាមេរិក (​អ្នកតំណាង​អ៊ីរ៉ង់​អវត្តមាន បន្ទាប់ពី​ត្រូវបាន​ជំទាស់​ពី​អាមេរិក​ក្នុងការ​ទទួលបាន​ទិ​ដ្ឋាការ​) បាន​បើក​ការប្រជុំ​ជាបន្ទាន់​មួយ និង​បាន​អះអាង​ឡើងវិញ​នូវ​សារៈសំខាន់​នៃ​ការគោរព​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដែលជា​ច្បាប់​ធម្មនុញ្ញ​កំពូល​របស់​ពិភពលោក ក្នុងទិសដៅ​ថែរក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ ក៏ដូចជា​ការ​រិះរក​មធ្យោបាយ​សប​ស្រប​មួយ​ស្ដីពី​វ​ប​ត្តិ​អាមេរិក​-​អ៊ីរ៉ង់​។​
 
​សៅ ផល​និស្ស័យ​៖ តើ​ជម្លោះ​បែបនេះ​អាច​ដោះស្រាយបាន​នៅ​តុលាការអន្តរជាតិ ឬ​អង្គការសហប្រជាជាតិ​ដែរ​ឬ យ៉ាងណា​? 
 
​លោក ផល ពិសាល​៖ ដូច​ដែលមាន​រៀបរាប់​ពី​ខាងលើ គូភាគី​ទាំងពីរ ពិតជា​អាច និង​គួរ​ពិចារណា​ពី​ជម្រើស​ប្តឹងទៅ​តុលាការអន្តរជាតិ ជាពិសេស តុលាការ​យុត្តិធម៌​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេ ដែលជា​ស្ថាប័ន​យុត្តិធម៌​កំពូល​នៅក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។ សូម​គូសបញ្ជាក់​ផងដែរ​ថា ទាំង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ធ្លាប់ប្រើ​ប្រាស់​យន្តការ​នេះ ប្រឆាំងនឹង​គ្នា​ទៅវិញទៅមក នៅក្នុង​ជម្លោះ​ផ្សេងៗ​គ្នា ។ ជាក់ស្តែង គេ​នៅចាំ​មិន​ភ្លេច​នោះទេ ពី​សំណុំរឿង​ដ៏​ចម្រូងចម្រាស់​មួយ​កាលពី​ឆ្នាំ​១៩៧៩ ដែល​អ្នកការទូត​អាមេរិក​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​នៅ​ទីក្រុង​តេ​អ៊ី​រ៉ង់ ដែល​សហរដ្ឋអាមេរិក បាន​ប្តឹង​អ៊ីរ៉ង់​ពីបទ​រំលោភបំពាន​ច្បាប់​អន្តរជាតិ​ស្ដីពី​កិច្ចការពារ​បេសកកម្ម​កា​រ​ទូត និង​កុងស៊ុល​។ អ៊ីរ៉ង់ ក៏​ធ្លាប់ និង​កំពុង​ប្រើម​ធ្យោ​យ​បាយ​ដូចគ្នានេះ ប្រឆាំង​សហរដ្ឋអាមេរិក ក្នុង​សំណុំរឿង​ចំនួន​៤ ផ្សេងគ្នា ហើយ​ដែល​ក្នុងនោះ មាន​សំណុំរឿង​២ កំពុង​មានដំណើរ​នីតិវិធី​នៅ​ចំពោះមុខ​តុលាការ​ទីក្រុង​ឡាអេ ស្ដីពី​ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ និង​វិធានការណ៍​បង្កក​ទ្រ​ព​សម្បត្តិ​នានា​របស់​អ៊ីរ៉ង់ ដោយ​អាមេរិក​។ ដូចនេះ វា​មិនមែនជា​រឿង​ចម្លែក​នោះទេ នៅក្នុង​ប្រវត្តិ​ទំនាក់​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ​ក្នុងការ​ប្តឹង​តុលាការអន្តរជាតិ ជាពិសេស​តុលាការ​យុ​ត្តិ​អន្តរជាតិ​ទីក្រុង​ឡាអេ ប្រសិនបើ​ប្រទេស​ទាំងពីរ​ព្រមព្រៀងគ្នា​ធ្វើ​យ៉ាង​ដូច្នោះ​។ 
 
