ជាតិ
ក្រសួង​អប់រំ រើស​គ្រូ​បង្គោល​៨០​នាក់ សម្រាប់​បណ្ដុះបណ្ដាល​គ្រូ​មធ្យមសិក្សា
16, Jan 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង កីឡា ប្រកាស​ជ្រើសរើស​គ្រូ​បង្គោល​៨០​នាក់ សម្រាប់​បណ្ដុះបណ្ដាល​គ្រូ ដែល​បង្រៀន​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ លើ​មុខវិជ្ជា​៦ គឺ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា និង ព័ត៌មានវិទ្យា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្ងៃទី​១៣ ខែមករា​។​


 
​សម្រាប់​លក្ខខណ្ឌ​ក្នុងការ​ជ្រើសរើស គ្រូ​បង្គោល ត្រូវមាន​ក្របខណ្ឌ​កម្រិត​ឧ​ត្ត​ម និង​កំពុង​បម្រើ​ការងារ​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ និង​គ្រូឧទ្ទេស​ថ្នាក់ជាតិ​។ គ្រូ​បង្គោល ត្រូវមាន​សញ្ញាបត្រ​ចាប់ពី​បរិញ្ញាបត្រ​ជាន់ខ្ពស់​ឡើងទៅ លើ​មុខវិជ្ជា​ដែល​ជ្រើសរើស និង​មានបទពិសោធន៍​បង្រៀន​យ៉ាងតិច​៥​ឆ្នាំ​។ 
 
​គ្រូ​បង្គោល ត្រូវ​ចេះ​ភាសា​អង់គ្លេស និង​មាន​ជំនាញ​ផ្នែក​កុំព្យូទ័រ​ច្បាស់លាស់​។ គ្រូ​បង្គោល ក៏​ត្រូវមាន​វិជ្ជាជីវៈ​ខ្ពស់ ក្នុងការ​បំពេញការងា​រ និង​មាន​សីលធម៌​ល្អ រួមទាំង​គោរព​ពេលវេលា​ផងដែរ​។​
​សម្រាប់​អ្នក​ដែលមាន​ចំណាប់អារម្មណ៍ អាចបំពេញ​ពាក្យ និង​ភ្ជាប់​មកជា​មួយ​នូវ​ជីវប្រវត្តិ​សង្ខេប រូបថត សញ្ញាបត្រ​ជាន់ខ្ពស់​ជា​ច្បាប់​ចម្លង និង​ត្រូវមាន​វិញ្ញាបនបត្រ​រដ្ឋបាល​បញ្ជាក់​ផងដែរ​។ ក្រសួង ប្រាប់​ឲ្យ​បេក្ខជន ទៅ​ទទួល​ពាក្យ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដោយ​ត្រូវ​ផុតកំណត់​ការទទួល​ពាក្យ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០​។ 
 
​ក្នុងការ​ជ្រើសរើស បេក្ខជន ក៏ត្រូវ​ឆ្លងកាត់​ការសម្ភាស នៅ​ថ្ងៃទី​២០ ខែមករា ហើយ​លទ្ធផល​នឹង​ចេញ​ក្រោយ​ការសម្ភាស​រយៈពេល​១​សប្ដាហ៍​៕ 
 

Tag:
 គ្រូ​បង្គោល​
© រក្សាសិទ្ធិដោយ thmeythmey.com