កីឡាជាតិ
ជាតិ
បឹងកេតត្រូវប្រជែងជាមួយក្រុមមកពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ីក្នុងពាន Edy Rahmayadi Cup លោក Apisit Im Amphai គ្រូបង្វឹកបឹងកេត
× ក្លិបបាល់ទាត់បឹងកេតត្រូវប្រជែងជាមួយក្រុមចំនួន៣មកពីម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី ដើម្បីដណ្តើមជើងឯកក្នុងពានរង្វាន់អន្តរជាតិ Edy Rahmayadi Cup 2020 នៅប្រទេសឥណ្ឌូណេស៊ី។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០២០។ នេះជាការប្រកួតមួយដ៏ល្អសម្រាប់បឹងកេត ដើម្បីពង្រឹងនិងវាស់ស្ទង់សមត្ថភាពកីឡាករសម្រាប់ត្រៀមមុនបើករដូវកាលថ្មី។
ក្រុមបឹងកេតក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិថៃ Apisit Im Amphai បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកក្នុងពានរង្វាន់ Edy Rahmayadi Cup 2020។ តាមការចាប់ឆ្នោតក្រុមជើងឯកលីគកំពូលពីរសម័យកាលមួយនេះ ត្រូវប្រជែងជាមួយក្រុមរបស់ម៉ាឡេស៊ី Penang FA នៅថ្ងៃទី១៦ មករា ខណៈក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី PSMS Medan ប៉ះជាមួយ Felda United។
ការប្រកួតនេះធ្វើឡើងតែ១ជើងប៉ុណ្ណោះ ពោលគឺក្រុមដែលឈ្នះក្នុងការប្រកួតទាំងពីរ នឹងឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ខណៈក្រុមចាញ់ប្រជែងគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ៣។
ជាការប្រកួតដណ្តើមពានមិត្តភាពអន្តរជាតិក៏ពិតមែន តែវាជាការប្រកួតមួយដ៏ល្អសម្រាប់បឹងកេត ដើម្បីពង្រឹងនិងវាសស្ទង់សមត្ថភាពកីឡាករមុនត្រៀមប្រជែងដណ្តើមជើងឯកក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ និងពានសម្តេច ហ៊ុន សែន ក្នុងរដូវកាលថ្មី។ ការប្រកួតនេះ ក៏ជាឱកាសរបស់បឹងកេត ដើម្បីមើលជើងលេងរបស់កីឡាករថ្មី និងការដឹកនាំរបស់លោក Apisit Im Amphai ដែលទើបតែងតាំងជាគ្រូបង្វឹកជំនួសលោក ហៅ សុជាតិ ដែលដំឡើងជានាយកបច្ចេកទេសគ្រប់គ្រងនិងអភិវឌ្ឍយុវជនផងដែរ៕
Tag:
បាល់ទាត់
បឹងកេត
Edy Rahmayadi Cup
© រក្សាសិទ្ធិដោយ thmeythmey.com