​លោក សៅ ផល​និស្ស័យ​៖ ភាព​តានតឹង​កើតឡើង​ក្រោយ​ការធ្វើឃាត​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​អ៊ឺ​រ៉ង់​នៅលើ​ទឹកដី​អ៊ីរ៉ាក់​ដោយ​សហរដ្ឋអាមេរិក​។ មានការ​ជជែក​ដេញដោល​ពី​ភាពស្របច្បាប់​នៃ​ការសម្រេចចិត្ត​នេះ តែ​អាមេរិក​អះអាងថា ជាការ​ការពារ​ខ្លួន ដោយ​លើកយក​មាត្រា ៥១​នៃ​ធម្មនុញ្ញ​សហប្រជាជាតិ​ជា​សម្អាង​។ តើ​ការសម្លាប់​ល្មើស​នឹង​ច្បាប់​អន្តរជាតិ​ឬ​យ៉ាងណា​? 
 
​លោក ផល ពិសាល​៖ ជាគោលការណ៍ ការប្រើប្រាស់​កម្លាំងយោធា ឬ​កម្លាំងប្រដាប់អាវុធ​ដើម្បី​ជា​មធ្យោបាយ​ដោះស្រាយ​ជម្លោះ ត្រូវបាន​ហាមឃាត់​ក្រោម​ច្បាប់​ទំនៀមទម្លាប់​អន្តរជាតិ​។  ក៏ប៉ុន្តែ មាត្រា ៥១ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ អនុញ្ញាតអោយ​មានការ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ នៅក្នុង​ករណី​ពិសេស​ដែល​ចាំបាច់​បំផុត ដើម្បី​ជា​មធ្យោបាយ​ការពារ​ខ្លួន ក្នុងន័យ​តបត​ប្រឆាំងនឹង​ការរំលោភបំពាន​ខុសច្បាប់​ណាមួយ​។ និយាយ​មួយបែប​ផ្សេងទៀត សិទ្ធិ​ការពារ​ខ្លួន​ស្របច្បាប់ ឬ​ការពារ​ខ្លួន​ដោយ​ធម្មានុរូប ជា​ករណី​លែ​កលែង​នៃ​គោល​កាណ៍​ស្ដីពី​ការហាមឃាត់​ការប្រើប្រាស់​កម្លាំងយោធា ឬ​កម្លាំងប្រដាប់អាវុធ​។ ចំណែក ភាពស្របច្បាប់ ឬ​មិន​ស្របច្បាប់ គឺ​អាស្រ័យ​លើ​ការបំពេញ​លក្ខខណ្ឌ​មួយចំនួន ដែល​ពុំទាន់​មានការ​ឯកភាព​នៅឡើយ​ក្នុង​រង្វង់​អ្នកច្បាប់​អន្តរជាតិ​។ លក្ខខណ្ឌ​ទាំងនោះ​មានដូចជា​៖ ទី​១ វត្តមាន​នៃ​ការវាយប្រហារ​ដោយ​កម្លាំងប្រដាប់អាវុធ រឺ​សកម្មភាព​ខុសច្បាប់​ណាមួយ។  ទី​២ ភាពចាំបាច់​នៃ​ការប្រើប្រាស់​កម្លាំង ដែលជា​សកម្មភាព​តប​ត ទៅនឹង​ការវាយប្រហារ​នោះ ដើម្បី​ជា​មធ្យោបាយ​តែមួយគត់​ក្នុងការ​ការពារ​ប្រយោជន៍​ស្របច្បាប់​ណាមួយ។ ទី​៣ សកម្មភាព​តបត​នោះ ត្រូវមាន​ភាព​សមាមាត្រ​ទៅនឹង​ការវាយប្រហារ​ខាងលើ ទី​៤ ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​
 
​ចំណុច​ដែលមាន​ការខ្វែងគំនិត​គ្នាច្រើន​ជាងគេ គឺ​ចំណុច​ទី​១ ស្ដីពី​វត្ត​មាននៃ​ការវាយប្រហារ​ដោយ​កម្លាំងប្រដាប់អាវុធ រឺ​សកម្មភាព​ខុសច្បាប់​ណាមួយ​។ 
 
​ត្រង់ចំណុច​នេះ សហរដ្ឋអាមេរិក ធ្លាប់បាន​បកស្រាយ ម្តង​រួចមកហើយ ដើម្បី​ផ្តល់​ភាពស្រប់ច្បាប់​អោយ​អន្តរាគមន៍​យោធា​របស់ខ្លួន​នៅក្នុង​សង្គ្រាម​អ៊ីរ៉ាក់ ឆ្នាំ​២០០៣​។ ជាក់ស្តែង តាមរយៈ​ទ្រឹស្ដី​ប៊ូ​ស បង្កើត​ដោយ​ប្រធានាធិបតី ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស ការពារ​ខ្លួន​ស្របច្បាប់ មិនចាំបាច់​ទាល់តែ​មាន​កិច្ច ឬ​សកម្មភាព​វាយប្រហារ​ជាមុន​នោះទេ ដែល​អនុញ្ញាត​អោយមាន​ការតបត​។ ផ្ទុយទៅវិញ ភាគី​ដែល​សម្រេចចិត្ត​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​នេះ គ្រាន់តែ​ត្រូវ​ផ្តល់​អំណះអំណាង​ថា ខ្លួន​ស្ថិតនៅក្នុង​ស្ថានភាព​ទទួល​រង​ការគំរាមកំហែង​ខាង​ផ្នែក​សន្តិសុខ​ជាតិ ឬ​ក្នុង​កាលៈទេសៈ​ដែល​អាច​ដឹង​ទុកជាមុន​ថា អាច​នឹងមាន​ការវាយប្រហា​រណា​មួយ​មកដល់​ឆាប់ៗ​។ ត្រង់ចំណុច​នេះ គេ​ឃើញថា អាមេរិក ធ្លាប់​ចាញ់ក្តី​ម្តង​រួម​មកហើយ ក្នុង​សំណុំរឿង​អន្តរាគមន៍​យោធា​អាមេរិក ក្នុង​ទឹកដី​នី​ហ្កា​រ៉ា​កា​ដោយ​មិនអាច​បញ្ចុះបញ្ចូល​ចៅក្រម​អន្តរជាតិ​អោយទទួល​ស្គាល់​សិទ្ធិ​ការពារ​ខ្លួន​ស្របច្បាប់​របស់ខ្លួន​។​
 
​តាម​ទស្សនៈ​ផ្ទាល់ខ្លួន ការសម្លាប់​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​អ៊ឺ​រ៉ង់​នៅលើ​ទឹកដី​អ៊ីរ៉ាក់ ពិតជា​ពិបាក​ក្នុងការ​បញ្ជាក់​ពី​ភាពស្របច្បាប់​ណាស់ ពីព្រោះថា លក្ខខណ្ឌ​ទី​១ ទំនង​មិន​ត្រូវបាន​បំពេញ នេះ​បើ​យោងទៅតាម​យុត្តិសាស្ត្រ​(​សេចក្តីសម្រេច​មុនៗ​​) ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​ទ្រឹស្តី​យល់ឃើញ​ភាគច្រើន​របស់​អ្នកច្បាប់​អន្តរជាតិ​។ 
 
​លើសពីនេះ ប្រសិនបើ​គ្មាន​ការវាយប្រហារ​ជាមុន លក្ខខណ្ឌ​ទី​៣​ស្ដីពី​ភាព​សមាមាត្រ​រវាង​សកម្មភាព​វាយប្រហារ និង​សកម្មភាព​វាយ​តបត នឹង​រឹតតែ​លំបាក​បំពេញ​ទៅទៀត ពីព្រោះថា​គេ​នឹង​មិនអាច​បញ្ជាក់​ពី​សមាមាត្រ​ភាព ឬ​អ​សមាមាត្រ​ភាព​បាន​នោះទេ ប្រសិនបើ​គេ​ពុំ​បានដឹង​ជាមុន​ពី​ទំហំ ឬ​ក​ម្រិត​នៃ​ការវាយប្រហារ​ដំបូង​ដែលជា​លក្ខខណ្ឌ​ទី​១ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​វាស់​ស្ទង់​ទំហំ ឬ​កម្រិត​នៃ​ការ​វាយតប ឬ​តបត​នោះ​។ ត្រង់នេះ គេ​មិនទាន់​និយាយ​ពី ការមិន​បំពេញ​កាតព្វកិច្ច​ពី​សំណាក់​អាមេរិក ក្នុងការ​រាយការណ៍​ជូន​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អំពី​ការអនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​ស្របច្បាប់​នេះ​។ ជាក់ស្តែង អាមេរិក​ទំនងជា​អាក់ខាន​ក្នុងការ​រាយការណ៍​ជា​មុខ ស្តីពី​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com